សត្វ​អណ្ដើក ​និង​សត្វ​ពស់ថ្លាន់​ ​ត្រូវ​បាន​ជួយសង្គ្រោះ​ និង​យក​មកព្រ​លែង​ នៅក្នុង​តំបន់​អភិរក្ស​ទន្លេ​សា​ប​វិញ​

សត្វ​អណ្ដើក ​និង​សត្វ​ពស់ថ្លាន់​ ​ត្រូវ​បាន​ជួយសង្គ្រោះ​ និង​យក​មកព្រ​លែង​ នៅក្នុង​តំបន់​អភិរក្ស​ទន្លេ​សា​ប​វិញ​



កំពង់ឆ្នាំង ​៖ ​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ សត្វ​អណ្ដើក​គ្រប់​ប្រភេទ​៣៩​ក្បាល​ និង​សត្វ​ពស់​ថ្លាន់​២​ក្បាល​ ដែល​ជា​សត្វ​កម្រ ​​និង​​ជិត​ផុត​ពូជ​ទៅ​ហើយ​នោះ ​ត្រូវ​បាន​ដឹក​យក​មក​ធ្វើ​ការ​ព្រលែង​នៅ​ក្នុង​តំបន់​ការ​ពារ​ធម្មជាតិ​បឹង​ទន្លេសាប​វិញ។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ សត្វ​អណ្ដើក ​និង​សត្វ​ពស់ថ្លាន់ ​ត្រូវ​បាន​គេ​យក​មក​​ព្រលែង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​០៩ ខែ​មិថុនា​ ឆ្នាំ​២០១៦​ ដោយមាន​ការចូលរួម​ពី​ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វព្រៃ​ សហការ​ជាមួយ​មន្ត្រី​បរិស្ថាន​បឹង​ទន្លេសាប​ និង​ប្រធាន​គម្រោង​ ដែល​ហៅ​កាត់​( WR​RT)​ ដោយ​​​ព្រលែង​​​នៅ​ក្នុង​តំបន់​ការពារ​អភិរក្ស​អតីត​ឡូត៍​នេសាទ​លេខ​១​ស្លត​ ​​ស្ថិត​ក្នុង​ភូមិ​ផ្លូវ​ទូក ​ឃុំ​ផ្លូវ​ទូក ​ស្រុក​កំពង់លែង ​ខេត្តកំពង់ឆ្នាំង។

យោង​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ សត្វ​អណ្ដើក​ដែល​យក​មក​ធ្វើ​ការ​ព្រលែង​នៅ​ពេល​នេះ​គឺ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ ខណៈ​​ក្រុម​ឈ្មួញ​ព្យាយាម​ដឹក​តាម​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បន្លំ​ភ្នែក​សមត្ថកិច្ច​បម្រុង​ឆ្លងដែន​ចូល​ទៅ​ប្រទេស​វៀតណាម​នៅ​ត្រង់​ចំណុច​កោះធំ​ ខេត្តកណ្តាល​កន្លងទៅ។ ក្រោយ​ការ​បង្ក្រាប​បាន​នូវ​​សត្វ​កម្រ និង​ផុត​ពូជ​ខាង​លើ​នេះ​ សមត្ថកិច្ច​បាន​នាំ​យក​មក​ធ្វើការ​ព្រលែង ​ដើម្បី​ថែរក្សា​អភិរក្ស​ការពារ​សត្វ​ដ៏​កម្រ ​និង​ជិត​ផុត​ពូជ​នេះ​ឡើងវិញ ​និង​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ឲ្យ​បាន​ ខណៈ​ក្រុម​ឈ្មួញ​នៅតែ​បន្ត​ចរាចរ​ដឹក​ឆ្លងកាត់​ទៅ​ប្រទេសជិតខាង។

ចុងក្រោយ​ សមត្ថកិច្ច​បាន​ធ្វើការ​អំពាវនាវ​ ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ សូម​ចូលរួម​ធ្វើ​ការ​ការពារ​ និង​អភិរក្ស​ពូជ​សត្វ​ដ៏​កម្រ​ខាង​លើ​នេះ​ឡើងវិញ ក្នុង​នោះ​បើ​បានដឹង​ពី​ទី​កន្លែង​ទិញ​ ឬ​ស្តុក​នាំចេញ​ សូម​ទំនាក់ទំនង​មក​សមត្ថកិច្ច​មន្ទីរ​បរិស្ថាន​ ឬ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ធ្វើការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេ​លា។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​កន្លងមក​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ​ឃាត់​ស្ទាក់​ចាប់​បាន​សត្វ​អណ្ដើក ​និង​សត្វ​ពស់​រាប់​រយ​ក្បាល​ ដែល​ក្រុម​ឈ្មួញ​រិះរក​គ្រប់​ល្បិច​ដឹក​តាម​រថយន្តក្រុង​ដឹក​អ្នក​ដំ​ណើរ​ ដើម្បី​បន្លំ​ភ្នែក​ ខណៈ​សមត្ថកិច្ច​នៅ​តាម​ផ្លូវ​បណ្ដាក់​គ្នា​ដូច​ខ្យង​ទាំងយប់​ទាំង​ថ្ងៃ​ផង​ដែរ​នោះ៕