យន្តហោះ F-5 ស្វ៊ី​ស​មួយ​គ្រឿង​ធ្លាក់​ក្រោយ​ប៉ះ​គ្នា​នៅ​ហូ​ឡង់

បណ្តា​អ្នក​ទទួលខុសត្រូវ​ហូ​ឡង់ និង​ស្វ៊ី​ស​និយាយ​ថា យន្តហោះ​ប្រដេញ​ធុន F-5E មួយ​គ្រឿង​របស់​ស្វ៊ី​សបាន​ប៉ះ​គ្នា​ជាមួយ​យន្តហោះ​មួយ​គ្រឿង​ទៀត​កាលពី​ថ្ងៃ​ទី​៩ មិថុនា នៅ​ភាគ​ខាងជើង​ប្រទេស​ហូ​ឡង់ ហើយ​ធ្លាក់​ក្នុង​បឹង​មួយ ។

រូបភាព​វី​ដេ​អូ​មួយ​បង្ហាញ​យន្តហោះ​សម្រាប់​ការ​ហ្វឹកហ្វឺន​នេះ​របស់​កងទ័ពអាកាស​ស្វ៊ី​សបាន​ដាំ​ក្បាល​មក​ដី ។ អ្នក​បើក​យន្តហោះ F-5 នេះ​អាច​លោត​ចេញ​តាម​ឆ័​ត្រ​យោង មុន​ពេល​ធ្លាក់​ដល់​ដី ហើយ​ពុំ​រង​របួសធ្ងន់​ឡើយ ។

យន្តហោះ​ស្វ៊ី​ស​ដែល​ធ្លាក់​ត្រូវ​ចូលរួម​ក្នុង​ការ​ហោះហើរ​សម្តែងឫទ្ធិ​មួយ​នា​ឱកាស​ពិព័រណ៍​យន្តហោះ​នៅ​ចុង​ស​ប្តា​ហ៍​នេះ ។ គ្រោះថ្នាក់​កើត​មាននៅ​ជិត​ទីក្រុង LEEUWARDEN តំបន់ FRISE ចម្ងាយ​ប្រមាណ​ជា​១៥០​គីឡូម៉ែត្រ ពី​ទីក្រុង​អាម​ស្ទ័​រ​ដាម ។ ក្រសួង​ការពារ​ប្រទេស​ស្វ៊ី​ស​និយាយ​ថា មូលហេតុ​ពិតប្រាកដ​នៃ​គ្រោះថ្នាក់​នេះ​នៅ​ពុំ​ទាន់​បំភ្លឺ​ច្បាស់​នៅឡើយ ៕