រថយន្ត​ដឹក​សាំង​សូគីម៉ិច​បើក​វ៉ា​ជែង​ជ្រុល​ទៅបុក​រថយន្ត​ទូ​រី​ស​បញ្ច្រាសទិស​គ្នា​ស្លាប់​២​នាក់​ភ្លាមៗ របួសធ្ងន់​២​នាក់​

​ខេត្ត​ព្រះសីហនុ​៖ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក​សាំង​របស់​ក្រុមហ៊ុន​សូគីម៉ិច​វ៉ា​ជែង​នឹង​រថយន្ត​កុង​តៃ​នឺ​១​គ្រឿង​ជ្រុល​ទៅបុក រថយន្ត​ទូ​រី​ស ក្នុងទិសដៅ​ប​ញ្ជ្រា​ស​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ចំនួន​២​នាក់​ស្លាប់​នៅនឹងកន្លែង និង​មនុស្ស​ប្រុស​ស្រី​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង ១២ និង​១៥​នាទី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦ ចន្លោះ​គីឡូម៉ែត្រ លេខ​២០៦ និង​២០៧​ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ បន្ទាប់ពី​បង្កហេតុ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​។​

តាម​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅវេលា​កើតហេតុ​ខាងលើ​រថយន្ត​ដឹក​សាំង​របស់​ក្រុមហ៊ុន​សូគីម៉ិច ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1723 បាន​បុក រថយន្ត​ទូ​រី​ស ពណ៌​ស ពាក់​ស្លាក លេខ ភ្នំពេញ 2AJ 4798 បើកបរ​ប​ញ្ជ្រា​សទិស​គ្នា​ចំ​យ៉ាង​ពេញទំហឹង អ្នកបើកបរ​ស្លាប់​នៅនឹងកន្លែង រួមជាមួយ​អ្នកដំណើរ​ម្នាក់​ផងដែរ​។ ឯ​អ្នកដំណើរ​ចំនួន​២​នាក់​ទៀត​រងរបួស​ធ្ងន់ ប៉ុន្តែ​ចំពោះ​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​០៤​នាក់​នៅក្នុង​រថយន្ត​ម៉ាក​ទូ​រី នេះ​គេ​នៅ​ពុំ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ទទួល​ព័ត៌មាន​បឋម​ថា រថយន្ត​ទូ​រី​ស​នេះ បានធ្វើ​ដំណើរ​ចេញពី​ខេត្តកំពត​។ ដូចនេះ​បើ​បងប្អូន​ណា​មាន​ស្គាល់ ជនរងគ្រោះ​ដូច​នៅក្នុង​រូបភាព​នេះ សូម​ទាក់ទង​ជាមួយ​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ដើម្បី​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ផង​។​

​បើតាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​អះអាងថា នៅមុន​កើតហេតុ​ខណៈពេល​ពួកគាត់​ឈប់សម្រាក​ហូបបាយ​នៅ​វាលស្រែ​ក្បែរ​នោះ ក៏​បានឃើញ​រថយន្ត​ដឹក​សាំង​(​រថយន្ត​បង្ក​) បាន​បើក​ពីក្រោយ​រថយន្ត​កុង​តៃ​នឺ​១​គ្រឿង ក្នុងទិសដៅ​ពី​កំពង់សោម​ទៅ​ភ្នំពេញ​ហើយ​នៅពេល​មកដល់​ចំណុចកើតហេតុ បាន​បង្កើនល្បឿន​វ៉ា​ជែង​រថយន្ត​កុង​តៃ​នឺ ហើយ​បាន​ជ្រុល​ទៅបុក​រថយន្ត​ទូ​រី​ស​ដែល​បើក​ទិស​ប​ញ្ជ្រា​ស​គ្នា បើទោះបីជា​ទូ​រី​ស​បើក​អែប​ស្តាំ​(​ចុះ​ផ្លូវ​គ្រោះ​ក្រហម​យ៉ាងណាក្តី )​បណ្តាលអោយ​តៃកុង​រថយន្ត និង អ្នកដំណើរ​ម្នាក់ទៀត​កៀប​ជាប់​ក្នុង​រថយន្ត​ស្លាប់​ភ្លាមៗ ឯម​នុស្ស​០២​នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​ស្ទុះ​មកជួយ​សង្គ្រោះ​ភ្លាមៗ​ដែរ​៕ សមុទ្រ​ខៀវ​

KA-10-06-2016-01 KA-10-06-2016-02 KA-10-06-2016-06 KA-10-06-2016-03 KA-10-06-2016-05 KA-10-06-2016-07 KA-10-06-2016-08 KA-10-06-2016-09