ពិត​ជា​សាហាវ​មែន! ​នាំ​ក្មេង​​​​ស្រី​ម្ដង​ដល់​ទៅ​២នាក់​យក​ទៅ​រំលោភ ​ទីបំផុត​ត្រូវ​ជាប់​ទ្រុង

ពិត​ជា​សាហាវ​មែន! ​នាំ​ក្មេង​​​​ស្រី​ម្ដង​ដល់​ទៅ​២នាក់​យក​ទៅ​រំលោភ ​ទីបំផុត​ត្រូវ​ជាប់​ទ្រុង



កោះកុង ៖ បុរស​​​​​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅ​ក្បែរ​វត្ត​ចាំ​យាម ក្នុង​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ក្រោយពី​ជនសង្ស័យ​រូប​នេះ ​បាន​នាំ​ក្មេង​ស្រី​ចំនួន​២​នាក់​បងប្អូន​បង្កើត យក​ទៅ​រំលោភ រួច​រត់​គេច​ខ្លួន​អស់​មួយ​យប់។

លោក ជា សារិន អធិការ​នគរបាល​ស្រុក​មណ្ឌលសីមា​បាន​ថ្លែង​ថា ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​ព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពី​កុមារី​រងគ្រោះ​ទាំង​២​នាក់​បាន​រត់​ចេញពី​ព្រៃ​ត្រឡប់​មក​ផ្ទះ​របស់​ខ្លួន​វិញ​នោះ កម្លាំង​របស់​លោក​ក៏បាន​បើក​ការស៊ើបអង្កេត​ហើយ​ឈាន​ដល់​ការ​ឃាត់​បាន​មុខសញ្ញា​ជនសង្ស័យ​ភ្លាមៗ​តែម្តង​។​

លោក​អធិការ​បាន​បន្ត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មាន ឈ្មោះ ឈឹម រ៉ា​ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​មិន​ពិតប្រាកដ។ ចំណែកឯ​កុមារី​រងគ្រោះ​ទី​១.​មាន​ឈ្មោះ រ​.​ប​.​ស​.​ល អាយុ​៨​ឆ្នាំ ជា​សិស្សសាលា និង​កុមារី​រងគ្រោះ​ទី​២​.មាន​ឈ្មោះ រ​.​ប​.​ស​.​ផ​.​ណ អាយុ​៤​ឆ្នាំ ​ជា​​សិស្សសាលា។ កុមារី​រងគ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​មណ្ឌលសីមា​កសាង​សំណុំរឿង ​ដើម្បី​បញ្ជូន​ទៅកាន់​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​ខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី៕