យុវជន​នៅ​ខេត្ត​កំពង់ចាម​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​បង្កើត​ការងារ​ឱ្យ​បាន​ច្រើន

សមាគម​យុវជន​ខ្មែរ​នៅ​ខេត្ត​កំពង់ចាម បាន​រៀបចំ​កិច្ច​ពិភាក្សា​រចាំ​ឆ្នាំ​មួយ​ក្រោម​ប្រធានបទ "ភាព​វៃឆ្លាត​ក្នុង​ការ​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ"។ គោលបំណង​សំខាន់​ក្នុង​ការ​រៀបចំ​កិច្ច​ពិភាក្សា​នេះ​ឡើង ដើម្បី​ចែក​រំលែក​បទពិសោធន៍ និង​លទ្ធផល​ការងារ​គម្រោង​មួយ​នេះ​ដល់​អ្នក​ចូល​រួម ព្រមទាំង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ផ្សេងៗ ពិសេស​លើក​ជា​អនុសាសន៍​ដើម្បី​កាត់​បន្ថយ​បញ្ហា​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន។

ក្រុម​យុវជន និង​អ្នក​ចូល​រួម​មួយ​ចំនួន​យល់​ថា រាជរដ្ឋាភិបាល​គប្បី​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន ព្រមទាំង​លើក​កម្ពស់​ការ​អប់រំ​ដល់​កុមារ និង​យុវជន​ឱ្យ​បាន​ប្រសើរ ទើប​អាច​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​បាន។ បន្ថែម​ពី​នេះ ប្រសិនបើ​យុវជន​សម្រេច​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ស្រុក អាជ្ញាធរ​ពាក់ព័ន្ធ​មាន​តួនាទី​អប់រំ​បញ្ហា​ច្បាប់​ដល់​ពួកគាត់ ជៀសវាង​ការ​សម្រេច​ចិត្ត​ដោយ​ប្រថុយប្រថាន។

និស្សិត​សកល​វិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​ខេត្ត​កំពង់ចាម កញ្ញា ខន សុខេង ឱ្យ​ដឹង​ថា ការ​ធ្វើ​ចំណាកស្រុក​ច្រើន​គឺ​ធ្វើ​អោយ​ប្រទេស​ជាតិ​បាត់បង់​នូវ​ធនធាន​មនុស្ស។ កញ្ញា​សង្កេត​ឃើញ​ថា មាន​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឱ្យ​យុវជន​ចំណាក​ស្រុក ក្នុង​នោះ​ដោយសារ​ទីផ្សារ​ការងារ​នៅ​ក្នុង​ស្រុក​មិន​មាន​គ្រប់គ្រាន់ ប្រាក់បៀវត្សរ៍​តិច គួបផ្សំ​នឹង​ការ​អប់រំ​ផង។ កញ្ញា​យល់​ថា ប្រសិនបើ​រាជ​រដ្ឋាភិបាល​បង្កើត​ការងារ​ឱ្យ​បាន​ច្រើន និង​មាន​ប្រាក់ខែ​សមរម្យ គឺ​ធ្វើ​ឱ្យ​យុវជន​ងាក​មក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ជាក់​ជា​មិន​ខាន៖ «»។

ការ​លើក​ឡើង​របស់​យុវជន​នៅ​ក្នុង​កិច្ចពិភាក្សា​ដែល​រៀប​ដោយ​សមាគម​យុវជន​ខ្មែរ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ៥០​នាក់ មក​ពី​បណ្ដា​ខេត្ត​ចំនួន​បី​រួម​មាន​ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​សៀមរាប។ កិច្ចពិភាក្សា​ដោយ​ផ្ដោត​ទៅ​លើ​ការ​ចំណាក​ស្រុក ប្រកប​ដោយ​ភាព​វៃឆ្លាត​មាន​ន័យ​ថា យុវជន​ត្រូវ​សម្រេច​ចិត្ត​ឱ្យ​បាន​ច្បាស់លាស់ និង​ធ្វើ​ឡើង​ដោយ​ស្របច្បាប់ ជៀសវាង​ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​ជនរងគ្រោះ ដោយ​ការ​រំលោភ​បំពាន​ផ្សេងៗ ព្រម​ទាំង​ជួញដូរ​មនុស្ស​ជាដើម។

អភិបាល​រង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ខេត្ត​កំពង់ចាម អ្នកស្រី ស៊ី វណ្ណថា មាន​ប្រសាសន៍​ថា កាល​ពី​ពេល​កន្លង​ទៅ បញ្ហា​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន​របស់​ពលរដ្ឋ​នៅ​ខេត្ត​មួយ​នេះ​មាន​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​បន្ទាប់ពី​ប្រជាជន​ទទួល​បាន​ចំណេះដឹង​កាន់​តែ​ច្រើន តាម​រយៈ​អាជ្ញាធរ​ខេត្ត និង​អង្គការ​ជា​ដៃគូ។

អ្នកស្រី​ថា ការ​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​ពិត​អាច​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​ប្រាកដ​មែន។ ជាមួយ​គ្នា​នោះ អាជ្ញាធរ​ខេត្ត​ក៏​បាន​បង្កើត​កន្លែង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សម្រាប់​បុរស និង​ស្ត្រី ព្រមទាំង​បាន​ទាក់ទាញ​វិនិយោគទុន​ជាច្រើន​មក​រក​ស៊ី ដើម្បី​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ៖ «»។

​ក្រៅពី​ការ​បង្កើត​ការងារ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​ហើយ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ផែនការ​ទាក់ទាញ​កុមារ និង​យុវជន ឱ្យ​បាន​ចូលរៀន​កាន់​តែ​ច្រើន។

អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុម​ការងារ​បង្ការ​ទប់ស្កាត់​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស អ្នកស្រី សឿ សុជាតា បញ្ជាក់​ថា នៅ​ពេល​ពលរដ្ឋ​មិន​មាន​ចំណេះដឹង​គ្រប់គ្រាន់ គឺ​ងាយ​ធ្វើ​ឱ្យ​ពួកគាត់​សម្រេចចិត្ត​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ដោយ​ប្រថុយប្រថាន ពិសេស​ទៅ​ដោយ​ខុសច្បាប់។ អ្នកស្រី​ថា នៅ​ពេល​ពលរដ្ឋ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ស្រុក​ដោយ​ខុស​ច្បាប់ ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​ជួប​បញ្ហា​ជា​ច្រើន ដូចជា​បញ្ហា​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ព្រម​ទាំង​ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម ឬ​ការ​ជួញដូរ​មនុស្ស។

អ្នកស្រី​យល់​ថា នៅ​ពេល​ពលរដ្ឋ​មាន​ការ​អប់រំ​ខ្ពស់ បញ្ហា​ចំណាកស្រុក​នឹង​ត្រូវ​កាត់បន្ថយ៖ «»។

អ្នកស្រី​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ ធ្វើ​យ៉ាង​ណា​ទាក់ទាញ​សិស្ស​ឱ្យ​បាន​ចូល​រៀន​កាន់​តែ​ច្រើន​តាម​រយៈ​ពង្រឹង​គុណភាព​គ្រូ សោភ័ណភាព​សាលារៀន និង​ការ​ផ្ដល់​ជូន​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ជាដើម។

​ប្រធាន​គម្រោង​ទេសន្តរប្រវេសក៍​ការងារ​ដោយ​ភាព​វៃ​ឆ្លាត​នៃ​សមាគម​យុវជន​ខ្មែរ លោក សុខ ណារ័ត្ន មាន​ប្រសាសន៍​ថា មូលហេតុ​ជ្រើស​រើស​យក​ខេត្ត​ទាំង​បី​សម្រាប់​អនុវត្ត​គម្រោង​របស់​ខ្លួន ដោយសារ​ខេត្ត​ទាំង​នេះ មាន​អត្រា​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ ហើយ​អត្រា​នៃ​ការ​ជួញដូរ​ស្ត្រី​ទៅ​រៀបការ​ជាមួយ​បុរស​ចិន គឺ​មាន​ច្រើន​ចំពោះ​ខេត្ត​កំពង់ចាម។ ទោះបីជា​បែប​នេះ​ក្តី លោក​រក​ឃើញ​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​បាន​ផ្លាស់ប្ដូរ​ពី​ការ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​មក​ជា​ចំណាកស្រុក​ដោយ​ស្រប​ច្បាប់ និង​បាន​គិតគូរ​ច្បាស់លាស់​ជាង​មុន៖ «»។

​លោក​បន្ថែម​ទៀត​ថា ជា​ការ​ប្រសើរ ពលរដ្ឋ​ត្រូវ​សម្រេច​ចិត្ត​ឱ្យ​បាន​ច្បាស់លាស់​មុន​ពេល​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ពិសេស​ត្រូវ​ចំណាកស្រុក​ស្រប​ច្បាប់ និង​សិក្សា​ឱ្យ​ច្បាស់​ពី​កន្លែង​ដែល​ខ្លួន​ត្រូវ​ទៅ។ ប្រសើរ​ជាង​នេះ ពលរដ្ឋ​ត្រូវ​សម្លឹង​មើល​ការងារ​នៅ​ស្រុក​កំណើត​វិញ។

​គម្រោង​ទេសន្តរប្រវេសក៍​ការងារ​ដោយ​ឆ្លាត​វៃ នឹង​ធ្វើ​ជា​បន្តបន្ទាប់​ដោយ​មាន​យុទ្ធនាការ​ផ្សេងៗ ដើម្បី​អប់រំ​ពលរដ្ឋ ពិសេស​សិស្សានុសិស្ស​ដោយ​លើកទឹកចិត្ត​ពួកគាត់​មិន​ឱ្យ​បោះបង់​ចោល​ការសិក្សា ព្រោះ​វា​ជា​មូលហេតុ​មួយ​នាំ​ឱ្យ​មាន​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។