ម៉ូតូ​ជប៉ុន​បុក​ម៉ូតូ​កូរ៉េ ​របួសធ្ងន់ ​និង​ស្រាល​៥​នាក់​

ម៉ូតូ​ជប៉ុន​បុក​ម៉ូតូ​កូរ៉េ ​របួសធ្ងន់ ​និង​ស្រាល​៥​នាក់​



ភ្នំពេញ ​៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៥​នាក់​ បាន​រង​របួស​ធ្ងន់​ និង​ស្រាល ​ព្រមៗ​គ្នា​ បន្ទាប់ពី​មាន​ម៉ូតូ​ហុងដា​ឌ្រីម​សេ​១២៥ មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន ​ជ្រុល​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ពីក្រោយ​ពេញទំហឹង​នោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម​ សេ​១២៥ ស៊េរី២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-0031 ជិះ​គ្នា​៣​នាក់ បើកបរ​ដោយ​ឈ្មោះ រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ កម្មករ​សំណង់ រង​របួស​ធ្ងន់ រួម​ដំណើរ​ដោយ​ឈ្មោះ ដេ​ត ធន់ ហៅ​ខូ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​សំណង់ រង​របួស​ស្រាល និង​ម្នាក់ទៀត​ឈ្មោះ ហ៊ីម បុ​ទុម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ កម្មករ​សំណង់ រង​របួស​ស្រាល។ ជនរងគ្រោះ ទាំង​៣​នាក់ ស្នាក់នៅ ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ស្រុក​កំណើត នៅ​ភូមិ​ដងទង់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គ​ជ័យ ខេត្តកំពត។

ដោយឡែក ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម កញ្ចាស់ គ្មាន​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់​មិន​ស្គាល់​ឈ្មោះ ជនរងគ្រោះ ស្ថិត​ក្នុង​សភាព​របួសធ្ងន់​ធ្ងន់ សន្លប់​ឈឹង សល់​តែ​ដង្ហើម​ចង្រិត។

តាម​សម្ដី​ជនរងគ្រោះ របួសស្រាល ខាង​ភាគី​ម៉ូតូ​ហុងដា​ឌ្រីម​សេ​១២៥ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួកគេ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​ចេញពី​កន្លែង​ស្នាក់នៅ គោល​បំណង​ជិះ​ឌុប​គ្នា​ទៅផ្ទះ នៅ​ស្រុក​អង្គ​ជ័យ​ខេត្ត​កំពត​ ដោយ​កាត់​តាម​ផ្លូវជាតិ​លេខ​៣ មកដល់​ចំណុច​ខាងលើ ដោយសារ ចាំង​ភ្លើង​ហ្វា​រថយន្ត​បើក​មកពី​មុខ ធ្វើ​ឲ្យ​ចាំង​ភ្នែក ជ្រុល​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ដែល​បើក​ពីមុខ​តែម្តង។ ម្យ៉ាង​ទៀត​ដោយសារ​ម៉ូតូ​នេះ​គ្មាន​ភ្លើង​សញ្ញា​ពីក្រោយ​ទៀត​ផង​ ទើប​ពេល​ចាំង​ភ្លើង​ឡាន​ពី​មុខ​មក​ធ្វើ​ឲ្យ​មើល​ម៉ូតូ​នោះ​មិន​ឃើញ​។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមះ​ដើម្បី​ជួយសង្គ្រោះ។ រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​បាន នគរបាល​ជំនាញ វាស់វែង​រួច​យក​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរ​ផ្លូវគោក​គោក​នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​តាម​នីតិវិធី៕

ម៉ូតូ​ជប៉ុន​បុក​ម៉ូតូ​កូរ៉េ ​របួសធ្ងន់ ​និង​ស្រាល​៥​នាក់​

ម៉ូតូ​ជប៉ុន​បុក​ម៉ូតូ​កូរ៉េ ​របួសធ្ងន់ ​និង​ស្រាល​៥​នាក់​