តំណាង​អយ្យការ​ចោទ​លោក ស៊ឹង ប៊ុ​ណ្ណា​ពី​បទ​«​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​»

រាជធានី​ភ្នំពេញ ៖​ទីបំផុត​ទៅ​បន្ទាប់​ពី​សួរ​ដេញដោល​ជាង​៤​ម៉ោង​នោះ​រួច​មក តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញា​រង សេង ហ៊ា​ង បាន​ចោទ​អគ្គនាយក​ហ៊ុន​អចលនទ្រព្យ​បុ​ណ្ណា​រៀល​ធី​គ្រុប លោក ស៊ឹង ប៊ុ​ណ្ណា ពី​បទ​«​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» តាម​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រ​តិ​បត្ត​ការ​ទូទាត់​សង​ប្រាក់ និង​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត ។

សូម​បញ្ជាក់​ថា អគ្គនាយក​ហ៊ុន​អចលនទ្រព្យ​បុ​ណ្ណា​រៀល​ធី​គ្រុប លោក ស៊ឹង ប៊ុ​ណ្ណា បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​នៅ​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ មិថុនា ២០១៦ ពាក់​ព័​ន្ឋ​នឹង​ការ​ចេញ​សែក (Check) អត់​សាច់ប្រាក់​៤០​ម៉ឺន​ដុល្លារ និង​បាន​បញ្ជូន​ភ្លាម​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ដើមបណ្តឹង​សំណុំរឿង​នេះ​គឺ​លោក​ឧកញ៉ា កែវ ហ៊ុន  ។ ដំណើររឿង​លោក ស៊ឹង ប៊ុ​ណ្ណា បាន​ខ្ចីប្រាក់​លោក​ឧកញ៉ា កែវ ហ៊ុន ចំនួន​៤០​ម៉ឺន​ដុល្លារ​ថា​យក​ទៅ​ប្រកប​របរ​រកស៊ី និង​សង​លោក​ឧកញ៉ា កែវ ហ៊ុន​វិញ តាម​រយៈ​មូល​ប្ប​ទា​នប​ត្រ​(​សែក​) ប៉ុន្តែ​ពេល​លោក​កែវ ហ៊ុន ទៅ​បើក​លុយ ខាង​ធនាគារ​ថា​ជា​សែក​ស្អុយ (​អត់​សាច់ប្រាក់​) ក៍​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។ បើ​តាម​អ្នក​ច្បាប់​លោក ស៊ឹង ប៊ុ​ណ្ណា ទំនង​គេច​មិន​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ​ទេ ៕