យប់​រក​ឃើញ​តែ​មួយ​​កញ្ចប់ ព្រឹកឃើញ​រាប់​រយ​គ្រាប់​

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ម្នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ ត្រូវ​បាន​​​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ហួរ ម៉េ​ង​វ៉ាង អធិការរង​នគរបាល​ខណ្ឌ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ នៅ​ចំណុច​កា​រ៉ា​ស់​សាំង​ស៊ូ​គី​មិច​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​​​ផ្លូវ​លេខ ២១៧ ( ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ) ក្នុងភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ក្រោយ​សមត្ថកិច្ច​ល្បាត​ជួប​ដោយ​ចៃដន្យ​ហើយ​មានការ​សង្ស័យ ទើប​ធ្វើការ​ឆែកឆេរ​ឃើញ​ថ្នាំ​ញៀន​តែ​ម្តង ។

ជនសង្ស័យ​ខាងលើ​នេះ ឈ្មោះស៊ុន ប្រុស ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​តាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

លោក​អនុសេនីយ៍ឯក​ហួរ ម៉េ​ង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ ទទួល​ជំនាញ​ព្រហ្មទណ្ឌ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​ដំបូង​ឡើយ កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​ក្រុងភ្នំពេញ នគរបាល​ផ្នែក​អន្តរាគមន៍ និង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ បាន​បញ្ចេញ​កម្លាំង​ចេញ​ល្បាត​ពួនស្ទាក់ តាម​គោល​ដៅ​នានា​ដែល​បាន​ចាត់តាំង ដើម្បី​ទប់ស្កាត់​នូវ​រាល់​បទល្មើស​កុំអោយ​កើត​មាន​ក្នុង​មូលដ្ឋាន ក្នុង​ការ​ការពារ​សន្តិសុខ​សុវត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ ។

ខណៈ​មក​ទល់​នឹង​វេលា​ម៉ោង ១ និង ៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច កា​រ៉ា​ស់​សាំង​ស៊ូ​គី​មិច​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​លេខ ២១៧ ហៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត សមត្ថកិច្ច​បាន​ប្រទះ​ឃើញ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក FTR ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BW-3628 ជិះ​អើត​លើ​ម​ៗ តែ​ម្នាក់ឯង ។

ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​បាន​ឈប់​ម៉ូតូ​សួរនាំ រួច​សុំ​ធ្វើការ​ឆែកឆេរ​ខ្លួន​ជនសង្ស័យ ក៏​ប្រទះ​ឃើញ​ថ្នាំ​ញៀន​មួយ​កូន​កញ្ចប់​ធំ​ល្មម​នៅ​លើ​ខ្លួន​ជនសង្ស័យ ទើប​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង រួច​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ ដើម្បី​សាកសួរ​បន្ថែម ។

លោក​អធិការរង​បាន​បន្ត​ថា ពេល​ប​ញ្ចូ​ន​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ​នាំ​យ៉ាង​ល្អិតល្អន់​តាម​ជំនាញ រហូត​រូបគេ​បាន​ឆ្លើយ​សារភាព​ប្រាប់​ពី​ទីតាំង​ស្នាក់​នៅ​របស់​ខ្លួន ដែល​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប នៅ​វេលា​ព្រឹក​ថ្ងៃ​ទី ១០ ខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​បាន​បន្ត​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ផ្ទះ​ជួល​ស្នាក់​នៅ​របស់​ជនសង្ស័យ ដោយ​បាន​ឆែកឆេរ​រក​ឃើញ នូវ​ថ្នាំ​ញៀន​ក្រាម​ស​ថ្លា​ដែល​ហៅ​ថា ម៉ា​ទឹកកក​ចំនួន ៤​កូន​កញ្ចប់​ធំ​ល្មម​បន្ថែម​ទៀត រួម​ជាមួយ ថ្នាំ Wy ១​ស្បោង​ធំ មាន​ថ្នាំ ៣១៤​គ្រាប់ ក្នុង​នោះ ពណ៌​ខ្មៅ​៤​គ្រាប់ និង ៣១០​គ្រាប់​ទៀត​ជា​ពណ៌​ក្រហម រួម​ទាំង​វត្ថុ​តាង ក៏​ដូច​ជា​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ផង​ដែរ ។

យ៉ាងណាមិញ បច្ចុប្បន្ន​ ជនសង្ស័យនិង​វត្ថុ​តាង ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ឃុំខ្លួន​បណ្តោះ​អាសន្ន និង​ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​។