ផ្លោះ​របង​ចូល​ហាង​លក់​សាច់​អាំង​១៦៨ ម្ចាស់ឃាត់ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ខណ្ឌ​សែន​សុខ បន្ទាប់​ពី​ផ្លោះ​របង​ចូល​ទៅ​ក្នុង​ហាង​លក់​សាច់​អាំង​១៦៨ តាម​មហា​សហព័ន្ធ​រុ​ស្សី នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ម៉ោង​០៤​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ មិថុនា ២០១៦ ប៉ុនប៉ង​លួច​តែ​ពុំ​បាន​សម្រេច​។
ជនសង្ស័យ​ឈ្មោះ  ណា រ៉ាត់ អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ចំណែក​ដើមបណ្តឹង​ឈ្មោះ ឌិ​ត ភាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មេកា​ហាង​ខាងលើ ស្នាក់​នៅ​ក្នុង​ហាង​និង​មានស្រុក​កំណើត​ភូមិ​កណ្តាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​មាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​បាន​ផ្លោះ​របង​ចូល​មក​ក្នុង​ហាង​សាច់​អាំង​១៦៨ ខណៈនោះ​សន្តិសុខ​សួរនាំ ជនសង្ស័យ​ម្នាក់​បាន​ផ្លោះ​របង​ចេញ​ទៅ​បាត់ នៅ​សល់​ម្នាក់​ក៏​ឃាត់ខ្លួន​បាន​តែ​ម្តង​។ នៅ​ក្នុង​សកម្មភាព​ជនសង្ស័យ​ពុំ​ទាន់​លួច​បាន​អ្វី​នោះ​ទេ​។ នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា​ព ណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CU-2439 ដែល​ជនសង្ស័យ​ទុក​ចោល​ក្រៅរបង​មុខ​ហាង​ផង​ដែរ​៕