ប្រធានាធិបតី​វៀតណាម​​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១៥ មិថុនា

ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា អោយ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះ​ករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក ត្រឹង ដាយ ខ្វាង នឹង​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ ហើយ​​ជួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រៅ​ពី​នេះ​លោក ត្រឹង ដាយ ខ្វាង នឹង​ចូល​ថ្វាយ​បង្គំ​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្ដេច​ព្រះ​អភិសិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា លើក​ទី​១ ចាប់​តាំង​ពី​លោក ត្រឹង ដាយ ខ្វាង ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​វៀតណាម បោះឆ្នោត​ជ្រើសរើស​ធ្វើ​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាល​ពី​ដើម​ខែ​មេសា កន្លង​ទៅ។ កាល​ពី​ដើម​ខែ​មិថុនា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្មី​របស់​វៀតណាម លោក ង៉ូ ស៊ុន លិច្ស (Ngo Xuan Lich) ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​មាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។