សង្ស័យ​ថ្លើមពាសមេឃ ហ៊ាន​លក់​ដី​រដ្ឋ​ធ្វើ​ព្រងើយ

ខេត្តកោះកុង ៖ លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ត្រូវ​បាន​បែកធ្លាយ​រឿងអាស្រូវ​ថា បាន​លួច​ដី​រដ្ឋ​របស់​មន្ទីរ​លក់​បាន​ប្រាក់​ប្រមាណ​ជាង​៣​សែន​ដុល្លារ រួច​សំងំ​ស្ងាត់​ដូច​ស្មានថា​អត់​មាន​អ្នក​ណា​ដឹង ។

រឿងអាស្រូវ​នេះ​ត្រូវ​បាន​បែកធ្លាយ​ដោយសារ​តែ​មន្ត្រី​ថ្នាក់​ក្រោម​លោក មាស សុភាព ជា​ច្រើន​នាក់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួង​ដែល​ជា​អាណាព្យាបាល​របស់​ខ្លួន ហើយ​លោក​រដ្ឋមន្ត្រី​ដែល​ឡើង​ថ្មី វេ​ង សុ​ខុន ក៏​បាន​ចេញ​លិខិត​បេសកកម្ម​ចំនួន​២​ស្ទួន​គ្នា ទី​១ លិខិត​ចុះ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ចាត់តាំង​លោក គឹ​ម សុ​ន អគ្គារ​ធិ​ការ​នៃ​អគ្គារ​ធិ​ការដ្ឋាន និង​មន្ត្រី​ក្រោម​ឱវាទ​ចំនួន​៤​នាក់ និង​លិខិត​មួយទៀត​ចុះ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ចាត់តាំង​លោក អ៊ុ​ល នទី ប្រធាន​ការិយាល័យ​ទ្រព្យ​រដ្ឋ នៃ​នាយកដ្ឋាន​គណនេយ្យ ហិរញ្ញវត្ថុ និង​មន្ត្រី​ក្រោម​ឱវាទ​ម្នាក់ ដើម្បី​ចុះ​ស្រាវជ្រាវ​ករណី​បណ្ដឹង​លក់​ដី ដែល​មាន​កត់ត្រា​ក្នុង​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ។

នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមការងារ​អធិការកិច្ច​នៃ​ក្រសួងកសិកម្ម ក៏​បាន​ចុះ​មក និង​ធ្វើការ​សាកសួរ​មន្ត្រី​ទាំងអស់​របស់​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​ម្នាក់​ម្តង​ៗ ហើយ​មន្ត្រី​ទាំងនោះ​មិន​ត្រឹមតែ​បកស្រាយ​ការ​ពិត​ឲ្យ​ក្រុម​អធិការកិច្ច​បានដឹង​ប៉ុណ្ណោះ​ទេ គឺ​ក្រុម​មន្ត្រី​ក៏​បាន​បង្ហើប​ឲ្យ​«​កោះសន្តិភាព​»​បានដឹង​ដែរ​ថា ដី​ដែល​លោក​ប្រធាន​លក់​ស្ងាត់​ៗ​នោះ​គឺ​មាន​ទំហំ​ស្មើនឹង​៣០​អា​៤១​ស​ង្ទី​អា ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ឲ្យ​ទៅ​ឈ្មោះ ជា លាង​ហេង ជា​ម្ចាស់​ក្លិប​ជល់​មាន់ និង​យូគី​ដ៏​ល្បីល្បាញ​នៅ​ក្នុង​អាណាចក្រ​កោះកុង ។

ប្រភព​ដដែល​បាន​បង្ហើប​ទៀត​ថា ដី​ខាងលើ​នេះ​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​ជិត​១​ឆ្នាំ​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​«​កោះសន្តិភាព​»