4​នាក់​ប្រកួត​ឈ្នះ​ចាញ់ និង​4​នាក់​ដណ្ដើម​ពិន្ទុ​ជា​លក្ខណៈ​អន្តរជាតិ​នៅ​លើ​រេញ​ទូរទស្សន៍​អា​ស៊ីអាគ្នេយ៍

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ប្រកួត​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ចំនួន​៤​គូរ​វាង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​ផង​ដែរ នៅ​ថ្ងៃអាទិត្យ​ទី​១២ មិថុនា ខាន​ស្អែក ។ កីឡាករ​ទាំង​៨​រូប​នឹង​បង្ហាញខ្លួន​៤​រូប​នៅ​ក្នុង​ការ​ប្រកួត​ពេល​ព្រឹក និង​៤​រូប​នៅ​ក្នុង​ការ​ប្រកួត​ពេល​រសៀល​ដោយ​ក្នុង​មួយ​ព្រឹត្តិការណ៍​ៗ គឺ​មាន​កីឡាករ​ខ្មែរ​២​រូប និង​បរទេស​២​រូប ។

សម្រាប់​ព្រឹត្តិការណ៍​«Ganzburg Top Fighter» ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក កីឡាករ គឿ​ម សុវណ្ណ​នឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​កាំ​ឡៃ យោគ និង កីឡាករ​សា​រឿ​ន ច័ន្ទ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​យ៉​ត ភិត​។ សំអាង​លើ​ប្រវត្តិ​ប្រកួត​បាន​៤៨​លើក ឈ្នះ​៣៨​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក កីឡាករ គឿ​ម សុវណ្ណ​នឿ​ត ហាក់​មិន​មាន​សង្ឃឹម​ច្រើន​ទេ ទៅ​លើ​គូប្រកួត​ជា​កីឡាករ​ថៃ ដែល​ប្រកួត​បាន​ដល់​៧៣​លើក ឈ្នះ​៦០​លើក និង​ចាញ់​១៣​លើក​ដែល​នាំមុខ​ខ្លួន ។ ទោះបី​យ៉ាងណា មន្ត្រី​ជា​អ្នកដឹកនាំ​កីឡាករ​កម្ពុជា​នៅ​តែ​ជឿជាក់​ថា​កីឡាករ​កម្ពុជា​រូប​នេះ​អាច​ទៅ​រួច​ដោយ​អះអាង​ថា គេ​ប្រកួត​បាន​តិច​ជាង​មែន ប៉ុន្តែ​សមត្ថភាព​គេ​ខ្លាំង​ហើយ​មាន​កម្រិត​វាយលុក​ល្អ​។ មិន​ខុស​គ្នា​ដែរ​លោក​ថៃ អ៊ូ ដែល​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត ក៏​ជឿជាក់​លើ​កីឡាករ​របស់​ខ្លួន​ផង​ដែរ ។

ងាក​ទៅ​កាន់​គូ​ទី​២​វិញ កីឡាករ​សា​រឿ​ន ច័ន្ទ ដែល​ធ្លាប់​ប្រកួត​បាន​៨១​លើក ឈ្នះ​៦៩​លើក ចាញ់​១០​លើក និង​ស្មើ​២​លើក ក៏​មាន​ជំនឿ​ចិត្ត​ថា នឹង​ទទួល​ជ័យជម្នះ​មិន​អន់​ផង​ដែរ បើ​ទោះជា​កីឡាករ​ថៃ​ជា​គូប្រកួត​របស់​គេ​ធ្លាប់​ប្រកួត​បាន​ដល់​៨១​លើក​ដូច​គ្នា ឈ្នះ​៦៦​លើក និង​ចាញ់​១៥​លើក ។ នោះ​គឺ​ដោយសារ​តែ​យល់​ឃើញ​ថា ​កីឡាករ​ថៃ​មាន​ភាគ​រយ​ចាញ់​នៅ​លើ​សង្វៀន​ច្រើន​ជាង ទើប​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ជឿជាក់។ គូ​នេះ អ្នក​ឃ្លាំមើល​ពិបាក​បង្ហាញ​អារម្មណ៍​ទុកចិត្ត ដោយសារ​តែ​កីឡាករ​ថៃ​ថ្វី​ដ្បិតថា​មាន​ភាគរយ​ចាញ់​​ច្រើន​ជាង​នៅ​លើ​សង្វៀន ប៉ុន្តែ​កីឡាករ​ថៃ​ត្រូវ​គេ​ដឹង​ជា​ទូទៅ​ថា​កាន់តែ​ល្បី​កាន់តែ​ឡើង ដែល​ខុស​ពី​សា​រឿ​ន ច័ន្ទ ហាក់​ធ្លាក់ដៃ​ជាង​មុន​សម្រាប់​ការ​ប្រកួត​ក្រោយ​ៗ ។ យ៉ាង​ណា​​ក៏​ដោយ ចំពោះ​លទ្ធផល​ជាក់ស្ដែង គឺ​មាន​តែ​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ប៉ុណ្ណោះ​ទើប​កាត់ក្ដី​បាន ។

សម្រាប់​សមាសភាព​៤​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃអាទិត្យ​នោះ​ដែរ គឺ​កីឡាករ​ជា សំនៀង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផា យ៉ាក់​ណ​យ និង​កីឡាករ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​អង់គ្លេស​ឈ្មោះ​គី​រ៉​ន ចេស​សូប ។ ការ​ប្រកួត​រវាង​កីឡាករ​ទាំង​៤​រូប​មិន​គ្រាន់តែ​ជា​ការ​ប្រកួត​ចាញ់​​ឈ្នះ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​ក៏​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​សម្រាប់​បោះ​ជំហាន​ទៅ​រក​ការ​ដណ្ដើម​ចំណាត់ថ្នាក់​ជើងឯក​ផង​ដែរ ។

អ្នក​ទាំង​៤​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​អន្តរជាតិ​ស្រា​បៀរ​កម្ពុជា​លើក​ទី​២​ក្នុង​ជុំ​ទី​២ ចាប់ពី​ម៉ោង​២​រសៀល​ទៅ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ដំណើរការ​បាន​មួយ​ជុំ​ម្នាក់​រួច​ទៅ​ហើយ សម្រាប់​កីឡាករ​កម្ពុជា និង​បរទេស​ទាំង​៨​រូប ។ ឆ្លងកាត់​ការ​ប្រកួត​បាន​៧១​លើក ឈ្នះ​៥៧​លើក និង​ចាញ់​១១​លើក ជា សំនៀង មិន​មាន​សង្ឃឹម​ច្រើន​ណាស់ណា​ទេ​ក្នុង​ការ​យ​កបាន​៣​ពិន្ទុ ដោយសារ​តែ​កីឡាករ​ថៃ​បាន​ឆ្លងកាត់​ការ​ប្រកួត​ដល់​៨១​លើក ឈ្នះ​៦៩​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ។ សម្រាប់​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​មួយគូ​ទៀត មឿន សុខ​ហ៊ុ​ច ធ្លាប់​ប្រកួត​បាន​១១៤​លើក ឈ្នះ​៨៩​លើក ចាញ់​២១​លើក និង​ស្មើ​៤​លើក ក្នុង​ពេល​ដែល​កីឡាករ​អង់គ្លេស​គ្រាន់តែ​ជា​កីឡាករ​ក្មេងខ្ចី​ធ្លាប់​ប្រកួត​បាន​៣៦​លើក ឈ្នះ​៣០​លើក  និង​ចាញ់​៦​លើក ដែល​ត្រូវ​គេ​មើលឃើញ​ថា​ពិតជា​ងាយ​ស៊ី​ដូច​បក​ចេក ៕