ព្រៃផ្សៃ​ណាស់ ! រំលោភ​ក្មេង​ស្រី​៨​ឆ្នាំ​ដល់​ទៅ​៣​ដង

ខេត្តកោះកុង ៖ ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​ត្រូវ​យុវជន​ម្នាក់​ល្បូ​ង​ឡើង​លើ​ភ្នំ​ឆ្ងាយ​ពី​ផ្ទះ​រួច​ចាប់រំលោភ​ក្មេង​ស្រី​ជា​បង​បាន​សម្រេច​រហូត​ដល់​ទៅ​៣​ដង ដែល​ហេតុការណ៍​នោះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​លើ​ភ្នំ ស្ថិត​ក្នុងភូមិ​ចាំ​យាម ឃុំ​បាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

សមត្ថកិច្ច​ប៉ូលិស​ស្រុក​មណ្ឌល​សីមា​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​៩​មិថុនា ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​បាន​ពឹង​ជនសង្ស័យ​ឲ្យ​ជូន​កូន​គាត់​ទៅ​សាលារៀន​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២០០​ម៉ែត្រ ដោយ​យក​ម៉ូតូ​របស់​ខ្លួន​ឌុ​ប​កូន​ទាំង​២​ទៅ ព្រោះ​ជនសង្ស័យ​និង​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​នៅផ្ទះ​ជិត​គ្នា ប៉ុន្តែ​ជនសង្ស័យ​នៅផ្ទះ​ជួល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា លុះដល់​ពេល​ល្ងាច​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ពុំ​ឃើញ​ត្រឡប់​មក​វិញ ក៏​ផ្អើល​ឆោឡោ​នាំ​គ្នា​ដើរ​រក និង​ទៅ​ប្តឹង​សមត្ថកិច្ច តែ​រក​មិនឃើញ​ជនសង្ស័យ និង​កូនស្រី​ទាំង​២​នាក់​របស់​ខ្លួន​ឡើយ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ទើប​ឃើញ​កូនស្រី​ទាំង​២​នាក់​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ខ្លួនឯង បន្ទាប់​មក​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​មក​តាម​ក្រោយ សមត្ថកិច្ច​ក៏​ចាប់ខ្លួន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​នាំ​ក្មេង​ស្រី​ទាំង​២​នាក់​បងប្អូន​យក​ទៅ​លើ​ភ្នំ​ឆ្ងាយ​ពីសា​លា ហើយ​រំលោភ​ក្មេង​ស្រី​បង​បាន​សម្រេច​៣​ដង ចំណែក​ប្អូន​មិន​បាន​រំលោភ​ទេ គ្រាន់តែ​លូក​បៀតបៀន​កេរ្តិ៍​ភេទ​តែ​ប៉ុណ្ណោះ ហើយ​ក៏​នៅ​ដេក​ក្នុង​ព្រៃ​មួយ​យប់​ទៅ លុះ​ព្រឹក​ឡើង​ក៏​ដោះ​លែង​ក្មេង​ស្រី​ទាំង​២​នាក់​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ចំណែក​ម៉ូតូ​ទុក​ចោល​កណ្ដាល​ព្រៃ​ព្រោះ​ជ្រុះ​បាត់​កូនសោ ។

សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ល្បួង​ក្មេង​ស្រី​យក​ទៅ​រំលោភ​សេពសន្ថវៈ​នេះ​ឈ្មោះ ឈឹ​ម រ៉ា​ឌី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​ផ្ទះ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់ បង​ទើបតែ​អាយុ​៨​ឆ្នាំ ឯ​ប្អូន​វិញ​ទើបតែ​អាយុ​៤​ឆ្នាំ​ប៉ុណ្ណោះ ៕