តើណាហ្គាវើល និងខេមបូឌានថាយហ្គឺរ អាចកាត់បន្ថយភាពខ្លាំងរបស់ទ័ព និងបឹងកេត បានទេ?

ក្រុមកំពុងឈរនៅលើកំពូលតារាង ក្រសួងការពារជាតិ(ទ័ព) និងបឹងកេតអង្គេរ ដែលមាន២១ពិន្ទុដាច់ពីគេនោះ នឹងត្រូវប្រឈមនូវការប្រកួតដ៏តានតឹងដូចគ្នា ក្នុងការប្រកួតបញ្ចប់ជើងទី១ នៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦ នាថ្ងៃសុក្រ ថ្ងៃសៅ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

mm2

ក្រុមទ័ព ត្រូវជួបក្រុមកំពុងឡើងជើង ខេមបូឌានថាយហ្គឺរ ដែលពួកគេធ្លាប់ឈ្នះ ២-១ និងចាញ់ ២-០ កាលពីឆ្នាំមុន រីឯបឹងកេត ត្រូវប្រឈមជាមួយគូសត្រូវចាស់ ក្រុមណាហ្គាវើល ដែលធ្លាប់ទម្លាប់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៥។ បឹងកេត បានឈ្នះណាហ្គាវើលទាំង២ជើងជាមួយលទ្ធផល ១-០ និង ២-១ ប៉ុន្តែការឡើងមកជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បឹងកេតបានចាញ់ណាហ្គាវើល ក្នុងលទ្ធផលសរុបទាំង២ជើង ៤-៣ ព្រោះណាហ្គាវើល បានឈ្នះ ៣-១ ក្នុងជើងទី១ មុនពេលចាញ់បឹងកេត ១-២ វិញនៅជើងទី២។

mm1

យ៉ាងណាក៏ដោយ ការវិលមកជួបគ្នារវាងក្រុមខ្លាំងទាំង៤នេះ គេនៅមិនទាន់ដឹងថា នឹងមានលទ្ធផលបែបណានោះទេ? ប៉ុន្តែមួយរយៈចេញក្រោយនេះ ណាហ្គាវើល និងខេមបូឌានថាយហ្គឺរ ហាក់មានពេលហ្វឹកហាត់ជុំគ្នាបានល្អជាង ព្រោះកីឡាករសំខាន់ៗរបស់ទ័ព និងបឹងកេត ភាគច្រើនជាងរវល់ហាត់ និងលេងជាមួយក្រុមជម្រើសជាតិ ហើយបញ្ហានេះក៏បានធ្វើឲ្យលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមទ័ព និងលោក ប្រាក់ សុវណ្ណារ៉ា គ្រូបឹងកេត មានការមិនសប្បាយចិត្តចំពោះកាលវិភាគប្រកួតដ៏មមាញឹករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមអាស៊ីអឺរ៉ុប ដែលពួកគេធ្លាប់ឈ្នះ ៣-២ និងស្មើ ១-១ ពីឆ្នាំមុន ឯក្រុមម្ចាស់ជើងឯកភ្នំពេញក្រោន ដែលទើបមាន១១ពិន្ទុ ត្រូវជួបក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ដែលពួកគេធ្លាប់លត់ ៤-១ និង ១០-១ កាលពីឆ្នាំមុន ហើយក្រុមមិនធ្លាប់ឈ្នះសោះ អគ្គស្នងការនគរបាលជាតិ(ប៉ូលិស) ត្រវជួបក្រុមធ្លាក់ទម្រង់លេង វេស្ទើន ដែលពួកគេធ្លាប់ឈ្នះ ៣-០ និង ២-០ កាលពីរដូវកាលឆ្នាំ២០១៥៕

tableforsoccer1

tableforsoccer2