តម្លៃ​ប្រេង​កើនឡើង មិន​មាន​ន័យ​ថា​ទីផ្សារ​មាន​ស្ថិរភាព​នោះ​ទេ

សហរដ្ឋអាមេរិក ៖ អគ្គនាយកដ្ឋាន​ព័ត៌មាន​ថាមពល​អា​មេ​រិ​កបាន​ដំឡើង​ការ​ព្យាករ​របស់​ខ្លួន​លើ​តម្លៃ​ប្រេង​ជា​មធ្យម​១​ដុល្លារ និង​៣​ដុល្លារ​ក្នុង​១​បារ៉ែល​សម្រាប់​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​របាយការណ៍​ទស្សនវិស័យ​ថាមពល​រយៈពេល​ខ្លី​ប្រចាំខែ បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

យោង​តាម​ការ​ព្យាករ​ថ្មី​និយាយ​ថា តម្លៃ​ប្រេង​ជា​មធ្យម​នៅ​ក្នុង​ឆ្នាំ​២០១៦ នឹង​មាន​តម្លៃ​៤៣​ដុល្លារ​ក្នុង​មួយ​បារ៉ែល និង​៥២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ឆ្នាំ​២០១៧ ។ ក្នុង​នោះ​តម្លៃ​ប្រេង​ប្រភេទ West Texas Intermediate មាន​តម្លៃ​ទាប​ជាង​ប្រេង Brent នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​ប្រេង​ទាំង​ពីរ​នឹង​មាន​តម្លៃ​ស្មើគ្នា​វិញ​នៅ​ឆ្នាំ​២០១៧ ។ ក្នុង​នោះ​ដែរ ទីផ្សារ​ភាគហ៊ុន​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា តម្លៃ​ប្រេង​ឆៅ Brent មាន​តម្លៃ​៥១,៣២​ដុល្លារ កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ។

ទោះបីជា​មានការ​ព្យាករ​ប្រកបដោយ​ភាព​វិជ្ជមាន​ក្តី ប៉ុន្តែ​របាយការណ៍​បាន​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​លើ​ភាព​មិន​ប្រាកដប្រជា និង​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ប្រេង​កាន់តែ​ខ្ពស់ ។

គួរ​បញ្ជាក់​ថា តម្លៃ​ប្រេងឥន្ធនៈ​នៅ​សហរដ្ឋអាមេរិក ក្នុង​រដូវក្តៅ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​៦​សេន ខ្ពស់​ជាង​ការ​វាយតម្លៃ របស់​អគ្គនាយកដ្ឋាន​ព័ត៌មាន​ថាមពល​អា​មេ​រិ​ក ដែល​បាន​ធ្វើ​ឡើង​កាលពី​ខែ​មុន ប៉ុន្តែ​វា​មាន​តម្លៃ​២,២៧​ដុល្លារ​ក្នុង​មួយ gallon (​មាន​ចំណុះ​៣,៧៨៥​លី​ត្រ​) ដែល​តួលេខ​នេះ​ខ្ពស់​ជាង​៣៦​សេន គឺ​ទាប​ជាង​តម្លៃ​ជា​មធ្យម​កាលពី​ឆ្នាំ​មុន ។

ជា​មធ្យម តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​ឆ្នាំ​២០១៦​នេះ នឹង​មាន​តម្លៃ​២,១៣​ដុល្លារ​ក្នុង​មួយ gallon ខណៈ​ឆ្នាំ​២០១៧ មាន​តម្លៃ​២,២៧​ដុល្លារ​ក្នុង​មួយ gallon ដែល​វា​មាន​តម្លៃ​ខ្ពស់​ជាង​ពីរ​បី​សេន បើ​ធៀប​នឹង​ការ​ព្យាករ​កាលពី​ខែ​មុន ។

របាយការណ៍​បាន​បង្ហាញ​ទៀត​ថា ការ​ផលិត​ប្រេង​ឆៅ​ក្នុងស្រុក​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​បន្ទាប់ ដោយ​សំអាង​ទៅ​លើ​ការ​ព្យាករ​កាលពី​ខែ​មុន ។ ជាក់ស្តែង កាលពី​ឆ្នាំ​២០១៥ ការ​ផលិត​ប្រេង​ឆៅ​ក្នុងស្រុក​មាន​៩,៤​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ហើយ​វា​នឹង​ធ្លាក់​ចុះ​ដល់​៨,៦​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ឆ្នាំ​២០១៦ និង​៨,២​លាន​បារ៉ែល​នៅ​ឆ្នាំ​២០១៧ ៕