ធី ណា​តា ឈឺចិត្ត​ពាក្យ​គេ​ថា​គូ​ដណ្តឹង​នាងធ្លាប់​ភ្ជាប់ពាក្យ​នឹង​អ្នក​ផ្សេង

រាជធានី​ភ្នំពេញ ៖ អ្នកចម្រៀង ធី ណា​តា បាន​ច្រានចោល​ព័ត៌មាន​ថា គូ​ដណ្តឹង​របស់​នាង​ដែល​កំពុង​រួមរស់​នឹង​គ្នា​មុន​រៀប​ការ​នោះ​ធ្លាប់​ភ្ជាប់ពាក្យ​ជាមួយ​តារាចម្រៀង រតនៈ ពិសី ។ ធី ណា​តា សម្តែង​ការ​ហួសចិត្ត​ចំពោះ​ព័ត៌មាន​នោះ ហើយ​ថា​វា​មិនមែន​ជា​ការណ៍​ពិត​ទេ ។ រវាង​លោក​ម៉េ​ង គង់ និង​កញ្ញា​រតនៈ ពិសី ធ្លាប់​ជា​គូសង្សារ​នឹង​គ្នា ហើយ​កញ្ញា​រតនៈ ពិសី ធ្លាប់​ប្រាប់​សារព័ត៌មាន​ដែរ តែ​ស្នេហា​នេះ​បាន​បញ្ចប់​ទៅ​ហើយ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក ធី ណា​តា ជា​គូ​ដណ្តឹង​របស់​លោក​ម៉េ​ង គង់ បាន​ចេញ​មុខ​ប្រឆាំង​នឹង​ព័ត៌មាន​លើក​ឡើង​ថា រតនៈ ពិសី ធ្លាប់​ភ្ជាប់ពាក្យ​នឹង​លោក​ម៉េ​ង គង់ ។ ធី ណា​តា បញ្ជាក់​ថា គូ​ដណ្តឹង​របស់​នាង​ដែល​នៅ​ក្បែរ​កាយ​នាង​រាល់​ថ្ងៃនេះ ប្រាប់​នាង​ថា អត់​ធ្លាប់​ភ្ជាប់ពាក្យ​ជាមួយ​នារី​ណា​ក្រៅពី​រូប​នាង​ទេ ។ ដូចនេះ ធី ណា​តា ស្នើ​កុំឱ្យ​លើក​មក​និយាយ​បែប​នោះ នាំ​ឱ្យ​គេ​ច្រឡំ និង​ទើស​ទែង​ចិត្ត​នាង​ទៀត ។

លោក​ម៉េ​ង គង់ បាន​សារភាព​ប្រាប់​ធី ណា​តា ថា ធ្លាប់​សាង​ស្នេហា​ជាមួយ​តារាចម្រៀង រតនៈ ពិសី ប៉ុន្តែ​អត់​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​ទេ ។ កញ្ញា​ធី ណា​តា និយាយ​ថា «នាង​ខ្ញុំ​សូមកុំ​ឲ្យ​មាន​ពាក្យ​ថា អតីត​គូ​ដណ្តឹង​ៗ គឺ​មិនល្អ​ស្តាប់​ទេ ប្រៀប​ដូច​ជា​នាង​ខ្ញុំ​ទៅ​ឆក់​របស់​គេ ឬ​មួយ​ក៏​អ្នក​លើក​មក​និយាយ​នោះ​មិនដឹង​រឿង បានជា​ម្តង​ហើយ​ម្តងទៀត​នៅ​តែ​ពាក្យ​អតីត​គូ​ដណ្តឹង​។ នាង​ខ្ញុំ​ទទួលយក​បាន​ពី​មុន​គាត់​ជា​គូស្នេហ៍ តែ​នោះ​គ្រាន់តែ​ជា​អតីតកាល​មនុស្ស​ណា​ក៏​មានរឿង ពី​មុន​ៗ​ដែរ ហើយ​នាង​ខ្ញុំ​មិន​ដែល​គិត​ទេ សុំ​តែ​ពេល​នេះ​យើង​បាន​ក្លាយជា​គូ​ដណ្តឹង​ពេញ​សិ​ទិ្ធ អត់​មាន​ដណ្តើម​របស់​អ្នក​ណា​ទេ ហើយ​ក៏​មិន​ចង់​បកស្រាយ​ច្រើន​ដែរ មក​ពី​គេ​នាំ​និយាយ​រឿង ដដែល​ៗ​ពេក ។ នាង​ខ្ញុំ​គ្មាន​ចង់​បង្កើត​បញ្ហា​ជាមួយ​អ្នក​ណា​ឡើយ ព្រោះ​នាង​ខ្ញុំ​កំពុង​មមាញឹក​ជាមួយ​កិច្ចការ​រកស៊ី ពង្រឹង​មុខរបរ​លើក​ស្ទួយ​ជីវភាព មិនមែន​ដើរទៅ​រករឿង​គេ​ទេ​ហើយ​រវាង​ពួក​យើង​ជា​ភាគី​ពាក់ព័ន្ធ​ដូច​ជា​អត់​អី​ទេ តែ​ណាស់​តែ​មាន​អ្នក​ចាំ​ឆ្កឹះ​ឲ្យ​គេ​ក្តៅក្រហាយ​ទៅ​វិញ​។ ចុះបើ​នៅ​សុខ​ៗ​ទៅ​វា​ថី​លើក​មក​និយាយ​អី​ុ​ចឹ​ង​បាន​ពានរង្វាន់​មែន​»

បើ​ទោះបីជា​រួមរស់​ក្រោម​ដំបូលផ្ទះ​តែ​មួយ​ក្តី តែ​ធី ណា​តា និង​គូ​ដណ្តឹង មិន​ទាន់​គិតគូរ​រឿង​ចូល​រោងការ​នៅឡើយ​ទេ ដោយសារ​តែ​រវល់​នឹង​មុខរបរ ។ ធី ណា​តា ទើបតែ​បន្ថែម​ហាង​មួយ​លក់​ឡេ​នៅ​ម្តុំ​ផ្សា​របឹង​ឈូក​ព្រមទាំង​ថ្នាំពេទ្យ​ដែល​គូ​ដណ្តឹង​នាង​មាន​ជំនាញ​នេះ ។ ធី ណា​តា តាំងចិត្ត​ថែរក្សា​ស្នេហា​ឱ្យ​រឹង​មាំ និង​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ធម្មតា គូ​ស្នេហា​មិនមែន​ចេះ​តែ​ផ្អែមល្ហែម​រហូត​ទេ មាន​ជូរ​ចត់ ល្វីង​ប្រៃ ។

លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន លោក​ម៉េ​ង គង់​បាន​សរសេរ​ច្រាន​ចោលការ​ពាក់ព័ន្ធ​រវាង​លោក និង​នាង​រតនៈ ពិសី ដែរ​ថា «​យល់​ច្រឡំ​ហើយ​!​ខ្ញុំ​មិនមែន​ជា​គូ​ដណ្តឹង​របស់​មនុស្ស​ស្រី​ម្នាក់​នោះ​ទេ ហើយ​ក៏​មិន​ដែល​បាន​ធ្លាប់​ភ្ជាប់ពាក្យ​មាន​ចាស់ទុំ​ស្តីដណ្តឹង​ជា​ផ្លូវការ​ណាមួយ​នោះ​ទេ ។ ការ​ទាក់ទង​ពី​មុន​គ្រាន់តែ​ជា​លក្ខណៈ​សង្សារ​ធម្មតា​ប៉ុណ្ណោះ វា​បាន​ក្លាយជា​អតីតកាល​យូរ ហើយ​ៗ​ក៏​មិនមែន​ទើបតែ​បញ្ចប់​ទៅ​៣​ខែ​ដូច​ការ​លើក​ឡើង​នោះ​ដែរ ។ អុ​ី​ចឹ​ង​សូម​មេត្តា​ជ្រាប និង​កុំ​ភ្ជាប់​ជីវិត​ឯកជន​របស់ខ្ញុំ​បច្ចុប្បន្ន​ទៅ​អតីតកាល​ជាមួយ​ស្ត្រី​ម្នាក់​នេះ​ទៀត​អី សូម​មេត្តា​ឈប់​ប្រើ​ពាក្យ​អតីត​គូ​ដណ្តឹង​ទៀត​ទៅ ។ សូម​បញ្ជាក់​ឲ្យ​បាន​ជ្រាប​ច្បាស់​ផង​ដែរ​ថា គូ​ដណ្តឹង​និង​ជា​អនាគត​ភរិយា​ជាទី​ស្រឡាញ់​របស់ខ្ញុំ​មាន​តែ​ម្នាក់​គត់ គឺ​ធី​ណា​តា​»

ប្រភព ៖
កោះសន្តិភាព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload