ប្រជាពលរដ្ឋ​ ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ជួយ​លុបបំបាត់​គ្រឿងញៀន ​នៅក្នុង​មូលដ្ឋាន​

ប្រជាពលរដ្ឋ​ ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ជួយ​លុបបំបាត់​គ្រឿងញៀន ​នៅក្នុង​មូលដ្ឋាន​



ភ្នំពេញ ​៖​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​២៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ និង​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌ​ទួលគោក​ធ្វើ​យ៉ាង​ណា​លុបបំបាត់​ឲ្យ​បាន​លើ​បញ្ហា​ជួញដូរ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន ពិសេស​នៅ​តំបន់​រោងចក្រ​ឆ្នាំង និង​នៅ​តាម​ចេតិយ​ក្នុង​វត្ត​នាគ​វ័ន ដោយ​កន្លងមក ​និង​រាល់​ថ្ងៃ​នេះ​ ពួកគេ​បាន​ធ្វើ​សកម្មភាព​សេព​ និង​ចែកចាយ​យ៉ាងសកម្ម​បំផុត ដែល​ធ្វើ​ឲ្យ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាង​ខ្លាំង។

ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ខាង​លើ​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មិថុនា ​ឆ្នាំ​២០១៦​នៅ​បរិវេណ​វត្ត​នាគវ័ន ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ក្នុង​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ ដោយ​បាន​អញ្ជើញ​ជា​អធិបតីភាព ​លោក​ ម៉ែន សិរី ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌទួលគោក លោក​ ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​ និង​ លោក ​លី ណា​រុណ អនុ​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌទួលគោក និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់។

ក្រៅពី​ការ​ស្នើសុំ​ខាងលើ​ហើយ ប្រជាពលរដ្ឋ​ផ្សេងទៀត​ក៏បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ក្នុង​ការ​ស្ថាបនា​ផ្លូវ លូ ពិសេស​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក។ ជាង​នេះ​ទៅ​ទៀត​ការ​ផ្ដល់​សំបុត្រកំណើត​មាន​ភាព​យឺតយ៉ាវ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើកឡើង​ ដើម្បី​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ជួយ​អន្តរាគមន៍​ផង​ដែរ។

លោក​ ឯក ឃុន​ដឿ​ន ក្នុង​ឱកាស​នោះ​បាន​ប្រសាសន៍​លើក​ឡើង​ថា ការ​បើក​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​នេះ​ឡើង គឺ​មាន​បំណង​ឲ្យ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ជា​សំណួរ​ និង​សំណូមពរ​មក​អាជ្ញាធរ​ និង​សមត្ថកិច្ច ដើម្បី​ឲ្យ​យើង​បាន​ដឹង ​និង​ជួយ​ពួកគាត់​ទៅ​នឹង​អ្វី​ដែល​ពួកគាត់​ចង់បាន។ លោក​បន្ត​ថា ក្នុង​វេទិកា​ផ្សព្វផ្សាយ ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​នេះ​មាន​ប្រជាពលរដ្ឋ​លើកឡើង​ជា​សំណួរ សំណូមពរ ផ្ទាល់មាត់ និង​ជា​លាយលក្ខណ៍អក្សរ​ចំនួន​៦៥​សំណួរ សំណូមពរ។ ចំពោះ​រាល់​សំណួរ សំណូមពរ​ទាំង​អស់​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ខណ្ឌទួលគោក​នឹង​ជួយ​ដោះស្រាយ​ជូន​ពួកគាត់។​

លោក​បញ្ជាក់​ថា ការ​ស្នើសុំ ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ បើ​ថ្នាក់​សង្កាត់​ធ្វើ​បាន​គឺ​ឲ្យ​សង្កាត់​ចុះ​ធ្វើ​ភ្លាម ហើយ​រឿង​នោះ​ខាង​អាជ្ញាធរ​ខណ្ឌ​អាច​ដោះ​ស្រាយ​បាន​យើង​នឹង​ដោះស្រាយ​ជូន​ប្រជាពល​រដ្ឋ​ភ្លាមៗ​តែម្តង​។ ប៉ុន្តែ​បើ​ហួស​ពី​សមត្ថភាព​របស់​សង្កាត់ ​និង​ខណ្ឌ ក្នុងនាម​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​មិន​នៅ​ស្ងៀម​ទេ គឺ​ត្រូវធ្វើ​សំណើ​សុំ​ទៅ​ថ្នាក់​រាជធានី​ និង​ថ្នាក់លើ​បន្ត​ទៀត​។​

ក្រៅពី​ការ​លើ​ឡើង​ទាំង​ប៉ុន្មាន​ខាងលើ​ហើយ​នោះ ​លោក ​ឯក ឃុន​ដឿ​ន​ ក៏បាន​បញ្ជាក់​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ផង​ដែរ​ថា បើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​អ្វី​ខុសពី​ធម្មតា ចំពោះ​មន្ត្រី​មួយចំនួន ក្នុង​ការ​ផ្តល់​សេវា​ផ្សេងៗ​នោះ ប្រជាពលរដ្ឋ​អាច​ទូរស័ព្ទ​ប្ដឹង ផ្ទាល់​មក​លោក​តែម្តង លោក​នឹង​អន្តរាគមន៍​ជួយ​ដល់​បងប្អូន​ភ្លាម​តែម្តង៕

ប្រជាពលរដ្ឋ​ ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ជួយ​លុបបំបាត់​គ្រឿងញៀន ​នៅក្នុង​មូលដ្ឋាន​

ប្រជាពលរដ្ឋ​ ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ជួយ​លុបបំបាត់​គ្រឿងញៀន ​នៅក្នុង​មូលដ្ឋាន​

ប្រជាពលរដ្ឋ​ ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ជួយ​លុបបំបាត់​គ្រឿងញៀន ​នៅក្នុង​មូលដ្ឋាន​

ប្រជាពលរដ្ឋ​ ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ជួយ​លុបបំបាត់​គ្រឿងញៀន ​នៅក្នុង​មូលដ្ឋាន​