បើកទ្វារ​ឡាន​មិន​ប្រយ័ត្ន​ប៉ះ​ម៉ូតូ​កង់​បី​និង​រថយន្ត​ព្រូស

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ចូល​ចត​លើ​ផ្លូវ​រួច​បើកទ្វារ​ចេញ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​បើក​មក​បុក​ហើយ​រេ​ទៅ​ប៉ះ​រថរ​យន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​ទៀត​បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំង​៣​គ្រឿង​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​២៥​នាទី ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ខាង​មុខ​ផ្ទះ​លេខ​៩៩B តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ព៌​ណ​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-5919 មួយ​គ្រឿង​បើកបរ​ដោយ​បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បាន​ដាក់​ភ្លើង​ស៊ី​ញ៉ូ​ចូល​ចត​លើ​ផ្លូវ​ខាងស្តាំ ។ ពេល​ដែល​រថយន្ត​នោះ​ចូល​ចត​រួច​ហើយ​បុរស​អ្នកបើកបរ​រថយន្ត​ខាងលើ​ក៏​បាន​បើកទ្វារ​ខាងឆ្វេង​បម្រុង​ចុះ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ទៅ​ប៉ះ​នឹង​ម៉ូតូ​រ៉ឺ​ម៉ក​មួយ​គ្រឿង​ដែល​មក​ទន្ទឹម​គ្នា បណ្តាល​អោយ​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្ត​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-2879 មួយ​គ្រឿង​ទៀត​បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំង​៣​គ្រឿង​យ៉ាងដំណំ​តែ​ម្តង តែ​សំណាងល្អ​មិន​បណ្តាល​អោយ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​៣ ទាំង​រថយន្ត​ទាំង​ពីរ​គ្រឿង​និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​បាន​ធ្វើការ​ដោះស្រាយ​គ្នា​ដោយ​ខ្លួនឯង និង​មិន​មាន​ម​មន្ត្រី​នគរបាល​មូលដ្ឋាន​ណា​ម្នាក់​ចុះ​មក​ឡើយ ដោយ​ភាគី​រថយន្ត​ហា​លែ​ន​ឌ័​រ​ចេញថ្លៃ​ជួសជុល​អោយ​រថយន្ត​ព្រូស និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ដើម្បី​បញ្ចប់រឿង​ផង​ដែរ ៕