ឃ្លី​ប​វីដេអូ អង្រួន​អ្នក​អន​ឡាញ​សាំង​ហ្គា​ពួរ

Videos


អ្នកប្រើហ្វេសប៊ុកឈ្មោះ Euphemia Lee បានផ្សាយឃ្លីបវីដេអូ ២.៤០ នាទី បង្ហាញពីលោកស្រី (គេហៅ ម៉ាដាម ហ្វង) មួយរូបនៅសិង្ហបុរី បានជេរឡូឡា និង ប្រើពាក្យបណ្តេញអ្នកបម្រើហាងអាហារម្នាក់ដែលជាមនុស្សគ ដោយសារពិការត្រចៀក ឱ្យទៅសុំទាន ក្រោយពីអ្នកបម្រើនោះ បានប្រមូលចាននៅលើតុ ក្នុងពេលដែលលោកស្រីរូបនោះ មិនទាន់បរិភោគរួច ភ្លាមនោះអ្នកចាត់ការហាង បានចេញមកសុំទោសជំនួស ។ ឃ្លីបនេះត្រូវបានអ្នកអនឡាញទស្សនាឈឺឆ្អាល និង Share តៗគ្នាជាង ១.៥ លានលើក ។

អ្នកចាត់ការហាងបានប្រាប់អ្នកកាសែតប្រចាំថ្ងៃជាភាសាចិន ឈីនមីន ថា «ម៉ាដាម ហ្វង នោះបានជេរអ្នកបម្រើ និង អ្នកគ្រប់គ្រងហាងអស់ ១៥-២០ នាទី, ខ្ញុំមិនដាក់ទោសបុគ្គលិករបស់ខ្ញុំទេ គាត់បានធ្វើការនៅទីនេះប្រមាណ ១ ឆ្នាំហើយ» ។ បន្ទាប់មកបានបន្តិច ម៉ាដាម ហ្វង បាននិយាយប្រាប់កាសែតវិញថា «ខ្ញុំសុំទោស ដែលជេរឡូឡាផ្អើលភ្ញៀវក្នុងហាង មកពីខ្ញុំទប់អារម្មណ៍មិនបាន តែខ្ញុំមិនមែនជាអ្នកខុសទេ ដោយហេតុថាខ្ញុំមិនដឹងគេជាមនុស្សគ ណាមួយខ្ញុំកើតផ្តាសាយធំផង មិនសប្បាយចិត្តផង… ខ្ញុំបានប្រាប់គេ ៣ ដងថា ហូបមិនទាន់ហើយទេៗៗ រួចក៏ដេញគេឱ្យទៅសុំទានទៅ » ។

យ៉ាងណាក៏ដោយ ឃ្លីបវីដេអូនេះមានអ្នកទស្សនា ១,៥ លានលើក ហើយត្រូវអ្នកអនឡាញ Comment ជេរម៉ាដាម ហ្វង នោះយ៉ាងគួរឱ្យស្អប់ខ្ពើម ៕ សូរ្យកាន្ត (សានុក)