នាយការិយាល័យ​ចរាចរណ៍ បំភ្លឺ​លើ​ការចោទប្រកាន់​របស់​បណ្តាញ​សង្គម​នានា​

នាយការិយាល័យ​ចរាចរណ៍ បំភ្លឺ​លើ​ការចោទប្រកាន់​របស់​បណ្តាញ​សង្គម​នានា​



បាត់ដំបង ៖ ថ្មីៗ​នេះ​មាន​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ធ្វើ​ការ​លើកឡើង និង​វាយប្រហារ​ទៅលើ​ថ្នាក់ដឹកនាំ​នៃ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក ខេត្ត បាត់ដំបង ដោយ បាន​ចោទ​ប្រកាន់​ថា ​បាន​ផ្សំគំនិត​ជាមួយ​នឹង​មន្ត្រី​ក្រោម​ឱវាទ​ ប្រព្រឹត្ត​នូវ​អំពើពុករលួយ​ដូចជា​ការ​ផាកពិន័យ​ទៅ​លើ​យានយន្ត​ មិន​ព្រម​ប្រគល់​ប័ណ្ណ​បទល្មើស​ទៅ​ឲ្យ​ម្ចាស់​យាន។

ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្បែរ​រង្វង់​មូល​ដៃ​៨( ព្រះ​នរាយណ៍ ) គឺ​មាន​ម៉ូតូ​ឃ្លីក ពណ៌ស​មួយ​គ្រឿង គ្មាន​ស្លាក​លេខ ដោយមាន​នារី​ជិះ​ពីរ​នាក់ គឺ​អ្នក​ទាំងពីរ​មិន​មាន​ពាក់​មួយ​សុវត្ថិភាព​ឡើយ ដោយ​មកដល់​គោលដៅ ខាងលើ ក៏​ត្រូវបាន​សមត្ថកិច្ច​ដើមទី​ធ្វើ​ការ​ឃាត់​ដើម្បី​ណែនាំ និង​ចេញ​ប័ណ្ណ​បទល្មើស​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​យាន​ចូលទៅ​បង់ប្រាក់​ផាកពិន័យ​នេះ​នៅ​ការិយាល័យ​ជំនាញ។

ផ្ទុយទៅវិញ​នារី​ដែល​មាន​ចិត្តរឹង​ដូច​ដែកថែប​ទាំងពីរ​នាក់​នេះ បាន​ដក​លុយ​ចំនួន​២​ម៉ឺន​រៀល​បោះ​ទៅ​លើ​តុ របស់​កម្លាំង​នគរបាល​ដែល​ឈរជើង ហើយ​​​បាន​បើកបរ​ម៉ូតូ​យ៉ាង​លឿន​ចេញពី​ចំណុច​នេះ ដោយ​មិន​ខ្ចី​យក​ប័ណ្ណ​បទល្មើស​ឡើយ។ ចំណែក​លុយ​ក៏បាន​ប៉ើង​ទៅ​តាម​ខ្យល់ មិន​ដឹង​ថា ​ម៉ូតូឌុប​ណា​រើស​យក​នោះ​ឡើយ។

ប្រមាណ​ជាជាង​មួយ​ម៉ោង​ក្រោយមក​គឺ​នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ដដែល​កម្លាំង​ចរាចរណ៍​បាន​សហការ​ជាមួយ​កម្លាំង​បង្ការ បង្ក្រាប ដោយ​ចេញ​ប្រតិបត្តិ​ការឈរជើង​នៅត្រង់ចំណុច វាល​បាល់​ទាត់ក្បែរ​ព្រលានយន្តហោះ ក៏បាន​ឃាត់​ម៉ូតូ​ដែល​នារី​ទាំងពីរ​នាក់​នេះ​ជិះ​ម្តង​ទៀត​ ដោយសារតែ​គេ​នៅតែ​មិន​ព្រម​ពាក់​មួយ​សុវត្ថិភាព ដើម្បី​ធ្វើការ​ផាក​ពិន័យ​គឺ​យោ​ងតាម​បទលហុ ក្នុង​ម្នាក់ៗ​១៥០០០​រៀល។

នៅ​ក្នុង​ឱកាស​នោះ​ហើយ​ដែល​ពួកគេ​ទាំងពីរ​នាក់ បាន​បញ្ចេញ​ចង្កូម​ដាក់​សមត្ថកិច្ច​វិញ​ដោយ​គេ​បាន​លើក​ឡើង​ថា ម៉ូតូ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ផាក​ពិន័យ​ម្តង​រួច​មក​ហើយ តែ​ដោយសារតែ​កម្លាំង​ជំនាញ​បាន​ទាមទារ​​ប័ណ្ណ​បទល្មើស ទើប​ពួក​នាង​ឆ្លើយថា​ គ្មាន​ហើយ​បាន​ចោទថា សមត្ថកិច្ច​គោលដៅ​ដើមទី ពិន័យ​ហើយ​មិន​ព្រម​ចេញ​វិក្កយបត្រ​មក​ឲ្យ​ពួក​នាង​ទើប​គ្មាន​បែបនេះ។ ពាក្យ​មួយ​ប្រយោគ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​កាសែត​ក្នុងស្រុក ព្រមទាំង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន បាន​ធ្វើការ​ចោទប្រកាន់​ទៅលើ​លោកនាយ​ការិយាល័យ ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ ខុស​ពី​ផ្លូវច្បាប់ ដោយ​ពួកគេ​មិនបាន​សួរនាំ​ទៅលើ​កម្លាំង​ជំនាញ​អ្វី​បន្តិច​ទាល់តែសោះ។

ក្រោយពី​បាន​ធ្វើការ​ស្រាវជ្រាវ​មួយ​រយៈ​រួចមក លោក​វរសេនីយ៍ឯក សាត គឹម​សាន​នាយការិយា​ល័យចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ធ្វើការ​បំភ្លឺ​ឡើងវិញ​ថា រឿង​នេះ ​គឺ​សមត្ថកិច្ច​មិន​មាន​កំហុស​នោះ​ទេ ហើយ​លោក​ក៏​គ្មាន​ចរិត​ទៅ​ផ្សំគំនិត​ជា​មួយ​នឹង​មន្ត្រី​ ដែល​ប្រព្រឹត្ត​ផ្ទុយ​អំពី​ផ្លូវច្បាប់​នោះ​ដែរ ព្រោះ​កន្លងមក​លោក​តែងតែ​ធ្វើការ​ពិន័យ​ទៅលើ​មន្ត្រី​ណា​ដែល​អនុវត្ត​ខុស​ពី​ការណែនាំដើម្បី​ជា​គំរូ​ដល់​កម្លាំង​នគរបាល​ដទៃ​ទៀត ក្នុង​ការ​ងាក​មក​រក​ផ្លូវ​ត្រូវ​វិញ។

ចំពោះ​រឿងហេតុ​ដែល​បាន​កើតឡើង​ខាង​លើ​នេះ គឺ​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​តាម​បណ្តា​គោលដៅ​នីមួយៗ បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ដោយ​លោក​បាន​សង្កត់​ធ្ងន់ថា បើ​យោង​ទៅលើ​ច្បាប់​ដែល​បាន​ចែង​ដោយ​រដ្ឋសភា គឺ​ជន​ណា​ដែល​ប្រើប្រាស់​យាន​មិន​ពាក់​មួយ​សុវត្ថិភាព​គឺ​សមត្ថកិច្ច​មាន​សិទ្ធិ​ធ្វើការ​ផាក​ពិន័យ​ទៅតាម​តារាង​ត្រឹមត្រូវ ​ហើយ​បើ​ជន​ដដែល​នេះ​បើកបរ​ទៅដល់​គោលដៅ​ទី​២ ដោយ​មិនបាន​ពាក់​មួយ​សុវត្ថិភាព​ទៀត​ទេ ទោះបីជា​ជន​នេះ​មាន​ប័ណ្ណ​បទល្មើស​ដែល​ចេញ​ដោយ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ហើយក៏​ដោយ ក៏​កម្លាំង​គោក​ដៅ​ទី​២ នៅ​តែមាន​សិទ្ធិ​ធ្វើការ​ផាក​ពិន័យ​ទៀត​បាន​ដរាប​ណា​ម្ចាស់​យាន​មាន​ពាក់មួក​ត្រឹមត្រូវ​ទើប​រួចខ្លួន ។

ថ្មីៗ​នេះ​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​គណៈកម្មាធិការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្នាក់​ជាតិ បាន​ថ្លែង​ថា រាល់​បណ្ដា​នគរបាល​ដែល​ឈរជើង​តាម​គោលដៅ​ត្រូវ​ធ្វើ​យ៉ាងណា​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​យាន​ដែល​គ្មាន​មួក ត្រូវ​រក​មួក​មក​ពាក់​សិន​ ទើប​អនុញ្ញាត​ឲ្យ​ចេញ​ប័ណ្ណ​បទល្មើស និង​ធ្វើការ​ផាក​ពិន័យ។

ជា​ចុងក្រោយ លោក​វរសេនីយ៍ឯក សាត គឹម​សាន បាន​សំណូមពរ​ដល់​បណ្តា​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ទាំងអស់​ជួយ​រាយការណ៍​ជាបន្ទាន់ នៅ​ពេល​ណា​ដែល​បាន​ជួប​នឹង​មន្ត្រី​ប៉ូលិស ដែល​ប្រព្រឹត្ត​ផ្ទុយ​អំពី​ផ្លូវច្បាប់ ព្រោះ​បើ​យោង​តាម​ការណែនាំ​របស់​នាយ​អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស ថេត ស្នងការ​នគរបាល​ខេត្ត ដែល​បាន​សង្កត់​ធ្ងន់​ថា រាល់​បណ្តា​មន្ត្រី​នគរបាល​ណាមួយ​ដែល​ផាកពិន័យ​គេ ​ហើយ​មិន​ចេញ​ប័ណ្ណ​បទល្មើស​ទៅ​ឲ្យ​ម្ចាស់​យាន​ទេ​នោះ គឺ​ត្រូវ​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​ទាំងស្រុង៕