ចិន ច្រានចោល​ការតវ៉ា​រប​ស់ជ​ប៉ុន​លើ​ការ​ល្បាត​ក្នុង​សមុទ្រ​ខាងកើត និពន្ធដោយ : ទេព អ៊ីវិសាល       June-10-2016, 4:42 pm         176

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ច្រានចោល​ការតវ៉ា​រប​ស់ជ​ប៉ុន​លើ​ការ​ល្បាត​ក្នុង​សមុទ្រ​ខាងកើត​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​តប​ទៅនឹង​ការតវ៉ា​របស់​ជប៉ុន​ដែ​ល​បាន​ចោទថា នាវាចម្បាំង​របស់​ចិន បាន​បំពាន​ក្នុង​តំបន់​អធិបតេយ្យ​ខ្លួន​ក្នុង​តំបន់​សមុទ្រ​ខាងកើត​។ ក្រុង​ប៉េកាំង បាន​បញ្ជាក់ថា​សកម្មភាព​ល្បាត​នោះ ធ្វើឡើង​នៅក្នុង​ដែន​អធិបតេយ្យ​របស់​ចិន​នោះទេ​។​

​ក្រសួងការពារជាតិ​ចិន នៅ​ថ្ងៃទី​០៩ ខែមិថុនា ម្សិលមិញ បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់ និង ការតវ៉ា​របស់​ជប៉ុន​លើ​ការ​ល្បាត​នាវាចម្បាំង​ក្បែរ​តំបន់​កោះ Diaoyu (​ហៅ​ដោយ​ចិន​) ឬ Senkaku (​ហៅ​ដោយ​ជប៉ុន​) ក្នុង​សមុទ្រ​ខាងកើត​។

«​កោះ Diaoyu និង​កោះ​ដែល​នៅជាប់ៗ​គ្នា​ទាំងនោះ គឺ​ស្ថិតនៅក្នុង​អធិបតេយ្យ​របស់​ចិន​យ៉ាងពិត​ប្រាកដ​។ ហើយ​ការ​ល្បាត​នាវាចម្បាំង​តាម​ដែនទឹក​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន គឺមាន​លក្ខណៈ​ស្របច្បាប់ និង​សម​ហេតុ​សម​ផល​»​។ នេះ គឺជា​ការបញ្ជាក់​នៅក្នុង​សេចក្តី​ថែ្ល​ង​ការណ៍​របស់​ក្រសួងការពារជាតិ​ចិន ដែល​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន China Daily ។

​សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​អះអាងថា នាវាចម្បាំង​ចិន បាន​ល្បាត​នៅ​ចម្ងាយ​ត្រឹមតែ​៣៨​គីឡូ​ម៉ែត​ប៉ុណ្ណោះ​ពី​កោះ Diaoyu ឬ Senkaku ក្នុង​សមុទ្រ​ខាងកើត​។​តាម​ការបញ្ជាក់​ពី​កងកម្លាំង​ស្វ័យការពារ​ជប៉ុន នាវាចម្បាំង​ចិន បាន​ល្បាត​ជុំវិញ​តំបន់​កោះ​រយៈពេល​ប្រមាណ​១​ម៉ោង មុននឹង​ចាកចេញ​ទៅកាន់​ឆ្នេរ​របស់​ចិន​វិញ​។

​ជុំវិញ​បញ្ហា​នេះដែរ អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Akitaka Saiki ក៏បាន​កោះហៅ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​តូ​ក្យូ Cheng Yonghua នៅ​យប់​ថ្ងៃទី​០៨ ឆ្លង​ចូល​ថ្ងៃទី​០៩​ខែមិថុនា ដើម្បី​សម្តែង​ការបារម្ភ​និង​តវ៉ា​ចំពោះ វត្តមាន​នាវាចម្បាំង​ចិន​ក្បែរ​តំបន់​ជម្លោះ​។

​មួយវិញទៀត​នោះ អ្វីដែល​ធ្វើ​ឲ្យ​ជប៉ុន ប្រតិកម្ម​ខ្លាំង​នោះ ក៏​ព្រោះតែ​ក្នុងពេល​ជាមួយនឹង​គ្នា​នៃ​ការ​ល្បាត នាវាចម្បាំង​ចិន​ក្បែរ​តំបន់​កោះ​ជម្លោះ ក៏មាន​នាវា​ល្បាត​រុស្ស៊ី​បី​គ្រឿង​ផ្សេងទៀត បាន​ល្បាត​នៅក្នុង​ដែន សមុទ្រ​ជាប់​ព្រំដែន​ជាមួយនឹង​ជប៉ុន​ផងដែរ​។ រដ្ឋាភិបាល​ជប៉ុន ក៏បាន​ថ្លែងថា ជប៉ុន នឹង​បើក​ស៊ើបអង្កេត​ថា​តើ វត្តមាន​ស្របគ្នា​នេះ មានការ​ជាប់​ព័ន្ធ​គ្នា​ដែរ​ឬ​យ៉ាងណា​។​

​សូម​ជម្រាប​ផងដែរ​ថា បើទោះបីជា​សេដ្ឋកិច្ច​ចិន និង​ជប៉ុន​មានការ​ពឹងផ្អែក​គ្នា​ក៏ដោយ ទំនាក់ទំនង​ប្រទេស​ទាំងពីរ មិនអាច​មាន​ភាព​ជិតស្និទ​គ្នា​បានឡើយ​។ ហើយ​នោះ ក៏​ព្រោះតែ​បញ្ហា​ជម្លោះ​បណ្តុំ​កោះ Diaoyu ឬ Senkaku ក្នុង​សមុទ្រ​ខាងកើត​ដែល​បានអូសបន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​ដ្បិត ភាពចម្រូងចម្រាស​ប្រវត្តិសាស្ត្រ​។ ក្រៅពី​ចិន ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​២ ជប៉ុន ក៏មាន​បញ្ហា ជម្លោះ​អធិបតេយ្យ​ជាមួយនឹង​រុស្ស៊ី​ដែល​មិនទាន់​ដោះស្រាយ​ផងដែរ​៕