ឆេះ​អីឆេះទៅ មិន​មែន​ឆេះ​ទ្រព្យ​អញទេ!

ខេត្តសៀមរាប ៖ ព្រៃ​លិច​ទឹក​ត្រូវ​បាន​ភ្លើង​កំពុង​ឆាបឆេះ​អស់​ជិត​​១០០​ហិក​​តា​​ទៅហើយ​ ស្ថិត​នៅ​ក្នុង​​តំបន់​​មេ​​ជ្រៃ ឃុំ​កែវ​​ពណ៌ ស្រុក​ពួក ខេត្ត​សៀម​រាប ត្រូវ​​​សង្ស័យថា មាន​​ក្រុម​​ពួក​ជន​ខិល​ខូច​​លប​​លួច​​ដុត ដើម្បី​​យក​ដី​ធ្វើស្រែ​ចំការ ដែល​ស្ថិត​នៅ​​តាម​បណ្តោយ​មាត់​បឹង​ទន្លេសាប  ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​រសៀល​ថ្ងៃ​ទី​០៩ ​មិថុនា ២០១៦​នេះ ភ្លើង​នៅ​មិន​ទាន់​រលត់​ទាំងស្រុង​នោះ​ទេ ដោយ​ពុំ​ទាន់​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​មួយ ចុះ​មក​ជួយ​ពន្លត់​នៅឡើយ ​គឺ​ឆេះ​ដោយ​សេរី ឆេះ​តាម​ចិត្ត ។

លោក​​អភិបាលរង​ស្រុក​​ពួក​បាន​ប្រាប់​ឱ្យ​​ដឹង​​តាម​ទូរស័ព្ទ នៅរសៀល​ថ្ងៃ​ទី​០៩ មិថុនា​ នេះ​ថា ការ​ឆេះ​ព្រៃ​លិច​ទឹក​​នេះ គឺ​ឆេះ​នៅ​តំបន់​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ជាប់​ព្រំប្រទល់​នឹង​ខេត្តសៀមរាប គឺ​មិន​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខេត្តសៀមរាប​​របស់លោកទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​សារ​ព័ត៌មាន បាន​ចុះ​ទៅ​ផ្តិត​រូបភាព​ដល់​កន្លែង​កើតហេតុ ស្ថិត​នៅ​ចំណុច​ទំនប់​មេ​ជ្រៃ រួច​បាន​ចូល​ទៅ​ជួប​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​មេ​ជ្រៃ ដោយ​សួរនាំ​ពួក​គាត់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ភ្លើង​ដែល​កំពុង​ឆេះ​ព្រៃរនាម​នេះ អស់​ប្រហែល​ជិត​១០០​ហិក​​តា គឺ​មិនមែន​ឆេះ​ដោយ​ឯកឯង​​ឡើយ ដោយ​មាន​គេ​លួច​ដុត ដើម្បី​យក​ដី​ធ្វើស្រែ​ចំការ ហើយ​ពួក​គាត់​ក៏​គ្មាន​សិទ្ធិ​អ្វី​ទៅ​ឃាត់​ពួក​គេ​​បាន​ដែរ គឺ​បាន​ត្រឹមតែ​មានការ​សោកស្តាយ​នូវ​ធនធានធម្មជាតិ ។

​នៅ​ពេល​រដូវវស្សា​ទឹក​ឡើង​មក​ដល់ តើ​ពួក​មច្ឆា​ជាតិ​មាន​​ទីជម្រក​ពង​កូន រក​ចំណី​យ៉ាងណា​ទៅ? ​។​ ម្យ៉ាងទៀត​ ការ​ដុត​បំផ្លាញ​ព្រៃ​នេះ ក៏​មាន​ក្រុម​ខិល​ខួច​មួយ​ចំនួន​បាន​កាប់​ព្រៃ​ដុត​ធ្វើ​ប្រឡាយ ក្នុង​ការ​ងាយស្រួល​សម្រាប់​ការ​ដាក់​នូវ​ឧបករណ៍​ លូ​ស្បៃ​មុងនៅ​ក្នុង រដូវវស្សា ដែល​ជា​ឧបករណ៍​ល្មើសច្បាប់​នេសាទ ត្រូវ​បាន​ហាមឃាត់​ទៀត​ផង ។

ក្នុង​នោះ​ដែរ ​បុរស​ម្នាក់​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កោះសន្តិភាព​ថា ភ្លើង​ដែល​កំពុង​ឆេះ​ព្រៃ​នេះ គឺ​ស្ថិត​នៅ​តំបន់​គោក​សួ​ស រាំង​ស្រោង , ខាងត្បូង​មេ​ជ្រៃ ស្ថិត​នៅ​ក្នុង​ឃុំ​កែវ​ពណ៌ ក្នុងស្រុក​ពួក ខេត្តសៀមរាប ហើយ​កាលពី​ម្សិលមិញ ​ក៏​មាន​ឆេះ​នៅ​តំបន់​មេ​ជ្រៃ​នេះ​​ផង​ដែរ តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​ចូល​ទៅ​ពន្លត់​បាន​ឡើយ ពីព្រោះ​មាន​ម្ចាស់​គ្រប់​គ្រង ​។