“វិកលចរិត” សង្ឃឹម​បាន​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​

អ្នក​ដឹកនាំ​រឿង ហ៊ុយ យ៉ាឡេង បាន​ប្រាប់​ដឹង​ថា​រឿង​ថ្មី​របស់​លោក ​សង្ឃឹម​ថា​នឹង​អាច​​យក​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​ដូច​រឿង “ប៉ុបពី​ទៅ​ហូលីវូដ” ដែរ។ ថ្លែង​ដូចនេះ​ ក្នុង​ឱកាស​ក្រុងពាលី​រឿង​ថ្មី “វិកលចរិត” របស់​ផលិតកម្ម មាតុចក្រហ៊្វីលម៍ ​នៅ​ព្រឹក​នេះ​ក្នុង​ផ្សារ​ធំ​ថ្មី។

 

“វិកលចរិត”  សង្ឃឹម​បាន​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​

 

“រឿង​នេះ​ យើង​សង្ឃឹម​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ច្រើន ព្រោះ​បាន​សហការ​ជាមួយ​ក្រុម​ Puprum។ ក្រុម Puprum គឺ​បង្កើត​ឡើង​រវាង Sabay និង Westec ដែល​ជា​អ្នក​នាំ​រឿង​បរទេស​មក​ស្រុក​ខ្មែរ ហើយ​នាំ​រឿង​ស្រុក​ខ្មែរ​ល្អ​ៗ ​ទៅ​ក្រៅ​ស្រុក​ដូចជា​រឿង “ប៉ុបពី​ទៅ​ហូលីវូដ” ដែរ ”។

 

លោក​បន្ត​ទៀត​ថា ​សម្រាប់​ទីផ្សារ​ក្រៅ​ប្រទេស​នោះ ​លោក​ ក៏​មិន​ទាន់​ច្បាស់​ប៉ុន្មាន​ដែរ ព្រោះ​កំពុងតែ​ពិភាក្សា​គ្នា​នៅ​ឡើយ តែ​ជំហាន​ដំបូង ​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ី បើ​ជោគជ័យ​នឹង​ជំរុញ​ឲ្យ​ទៅ​ដល់​អឺរ៉ុប​។

 

តួឯក​រឿង​នេះ​បញ្ជាក់​ថា មុន​ផលិត​កុន​នេះ​ឡើង ​លោក​បាន​សិក្សា​ទីផ្សារ​ ថា​តើ បងប្អូន​ប្រជាជន​ខ្មែរ​ចូលចិត្ត​រឿង​បែប​ណា? ដោយ​បាន​យក​សេណារីយ៉ូ​ទៅ​ឲ្យ​អ្នក​ជំនាញ មិត្តភ័ក្ដិ និង​ប្រជាជន​ជាច្រើន​ឲ្យជួយ​​វិភាគ ហើយ​ទទួល​បាន​ការ​គាំទ្រ​ទើប​សម្រេច​ផលិត​ឡើង។

 

“វិកលចរិត”  សង្ឃឹម​បាន​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​

 

រឿង “វិកលចរិត” ចាប់ផ្ដើម​ថត​នៅ​ថ្ងៃ ១២ ខែ មិថុនា ឆ្នាំ ២០១៦ នេះ ដែល​មាន​តួ​សំខាន់​ៗ​បី​នាក់ គឺ​ហ៊ុយ យ៉ាឡេង វណ្ឌី ពិសិដ្ឋ និង​កញ្ញា ឈុំ វត្តី ។ ចំណែក​ទុន​ទៀត​សោត​ម្ចាស់​ផលិតកម្ម​ខាង​លើ​មិន​បាន​បញ្ជាក់ គ្រាន់តែ​ថា​មិន​ជា​ច្រើន​ប៉ុន្មាន​ឡើយ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី