ប្រធាន​ភូមិ​ស្រែគរមួយ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​មាន​ស្នូរ​​កាំភ្លើង​ផ្ទុះ​ក្បែរ​ផ្ទះ

សាក្សី​បញ្ជាក់​ប្រាប់​ប៉ូលិស​ថា សំឡេង​ផ្ទុះ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​បាន​កើត​មាន​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រមាណ ៨​យប់ ថ្ងៃ​ទី​៩ ខែ​មិថុនា នៅ​ក្បែរ​ផ្ទះ​ប្រធាន​ភូមិ​ស្រែគរមួយ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ខណៈ​ប្រធាន​ភូមិ និង​ក្រុម​គ្រួសារ​កំពុង​ចូល​រួម​ពិធី​បុណ្យ​នៅ​ក្នុង​វត្ត។

មិន​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​មាន​ចំពោះ​នរណា​ម្នាក់​ទេ ក៏ប៉ុន្តែ​ប្រធាន​ភូមិ​ដែល​ជា​មន្ត្រី​គណបក្ស សម រង្ស៊ី លោក លាង លាភ បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន និង​ចាត់​ទុក​ស្នូរ​គ្រាប់​កាំភ្លើង​គឺ​ជា​ការ​បាញ់​គំរាម​ក្នុង​រឿង​នយោបាយ។

លោក​ថា ការ​បាញ់​គំរាម​នេះ ទំនង​សម្ពាធ​នយោបាយ​ដែល​មន្ត្រី​បក្ស​កាន់​អំណាច​នៅ​មូលដ្ឋាន​កំពុង​រារាំង​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជ​អន្តរាគមន៍​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​បួន​នាក់ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ៖ «ខ្ញុំ​ប្ដឹង​ទៅ​សមត្ថកិច្ច​ដែរ គាត់​ទៅ​មើល​ដែរ។ ខ្ញុំ​គិត​ថា ប្រហែល​គេ​គំរាម​កំហែង​ខ្ញុំ​តាម​ខ្ញុំ​គិត​មើល​អត់ ដែល​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ណា​ផង ហេតុ​ម៉េច​បាន​ជា​គេ​មក​បាញ់​កាំភ្លើង​នៅ​ផ្ទះ​ខ្ញុំ?»

ផ្ទុយ​ពី​ការ​បារម្ភ​នេះ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្រែគរ លោក ហត ស៊ត អះអាង​ថា បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​ឮ​សូរ​សំឡេង​ផ្ទុះ​ភ្លាមៗ ក៏ប៉ុន្តែ​មិន​មាន​ឃើញ​សំបក​គ្រាប់ ឬ​វត្ថុតាង​បញ្ជាក់​ថា ជា​ការ​ផ្ទុះ​អាវុធ​នោះ​ឡើយ។ លោក​ទទួល​ស្គាល់​ថា អ្នក​ភូមិ​រស់​នៅ​ក្បែរ​ផ្ទះ​ប្រធាន​ភូមិ​ពិត​ជា​ឮ​សំឡេង​ផ្ទុះ ក៏ប៉ុន្តែ​គ្មាន​អ្នក​ណា​ប្រាកដ​ថា ជា​សំឡេង​អ្វី​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។