មណ្ឌល​ប្ដូរ និង​ពន្យារ​ប័ណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​បើក​ជា​ផ្លូវ​ការចាប់ពី​ថ្ងៃទី​១៥មិថុនា​តទៅ​

មណ្ឌល​ប្ដូរ និង​ពន្យារ​ប័ណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​បើក​ជា​ផ្លូវ​ការចាប់ពី​ថ្ងៃទី​១៥មិថុនា​តទៅ​



​ភ្នំពេញ​ ៖ ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន បាន​ប្រកាស​ជា​ផ្លូវការ​ថា នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ខាងមុខ ក្រសួង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​មណ្ឌល​ប្ដូរ និង​ពន្យារ​ប័ណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​។​

ផេ​ក​ផ្លូវការ​របស់​ក្រសួង​បាន​បញ្ជាក់​ថា ការប្រកាស​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​មកពី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ក្រោម​ការដឹកនាំ​ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នៅ​ទីស្ដីការ​ក្រសួង កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៦។

ប្រធានបទ​សំខាន់ៗ ដែល​បាន​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ​៖ សេចក្ដីប្រកាស​មន្ត្រី​ជាន់ខ្ពស់​ទើប​ទទួល​ការតែងតាំង​ថ្មី ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​រៀបចំ​រចនាសម្ព័ន្ធ​អង្គការលេខ​ឡើងវិញ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បញ្ហា​ប្រឈម​ និង​ការ​ព្រួយបារម្ភ​អំពី​ដី​ចំណី​ផ្លូវ ផែនការ ​និង​យុទ្ធសាស្ត្រ​ថែទាំ​ផ្លូវ​ថ្នល់ ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មណ្ឌល​ប្ដូរ និង​ពន្យារ​ប័ណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន និង​យន្ត​ការ​ត្រៀម​រៀបចំ​ប្រឡង​ចូល​ក្របខណ្ឌ​មន្ត្រីរាជការ​ក្រសួង។ បញ្ហា​អាទិភាព​ទាំងឡាយ​ដែល​បាន​លើក​មក​ពិភាក្សា​នេះ ពាក់ព័ន្ធ​ទៅ​នឹង “​ផែនការ​១០០​ថ្ងៃ​” ដែល​ត្រូវ​បាន​រៀបចំឡើង​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ដឹកជញ្ជូន។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ប្រកាស​កំណត់​យក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ជា​កាលបរិច្ឆេទ​សម្រាប់​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មណ្ឌល​ប្ដូរ និង​ពន្យារ​ប័ណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​។​ មជ្ឈមណ្ឌល​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​តម្លាភាព ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការ​ចំណាយ​ចំពោះ​សេវា​ប្ដូរ ​និង​ពន្យារ​ប័ណ្ណបើកបរ។ កិច្ចប្រជុំ​នេះ​ ក៏បាន​ពិភាក្សា​ផង​ដែរ អំពី​ការ​ត្រៀម​រៀបចំ​ការ​ប្រឡង​ចូល​មន្ត្រីរាជការ​ក្របខណ្ឌ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​។​

លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​យន្តការ​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ក្នុង​ការ​ប្រឡង ធ្វើ​យ៉ាង​ណា​បង្ហាញ​ពី​តម្លាភាព​ និង​ភាព​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​មន្ត្រី​ថ្មី​ប្រកបដោយ​សមត្ថភាព​កាន់តែ​ខ្ពស់ ក៏ដូចជា​ការ​កសាង​សមត្ថភាព​ និង​ការ​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​កិច្ចការ​សាធារណៈ ​និង​វិស័យ​ដឹកជញ្ជូន​របស់​ប្រទេស​ឲ្យ​មាន​ការ​រីកចម្រើន​៕​

មណ្ឌល​ប្ដូរ និង​ពន្យារ​ប័ណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​បើក​ជា​ផ្លូវ​ការចាប់ពី​ថ្ងៃទី​១៥មិថុនា​តទៅ​

មណ្ឌល​ប្ដូរ និង​ពន្យារ​ប័ណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប​អ៊ី​អន នឹង​បើក​ជា​ផ្លូវ​ការចាប់ពី​ថ្ងៃទី​១៥មិថុនា​តទៅ​