ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​មួយ​ បាន​កើតឡើង​កាល​ពី​ពេល​ទៀបភ្លឺ ធ្វើ​ឲ្យ​សមត្ថកិច្ច ប៉ូលិស​និង​អាវុធហត្ថ​ទាំង​២​រុករក​ជនសង្ស័យ​

ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​មួយ​ បាន​កើតឡើង​កាល​ពី​ពេល​ទៀបភ្លឺ ធ្វើ​ឲ្យ​សមត្ថកិច្ច ប៉ូលិស​និង​អាវុធហត្ថ​ទាំង​២​រុករក​ជនសង្ស័យ​



ឧត្តរមានជ័យ ៖ ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​​ម្នាក់​ បាន​ធ្វើ​សកម្មភាព​ចូល​លួច​កាត់​សោ​តូប លក់​ឥវ៉ាន់​ចាប់ហួយ​ បម្រុង​យក​ម៉ូតូ ម៉ាក​សេ​១២៥​ស៊េរី​២០១៦​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់ ផ្ទះ​ឈ្មោះ​ប្រម ជុល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​ បាន​ភ្ញាក់​ទាន់​ ស្រែក​ឆោឡោ​ឡើង។ ពេលនោះ​​ជនសង្ស័យ​បាន បាញ់​១​គ្រាប់​គំរាម​ រួច​រត់​គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​បាត់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ចា​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។​

តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សំបកការទុស្ស ​ដែល​ចោរ​បាញ់​នៅ​កន្លែង​កើតហេតុ គឺ ជា​កាំភ្លើង​ម៉ាកK៥៩ បន្ទាប់ពី​ចោរ​ខាងលើ​រត់គេច​ខ្លួន ​​ក្នុងពេលនោះ លោក​ ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​អំពាវនាវ ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​អង្គភាព ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ បើ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន លោក​ នឹង​ប្រគល់​រង្វាន់​ចំនួន​៣​លាន​រៀល។ រហូត​មកដល់ពេលនេះ កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ ​កំពុង​ដុត​ដៃ ដុត​ជើង រុករក​ស្រាវជ្រាវ​បន្ត​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ឲ្យ​ខាន​តែ​បាន​៕