ប្រជាពលរដ្ឋ​ចោទ​ចៅអធិការ​វត្ត​ជ្រោយ​អំពិល​ធ្វើ​របង​បិទផ្លូវ

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ បាន​ប្រតិកម្ម និង​ចោទ​ព្រះ​ចៅអធិការ និង​គណៈកម្មការ​វត្ត​ជ្រោយ​អំពិល ថា​បាន​ធ្វើ​របង​ថ្ម​បិទផ្លូវ​មាត់ទន្លេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល ។

ការ​ប្រតិកម្ម​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៦ ក្រោយ​ពេល​ដែល​ចៅអធិការ​វត្ត​បាន​បន្តសកម្មភាព​ដឹក​គ្រឿងសំណង់​យក​មក​ធ្វើ​របង​បិទផ្លូវ​ជា​បន្ត​ទៀត ។

ចំពោះ​ការ​ធ្វើ​របង​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ធ្វើ​ដំណើរ​ចេញ​-​ចូល​នេះ គឺ​ប្រជាពលរដ្ឋ​ធ្លាប់​បាន​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ទៅ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ លើ​ករណី​ចៅអធិការ និង​គណៈកម្មការ​វត្ត​ជ្រោយ​អំពិល ធ្វើ​របង​ថ្ម​បិទផ្លូវ​មាត់ទន្លេ​បង្ក​ឲ្យ​មានការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប ឬ​ចុះ​ហាមឃាត់​ណាមួយ​នៅឡើយ​ទេ ។

ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​មេត្តា​ជួយ​អន្តរាគមន៍ និង​ចាត់​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ មើល​ផ្ទាល់ ដើម្បី​ឲ្យ​បានដឹង​ការ​ពិត ។
លោក ឆ​ន សុខ​វ៉េ​ង សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ក្បាលកោះ បាន​ឲ្យ​ដឹង​ថា ដី​នេះ​ដំបូង​គឺជា​ដី​ផ្លូវ​វត្ត​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មាត់ទន្លេ ហើយ​តាម​សំណូមពរ​ប្រជាពលរដ្ឋ​គឺ​សំណូមពរ​ឲ្យ​មានការ​បើកផ្លូវ​ឲ្យ​បាន​៣​ទៅ​៤​ម៉ែត្រ ដើម្បី​ងាយស្រួល​ចេញ​-​ចូល ពីព្រោះ​បច្ចុប្បន្ន​ផ្លូវ​ធ្វើ​ដំណើរ​មាន​តែ​ជាង​១​ម៉ែត្រ ហើយ​ខាង​វត្ត​ធ្វើ​របង​បិទផ្លូវ គឺ​ដោយសារ​ខ្លាច​គេ​យក​ដី​ផ្លូវ ។ តែ​ខាង​ចៅអធិការ​វត្ត​មិន​ព្រម​បើកផ្លូវ​ឲ្យ​បាន​ទូលាយ​ដើម្បី​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​មក​មាត់ទន្លេ ។

ទាក់ទិន​នឹង​ការ​ចោទប្រកាន់​នេះ ព្រះ​តេជគុណ យឿ​ង យ៉ា​ត់ ចៅអធិការ​វត្ត​ជ្រោយ​អំពិល បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ។ ព្រះ​អង្គ​មាន​សង្ឃដីកា​បញ្ជាក់​ថា ការ​សាងសង់​របង និង​ក្លោ​ង​ទ្វារ​បិទផ្លូវ​ចុះ​ទៅ​ទន្លេ គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​សុវត្ថិភាព​កូនចៅ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជ្រោយ​អំពិល ដែល​មាន​ក្រុមហ៊ុន​មួយ​បាន​ទិញ​ដី​ប្រជាពលរដ្ឋ​នៅ​អម​សង្ខាង​ផ្លូវ ដើម្បី​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ រួម​មានការ​ធ្វើ​អាជីវកម្ម​ដឹក​ដី ហើយ​ចេញចូល​តាម​ផ្លូវ​វត្ត ទើប​វត្ត​ធ្វើ​របង​បិទផ្លូវ​ដើម្បី​ការពារ​កុំ​ឲ្យ​ខូច​ផ្លូវ និង​ខូច​ក្លោ​ង​ទ្វារ​វត្ត និង​អាច​ប៉ះពាល់​ប្រជាពលរដ្ឋ និង​កូនចៅ ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុងភូមិ​ជ្រោយ​អំពិល ។ ផ្លូវ​ចុះ​ទៅ​មាត់ទន្លេ​នោះ គឺជា​ផ្លូវ​តាំងពី​សម័យ​បូរាណ​មក ហើយ​មាន​ដីដុះ ប្រជាពលរដ្ឋ​ក្នុងភូមិ​ចាប់​ដីដុះ​នោះ​យក ហើយ​លក់​បន្ត​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ។ ការ​ធ្វើ​របង​បិទផ្លូវ​ចុះ ទៅ​ទន្លេ​នោះ​ពុំ​មាន​ប៉ះពាល់​ផ្លូវ​ចេញចូល​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​សូ​ម្បី​១​គ្រួសារ គឺ​ដី​នោះ​លក់​ឲ្យ​ក្រុមហ៊ុន អស់ហើយ ។

ព្រះ​តេជគុណ​បាន​បន្ត​ថា មាន​ក្រុមហ៊ុន​បាន​យក​ផ្លូ​លំ​១​ខ្សែ​ចំងាយ​៨០​ម៉ែត្រ ដែល​ជា​ផ្លូវ​វត្ត​ជ្រោយ​អំពិល​រួច​ហើយ​បែរជា​និយាយ​ថា មិន​បាន​យក​ដី​វត្ត ទើប​កើត​មាន​ជា​ទំនាស់​ប្តឹងផ្តល់​គ្នា ទើប​គណៈកម្មការ​វត្ត​បាន​សំរេច​ព្រមព្រៀង​គ្នា​ធ្វើ​របង​បិទ ដោយ​ទុក​ច្រក​ចេញចូល​តែ​ទំហំ​១​ម៉ែត្រ​៤​តឹក ការពារ​កុំ​ឲ្យ​រថយន្ត​ធំ​ៗ​របស់​ក្រុមហ៊ុន​ចេញចូល​នាំ​ឲ្យ​ខូច​ក្លោ​ង​ទ្វារ និង​ផ្លូវ​ក្នុងភូមិ ៕