ជួប​ស្នេហ៍​នៅ​មណ្ឌលគីរី​

នេះ​ជា​រឿង​ពិត​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​កាល​ពី​ពីរ​ខែ​មុន​ គឺ​ថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៦​ ត្រូវ​ជា​ថ្ងៃ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​។

 

ខ្ញុំ​បាន​ទៅ​កម្សាន្ត​នៅ​រតនគីរី​និង​ខេត្ត​ផ្សេង​រយៈពេល​ប្រាំ​ថ្ងៃ​។ ខ្ញុំ​ចាប់​ផ្ដើម​ចេញ​ពី​ភ្នំពេញ​នៅ​ម៉ោង​ប្រាំ​ ហើយ​ខ្ញុំ​បាន​មក​ដល់​មណ្ឌលគីរី​នៅ​ម៉ោង​ ១២:៥៥នាទី​ថ្ងៃ​ត្រង់​។ ពួក​យើង​ក៏​បាន​ជិះ​ឡាន​ទៅ​សណ្ឋាគារ​ ដែល​មីង​ខ្ញុំ​កក់​ទុក​មួយ​ខែ​មុន​។ ពួក​យើង​ក៏​យក​វ៉ាលីស៍​ យក​ទៅ​ទុក​ក្នុង​សណ្ឋាគារ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ​លេង​ភ្នំ​ដោះ​ក្រមុំ​។

 

តាម​ផ្លូវ​ខ្ញុំ​ចេះ​ស្រមៃ​ពី​ស្នេហា​បក្សា​និង​បក្សី​ដែល​ហោះ​នៅ​លើ​វេហា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​រងា​ខ្លាំង​ណាស់​ដែល​មិន​ទាន់​មាន​គូ​នឹង​គេ​។ មិន​បាន​ប៉ុន្មាន​នាទី​ពួក​យើង​ក៏​បាន​មក​ដល់​ភ្នំ​ដោះ​ក្រមុំ​ មក​ដល់​ទី​នេះ​មាន​អារម្មណ៍​ថា​ប្លែក​ដែល​បាន​ឃើញ​ទេសភាព​នៅ​លើ​ភ្នំ​ ពួក​យើង​ក៏​បាន​យក​របស់​ញ៉ាំ​ដែល​បាន​ទិញ​នៅ​លើ​ឡាន​មក​ញ៉ាំ។​

 

ពួក​យើង​ញ៉ាំ​បាយ​បណ្ដើរ​និយាយ​គ្នា​លេង​បណ្ដើរ​ សើច​ផង​ហ៊ោ​ផង​។ ​ញ៉ាំ​ហើយ​ ​ខ្ញុំ​ក៏​មក​អង្គុយ​លេង​នៅ​ចាំ​ពួក​គាត់​។ ក្រឡេក​ទៅ​មើល​ពួក​គាត់​ អ្នក​ខ្លះ​បាន​ញ៉ាំ​បាយ​ហើយ​មុន​ អ្នក​ខ្លះ​ទៀត​នៅ​ញ៉ាំ​បាយ​ជជែក​គ្នា​លេង​ ខ្ញុំ​ក៏​បាន​ក្រឡេក​ភ្នែក​មក​មើល​ទេសភាព​វិញ​ មើល​ទៅ​អ្នក​ខ្លះ​ឈរ​ថត​រូប​ ឯ​អ្នក​ខ្លះ​ឈរ​មើល​ទេសភាព​នៅ​ពី​មុខ​ផ្លាក​ «ខ្ញុំ​ស្រលាញ់​មណ្ឌលគីរី​»។

 

ប្រហែល​ប៉ុន្មាន​នាទី ​ស្រាប់​តែ​ខ្ញុំ​ក្រឡេក​ឃើញ​ស្រី​ម្នាក់​កំពុង​តែ​ឈរ​នៅ​ពី​មុខ​ខ្ញុំ​ប្រហែល​ដប់​ប្រាំ​ម៉ែត្រ។​
ខ្ញុំ​មាន​អារម្មណ៍​ថា​គេ​លួច​មើល​ខ្ញុំ​បណ្ដើរ​ និយាយ​ជាមួយ​គ្នា​គេ​បណ្ដើរ។​ ពេល​ខ្ញុំ​ងាក​ទៅ​គេ​ គេ​ក៏​បែរ​មុខ​មក​ខ្ញុំ​វិញ។​
ខ្ញុំ​ចាប់ផ្ដើម​មើល​ទៅ​មុខ​គេ​ មុខ​គេ​ពិត​ជា​ស្អាត​ខ្លាំង​ ច្រមុះ​ស្រួច​ល្មម​ ស្បែក​ស​ កម្ពស់​សម​ល្មម​ជា​មនុស្ស​ស្រី​មិន​ខ្ពស់​មិន​ទាប​ មើល​ទៅ​គេ​ពិត​ជា​ស្អាត​ខ្លាំង​ណាស់​។

 

ខ្ញុំ​ក៏​ញញឹម​ដាក់​គេ​ ថែម​ទាំង​សើច​ដាក់​គេ​ទៀត​ ហើយ​ខ្ញុំ​ក៏​ចាប់ផ្ដើម​បែរ​មុខ​ចេញ​ខ្លាច​គេ​ដឹង​ថា​ខ្ញុំ​មាន​អារម្មណ៍​ចំពោះ​គេ។​
ពីរ​បី​នាទី​ក្រោយ​មក​ខ្ញុំ​ក៏​មើល​មុខ​គេ​ តែ​ពេល​នេះ​គេ​បែរ​ជា​មិន​ងាក​មក​រក​មុខ​ខ្ញុំ​ទៅ​វិញ​ ខ្ញុំ​ក៏​មិន​គិត​អ្វី​ក្រៅ​ពី​មុខ​គេ​ហើយ​និង​ចរិត​គេ​នោះ​ទេ។​ បើ​និយាយ​ពី​ចរិត​របស់​គេ​ គឺ​ទន់ភ្លន់​ហួស​ពី​ខ្ញុំ​គិត​ទៅ​ទៀត​។ ក្នុង​ចំណោម​មនុស្ស​ស្រី​នៅ​ទីនេះ​ (ភ្នំ​ដោះ​ក្រមុំ​ ) ខ្ញុំ​ថា​គេ​ស្អាត​ជាង​គេ​ ថែម​ទាំង​ស្លូតបូត​ជាង​គេ​។

 

ជួប​ស្នេហ៍​នៅ​មណ្ឌលគីរី​(រូបតំណាង)

 

បន្ទាប់​មក​គេ​ក៏​បាន​ដើរ​មក​ថត​រូប​ជាមួយ​មិត្តភ័ក្ដិ​របស់​គេ​ ហើយ​ព្រម​ទាំង​មិន​បាន​ងាក​មក​មើល​មនុស្ស​ប្រុស​ម្នាក់​នេះ​ដែល​មាន​ចិត្ត​ចំពោះ​គេ​ទាល់​តែ​សោះ​ គេ​គិត​តែ​ពី​ថត​រូប​ជាមួយ​មិត្តភ័ក្ដិ​របស់​គេ។

 

ចំណែក​ឯ​ខ្ញុំ​មិន​បាន​គិត​អ្វី​ក្រៅ​ពី​ដក​ទូរសព្ទ​មក​ថត​រូប​​គេ​នោះ​ទេ​ និយាយ​ទៅ​ខ្ញុំ​ថត​បាន​ប្រហែល​ជា​ដប់​ប៉ុស្តិ៍​ ប៉ុន្តែ​ឃើញ​តែ​មុខ​មិត្តភ័ក្ដិ​របស់​គេ​ ចំណែក​ឯ​គេ​គឺ​ខ្ញុំ​មិន​បាន​ឃើញ​នោះ​ទេ​ ព្រោះ​គេ​បែរ​ខ្នង​មក​ដាក់​ខ្ញុំ ​ទើប​ខ្ញុំ​ថត​មិន​បាន​មុខ​គេ​ តែ​ក៏​បាន​ឃើញ​រាង​គេ​ដែរ​។ មិន​បាន​ប៉ុន្មាន​ពួក​យើង​ក៏​បាន​ចាកចេញ​ទៅ​លេង​កន្លែង​ផ្សេង​ទៀត​ វា​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​មាន​អារម្មណ៍​ស្រណោះស្រណោក​ខ្លាំង​ណាស់​ នឹក​ឃើញ​ចង់​តែ​យំ​។

 

នៅ​តាម​ផ្លូវ​ខ្ញុំ​បាន​មើល​ទៅ​រូប​របស់​ពួក​គេ​ មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ហើយ​ថែម​ទាំង​ជាប់​រូប​ ដែល​មុខ​របស់​ពួក​គេ​ញញឹម​ដាក់​ខ្ញុំ​ទៀត​។ តែ​រឿង​ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​នៅ​ពេល​រាត្រី​ខ្ញុំ​បាន​មក​លេង​កន្លែង​មួយ​ដែល​គេ​តែង​តែ​ហៅ​ថា​រមណីយដ្ឋាន​អូរ​រមីស​។

 

ខ្ញុំ​បាន​ឈរ​មើល​គេ​រាំ​បទ​ញី​កែង​ជើង​ មើល​បណ្ដើរ​ថត​វីដេអូ​គេ​រាំ​បណ្ដើរ​ និង​ស្ដាប់​បទ​ចម្រៀង​បណ្ដើរ​។
ស្រាប់​តែ​ពួក​គេ​ក៏​បាន​ចូល​មក​រាំ​ ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ព្រើត​ ញញឹម​ផង​សើច​ផង​ រួច​គេ​ក៏​រាំ​បទ​ផ្សេង​ តែ​ពេល​នេះ​មិន​មែន​ខ្ញុំ​ថត​នោះ​ទេ​ គឺ​អ្នក​មក​ដើរ​លេង​​គេ​ថត​ម្ដង។​ ខ្ញុំ​ចាំ​តែ​មើល​គេ​ថត​តែ​ប៉ុណ្ណោះ​ រាំ​ប្រហែល​បាន​ពីរ​បី​បទ​ខ្ញុំ​ក៏​ចាកចេញ​ តែ​ពេល​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ថា​និស្ស័យ​ពិត​ជា​មាន​មែន​ តែ​សម្រាប់​រូប​ខ្ញុំ​គឺ​មិន​ទាន់​ដល់​នោះ​ទេ! ​ខ្ញុំ​គិត​ថា​អញ្ចឹង​។

 

ចាប់ផ្ដើម​ពី​ថ្ងៃ​នោះ​មក​ ខ្ញុំ​តែងតែ​មើល​រូប​គេ​រហូត​ លួច​ញញឹម​តិចៗ​ហើយ​គិត​ក្នុង​ចិត្ត​ថា​មិន​ដឹង​ពេល​ណា​បាន​ជួប​គេ​ទៀត​នោះ​ទេ​ តែ​បើ​ជា​គូ​ព្រេង​ពិត​សូម​ឱ្យ​ខ្ញុំ​បាន​ស្រលាញ់​គ្នា​ដូច​ក្ដី​បំណង​ទៅ​ចុះ​។

 

ហើយ​ខ្ញុំ​ចង់​និយាយ​ប្រាប់​គេ​ថា​ អ្នក​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ!​ ខ្ញុំ​បាន​លួច​ស្រឡាញ់​អ្នក​តាំង​ពី​ខេត្ត​មណ្ឌលគីរី​មក​ម៉េ្លះ​ តែ​ខ្ញុំ​មិន​ដឹង​ថា​អ្នក​មាន​គណនី​ ហ្វេសប៊ុក​ ឈ្មោះ​អ្វី​នោះ​ទេ​? តែ​សង្ឃឹម​ថា​ពេល​អ្នក​ឃើញ​អត្ថបទ​មួយ​នេះ​ហើយ​ អ្នក​នឹង​ដឹង​ពី​អារម្មណ៍​ខ្ញុំ​មាន​ចំពោះ​អ្នក​នៅ​ពេល​នេះ​៕

 

ជួប​តែ​ម្ដង​ ចាំ​មួយ​ជីវិត

ម៉ាក់​ត្រូវ​ញញឹម​ពេល​រំឭក​ដល់​ឈ្មោះ​កូន​ម្នាក់​នេះ

អត្ថបទ៖ បញ្ញា

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

 

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា