ចិន​កសាង​មន្ទីរពិសោធន៍​មួយ​ក្នុង​សមុទ្រ​ជម្រៅ​3​គីឡូម៉ែត្រ

ប្រទេស​ចិន​បាន​ពង្រឹង​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​អភិវឌ្ឍន៍ និង​កសាង​មន្ទីរពិសោធន៍​ក្នុង​ទឹក​ជ្រៅ​មួយ​ឯ​សមុទ្រ​ចិន​ខាងត្បូង ។

យោង​តាម​ទីភ្នាក់ងារ BLOOMBERG ក្រសួង​វិទ្យាសាស្ត្រ​ចិន​និយាយ​ថា មន្ទីរពិសោធន៍​នេះ​នឹង​ស្ថិត​នៅ​ក្នុង​ទឹក​ជម្រៅ​ជាង​៣​គីឡូ   ម៉ែត្រ ។ ទិស​ដៅ​របស់​មន្ទីរពិសោធន៍ គឺ​សិក្សា​បណ្តា​ធនធាន​ក្នុង​សមុទ្រ ។ ក៏​ប៉ុន្តែ​ទីតាំង​នេះ​ក៏​នឹង​អាច​ប្រើ​ផង​ដែរ សម្រាប់​ទិស​ដៅ​យោធា​ក្នុង​ដែនទឹក​មាន​ជម្លោះ ។

គម្រោង​នេះ​ត្រូវ​បាន​ស្នើ​ក្នុង​ក្រប​ខណ្ឌ​នៃ​ផែនការ​៥​ឆ្នាំ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស ហើយ​វា​ជា​អាទិភាព​ទី​២ ក្នុង​ចំណោម​អាទិភាព​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទាំង​១០០ របស់​ចិន ។ ម្យ៉ាងវិញទៀត ទិស​ដៅ​យុទ្ធសាស្ត្រ​របស់​ក្រុង​ប៉េ​កាំ​ង​គឺ​ចង់​ក្លាយជា​មហាអំណាច​បច្ចេកវិទ្យា​មួយ​រហូត​ដល់​ឆ្នាំ​២០៣០ ។

BLOOMBER ធ្វើការ​កត់​សម្គាល់ថា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុង​ប៉េ​កាំ​ង បង្ហាញ​ពី​មហិច្ឆតា​ធំ​ៗ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្លូវ​នាវាចរណ៍​ពាណិជ្ជកម្ម​សំខាន់​បំផុត​មួយ​នៃ​ពិភពលោក ។ ១០%​នៃ​មច្ឆា​សមុទ្រ​ពិភពលោក​ប្រមូលផ្តុំ​នៅ​ទីនោះ ។ ម្យ៉ាងវិញទៀត សមុទ្រ​ចិន​ខាងត្បូង សម្បូរ​ធនធាន​ប្រេងកាត និង​ឧស្ម័ន​ធម្មជាតិ ។ បច្ចុប្បន្ន​ក្រុង​ប៉េ​កាំ​ង ប្រកាស​យក​៨០%​នៃ​សមុទ្រ​ចិន​ខាងត្បូង ព្រមទាំង​បង្កើត​នាទី​នោះ​នូវ​កោះ​សិប្បនិមិត្ត​ទាំងឡាយ ដែល​ញ៉ាំង​ឱ្យ​មាន​ភាព​តានតឹង​ថែម​ទៀត ជាមួយ​វៀតណាម និង​ហ្វ៊ី​លី​ពី​ន ។

យោង​តាម​ការិយាល័យ​ជាតិ​នៃ​ស្ថិតិ​របស់​ចិន​ថា ក្នុង​ឆ្នាំ​២០១៥ ចិន​អាច​ទាក់ទាញ​វិនិយោគសាធារណៈ និង​ឯកជន​ប្រមាណ​ជា​២១៦​ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​នេះ ខណៈ​ការ​ចំណាយ​សរុប​របស់​ក្រុង​ប៉េ​កាំ​ង​លើ​ផ្នែក​ការពារ​មាន​ប្រមាណ​ជា​១៤៥​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ៕