នគរបាល​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ ​បង្កើន​ការ​ត្រួតពិនិត្យ​អ្នក​ធ្វើដំណើរ​ឲ្យ​ចេះ​គោរព​ច្បាប់​

នគរបាល​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ ​បង្កើន​ការ​ត្រួតពិនិត្យ​អ្នក​ធ្វើដំណើរ​ឲ្យ​ចេះ​គោរព​ច្បាប់​



ភ្នំពេញ ​៖ ​នគរបាល​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ​ដោយ​ទទួល​បញ្ជា​ពី​លោក​អធិការ​បាន​ដាក់​កម្លាំង​ចុះ​ត្រួតពិនិត្យ​អ្នកធ្វើ​ដំណើរ​តាម​ដងផ្លូ ​ដោយ​ក្នុង​បំណង​ចង់​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ ​​​ចេះ​ និង​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​គ្រប់គ្នា ​ដើម្បី​កាត់បន្ថយ​ការ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​​។​

នគរបាល​ចរាចរណ៍​ខណ្ឌ​ច្បារ​អំពៅ​ ដែល​កំពុង​បំពេញការងារ​តាម​ដងផ្លូវ​ជាតិ​លេខ​១​ថា​ ការ​ដាក់​កម្លាំង​ត្រួតពិនិត្យ​លើ​អ្នក​ធ្វើដំណើរ​ជា​រៀងរាល់​ថ្ងៃនេះ​គឺ​ពុំ​មែន​ចង់​បាន​ប្រាក់​ផាកពិន័យ​ពី​ពួកគាត់​ទេ ​សំខាន់​ចង់​ឲ្យ​ពួក​គាត់​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍, ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ ដើម្បី​កាត់បន្ថយ​ការ​ស្លាប់​ និង​របួស​ ដោយសារតែ​ការ​ធ្វេសប្រហែស​នោះ។

នគរបាល​បាន​និយាយ​ថា បើ​សិន​ជា​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​នាំគ្នា​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​នោះ​គឺ​ច្បាស់​ជា​គ្មាន​អ្នក​ស្លាប់​ ឬ​របួស​ទៀត​ឡើយ​ ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រាល់​ថ្ងៃ​នេះ​គឺ​ភាគ​តិច​ណាស់​ ដោយ​លក្ខណៈ​បច្ចេកទេស​ ច្រើន​ជា​កំហុស​អ្នក​បើក​ ដែល​​មានះ​បើកបរ​ទាំង​បំពាន​ទោះ​ដឹង​ថា ​ខុស​ក៏​នៅតែ​ចចេស ​លុះដល់​ជួប​គ្រោះថ្នាក់​ ទើប​ដឹង​កំហុស ​ប៉ុន្តែ​អ្វីៗ​វា​ហួសពេល​ទៅ​ហើយ​។​

នគរបាល​បាន​បញ្ជាក់​ថា​ សិស្សសាលា​មួយចំនួន​នៅតែ​មិន​គោរព​ច្បាប់​ចរាចរណ៍​ ហើយ​បើកបរ​ចង់​ជាន់​សមត្ថកិច្ច​ទៅ​ទៀត ​ក្នុង​នោះ​ក៏​ដោយសារ​អាណាព្យាបាល​មិន​ប្រៀនប្រដៅ​ខ្លះ​លើក​តម្កើង​កូន​ជ្រុល​ លុះ​ដល់​ជួប​គ្រោះថ្នាក់​ទើប​ស្ដាយ​រូប​កាយ​កូន​។​ ម្យ៉ាងទៀត ​លោក​គ្រូ ​អ្នកគ្រូ​ គួរតែ​ដាក់​វិន័យ​ដល់​សិស្ស​ ដែល​មិន​ពាក់មួក​ការពារ​សុវត្ថិភាព ​គ្មាន​កញ្ចក់ ​គ្មាន​ពាក់​ស្លាក​លេខ​គឺ​មិន​ត្រូវ​ឲ្យ​យក​ម៉ូតូ​ចូល​សាលា ​ឬ​មិន​ឲ្យ​សាលា​ ទើប​សិស្ស​ខ្លាច ​និង​វិធានការ​មួយទៀត ​ត្រូវ​ជូនដំណឹង​ទៅ​អាណាព្យាបាល​សិស្ស​ឲ្យ​ជួយ​ណែនាំ​កូន​នៅ​ពេល​ដែល​លោកគ្រូ អ្នកគ្រូ​ខ្លះ​ ខ្លាច​កូនសិស្ស​មាន​គំនុំ​ទៀត​ផង​នោះ​។

នគរបាល​សុំ​ឲ្យ​ប្អូនៗ​សិស្សានុសិស្ស​ត្រូវ​ចេះ​ស្រឡាញ់​អាយុជីវិត​របស់​ខ្លួន​ ព្រោះ​ការ​ធ្វេសប្រហែស​តែ​បន្តិច​ ប្អូន​នឹង​ត្រូវ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត​ ពេល​ប្អូន​ធ្លាក់ខ្លួន​ពិការ​៕