ជម្ងឺ​ឆ្កួត​ជ្រូក

កាលណាបើមានមនុស្សប្រកាច់ គេច្រើននិយាយថាមនុស្សនោះមានជម្ងឺឆ្កួតជ្រូក បើនៅលើទារក គេហៅថាស្កន់។ អ្នកខ្លះ យល់ថាឆ្កួតជ្រូកជាជម្ងឺសួរពូជ និងមិនអាចព្យាបាលជាសះ ស្បើយបានឡើយ។ ជម្ងឺឆ្កួតជ្រូកបានបន្សល់ទុកនូវផលវិបាកដល់សាម៉ីខ្លួន ក្រុមគ្រួសារជាច្រើន ជាពិសេសគឺការរើសអើង ដោយសារការយល់ច្រឡំនិងបកស្រាយមិនពិតប្រាកដទៅលើជម្ងឺនេះ។ តើជម្ងឺឆ្កួត ជ្រូកជាអ្វី? កើតឡើងយ៉ាងដូចម្ដេច?អាចព្យាបាលជាឬទេ?

ដើម្បីស្រាយចម្ងល់ទាំងនេះ ទស្សនាវដ្ដីសុខភាពយើងសូមលើកយកជម្ងឺឆ្កួតជ្រូកមកបកស្រាយជូនប្រិយមិត្ដអ្នកអាន តាមរយៈលទ្ធផលនៃកិច្ចសម្ភាសន៍ជា មួយនឹងលោកសាស្ដ្រាចារ្យមហាបរិញ្ញា ការ ស៊ុនបូណាតប្រធានកម្មវិធីជាតិសម្រាប់សុខភាព ផ្លូវចិត្ដ និងជាប្រធានស្ដីទីនៃសមាគមកម្ពុជាប្រឆាំងនឹងជម្ងឺឆ្កួតជ្រូក។ការរីករាលដាលរបស់ជម្ងឺឆ្កួតជ្រូកសព្វថ្ងៃនេះ នៅកម្ពុជាពុំទាន់មានការសិក្សាណាមួយបញ្ជាក់ច្បាស់លាស់ពីស្ថិតិនៃអត្រាអ្នកកើតជម្ងឺឆ្កួតជ្រូកនៅឡើយទេ។ ប៉ុន្ដែអាចសន្និដ្ឋានបានថា ជម្ងឺឆ្កួតជ្រូកកើតមានច្រើននៅប្រទេសកម្ពុជា និងនៅបណ្ដាប្រទេសដ៏ទៃទៀតលើពិភពលោក។ នាពេលថ្មី ៗនេះកម្ពុជាបានសហប្រតិបត្ដិការជាមួយប្រទេសបារាំង បានបង្កើតឱ្យមានសមាគមប្រឆាំងនឹងជម្ងឺឆ្កួតជ្រូក ដើម្បីធ្វើការសិក្សាស្រាវ ជ្រាវអំពីជម្ងឺនេះនិងធ្វើការបណ្ដុះបណ្ដាលជំនាញនេះឱ្យបានច្រើនសម្រាប់ពង្រីកសេវាព្យាបាល។មូលហេតុជម្ងឺឆ្កួតជ្រូកជម្ងឺឆ្កួតជ្រូកនេះច្រើនកើតឡើងពីគ្រោះថ្នាក់ ដែលបណ្ដាលមកពីការប៉ះពាល់ដល់ខួរក្បាលធ្ងន់ធ្ងរ។ គ្រោះថ្នាក់ទាំងនោះអាចមានតាំងពីពេលកើតមកម្ល៉េះ។

ទារកដែលពិបាកសម្រាល ជួនកាលសម្រាលដោយប្រើកែវជប់ បូម ជួនដោយប្រើប្រដាប់កៀប ឬទាញក្បាល។ ទារកដែលកើតចេញពីម្ដាយដែលមានល្អាងត្រគាកតូចពេក ក្រសម្រាលនាំឱ្យទារកឈ្លក់ទឹកភ្លោះ ថប់ដង្ហើម ធ្វើឱ្យខ្វះអុកស៊ីសែនសម្រាប់ចិញ្ចឹមខួរក្បាលនាខណៈពេលនោះ។ ក្រៅពីនេះជម្ងឺរលាកស្រោមខួរ គ្រុនក្ដៅខ្លាំងអាចធ្វើឱ្យប្រ កាច់ដែលគេច្រើន ហៅថាស្កន់។ ការមានរបួសក្បាលដែលធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល ដូចជាគ្រោះថ្នាក់នានា មានទាំងគ្រោះថ្នាក់ចរាចរណ៍ ការវាយ តប់ ការធ្លាក់ពីលើទីខ្ពស់(ដើមឈើ ផ្ទះ)ជាដើម។រោគសញ្ញាជម្ងឺឆ្កួតជ្រូកកាលពីមុនទាល់តែមនុស្សប្រកាច់ទើបសង្ស័យថាអ្នកនោះមានជម្ងឺឆ្កួតជ្រូក។ ប៉ុន្ដែមកដល់បច្ចុប្បន្ននេះ តាមការសិក្សាស្រាវ ជ្រាវជម្ងឺឆ្កួតជ្រូកមួយចំនួនអាចស្ដែងចេញជារោគសញ្ញាតែមិនមានការប្រកាច់ទេ ដូចជាគ្រាន់តែភ្លឹកមួយភ្លែតមានរយៈពេលតែ៣ ឬ៤វិនាទីហើយអ្នកជម្ងឺមានភ្នែកព្រិចតិចៗ ជួនកាលអ្នកជម្ងឺអាចរវើរវាយធ្វើអ្វីដែលប្លែកខុសពីធម្មតាជាដើម។ ពេលខ្លះអ្នកជម្ងឺឆ្កួតជ្រូកអាចក្លាយជាមនុស្សម្នាក់ផ្សេងទៀតមួយរំពេច គឺពេលកំពុងធ្វើទុក្ខគាត់រវើរវាយមិនដឹងអ្វី ជួនកាលសើច ជួនកាលខឹង ហើយជួន ជេរគេឯងមួយរយៈរួចមក ក៏ប្រែជាធម្មតាវិញ។ ចំពោះអ្នកដែលមិនបានយល់ដឹងអំពីបញ្ហានេះ អាចចាប់ថ្នាក់ប្រកាន់ខឹងជាមួយអ្នក ជម្ងឺទៀតផង។ប្រភេទជម្ងឺឆ្កួតជ្រូកនៅលើពិភពលោក គេបានកំណត់ជម្ងឺឆ្កួតជ្រូកជាពីរជំពូកធំ គឺជម្ងឺឆ្កួតជ្រូកមានការប្រកាច់ និងមានភ្លឹក និងជម្ងឺឆ្កួតជ្រូកធ្វើទុក្ខតិចតួចត្រឹមតែប្រទាញដៃ-ជើង។

1 . ជំពូកទីមួយ ឬជម្ងឺឆ្កួតជ្រូកប្រទាញដៃជើង ៖ ជម្ងឺឆ្កួតជ្រូកជំពូកនេះត្រូវបានបែងចែកជាពីរប្រភេទទៀតគឺៈ
– ប្រភេទសាំញ៉ាំ៖ អ្នកជម្ងឺដឹងខ្លួនជាមុន ដូចជាឈឺក្បាល ណែនទ្រូង បន្ទាប់មកមានញាក់ភ្នែក ក្អក ញាក់ដៃ ជើងអវយវៈត្រង់កំណាត់ណាមួយជាដើម។ ប៉ុន្ដែសាម៉ីខ្លួនមិនបានដឹងថាខ្លួនមានអាការបែបនេះទេ។
– ប្រភេទស្រាល ៖ ជាប្រភេទជម្ងឺ ដែលមិនឱ្យដឹងមុនទេនៅពេលធ្វើទុក្ខ អ្នកជម្ងឺនៅដឹងខ្លួន មិនសន្លប់បាត់សតិទេ។

2 . ជំពូកទី២ ឬជម្ងឺឆ្កួតជ្រូកមានប្រកាច់៖ ជម្ងឺឆ្កួតជ្រូកជំពូកនេះត្រូវបានបែងចែកជាពីរប្រភេទទៀត គឺពើទីម៉ាល់ ឬកម្រិតតូច និងហ្គ្រង់ម៉ាល់ ឬកម្រិតធំ។
– ពើទីម៉ាល់ឬកម្រិតតូច៖នៅពេលជម្ងឺធ្វើទុក្ខមិនប្រកាច់ទេ គ្រាន់តែភ្លឹកមួយភ្លែត ពី៣ទៅ៥វិនាទីប៉ុណ្ណោះ ភ្នែកព្រិចបីដងក្នុងមួយវិនាទី។ អ្នកជម្ងឺមិនដួលទេ បើកំពុងជិះកង់គេនៅតែបន្ដជិះដដែល គ្រាន់តែបាត់សតិមួយភ្លែត ហើយក៏ដឹងខ្លួនវិញធម្មតា ភ្លាម។
– ហ្គ្រង់ម៉ាល់ ឬកម្រិតធំ៖ នៅពេលធ្វើទុក្ខអ្នកជម្ងឺមានអកប្បកិរិយាគួរឱ្យខ្លាច ប្រកាច់ពេញទាំងដងខ្លួន ប៉ុន្ដែជាទូទៅអ្នកជម្ងឺអាចដឹងខ្លួនជាមុន ដូចជាងងឹតមុខ ឈឺក្បាល ក្ដៅ ថប់ដង្ហើមជាដើម។ បន្ទាប់មកមុខឡើងស្លេកស្លាំង គាំងដង្ហើម រឹងដៃជើង រួចដួល ហើយប្រកាច់តែម្ដង។ ជួនកាលបែកពពុះមាត់ ដោយមានសម្លេងដង្ហើមឃឺតខតៗទៀតផង។ ការប្រកាច់អាចមានរយៈ ពេលពីកន្លះនាទីទៅ៥ឬ១០នាទី។ ពេលប្រកាច់អ្នកជម្ងឺវៀសដៃជើងធ្វើឱ្យរបស់ របរនៅជិតខ្លួនបាក់បែក ឬរាងកាយរបស់ជនរង គ្រោះមានរបួសផងដែរ។ នេះជាករណីមួយប្រកបដោយគ្រោះថ្នាក់ប្រសិនបើធ្វើទុក្ខនៅពេលកំពុងបើកបរយានយន្ដវិញ អាចមាន គ្រោះថ្នាក់ឱ្យក្រឡាប់ បុកគេ ឬដួលជាដើម។ ប្រសិនបើកំពុងងូតទឹកបឹងអាចលង់ទឹកស្លាប់បានដោយឈ្លក់ទឹក។ បើនៅជាប់នឹងជើង ក្រាន ឬភ្នក់ភ្លើងអាចរលាក ឬស្លាប់ដោយភ្លើងឆេះបាន។ករណីជម្ងឺឆ្កួតជ្រូកមួយបែបទៀត គេហៅថាម៉ាល់អេពីលិបទិកឬប្រកាច់ញឹកញាប់ ជាប្រភេទជម្ងឺឆ្កួតជ្រូកធ្ងន់ធ្ងរដែលធ្វើឱ្យប្រកាច់មួយថ្ងៃពី៣ទៅ១០ដង រហូតធ្វើការងារអ្វីមិនកើតក៏មាន។ការធ្វើរោគវិនិច្ឆ័យក្នុងការធ្វើរោគវិនិច្ឆ័យ ជាទូទៅគ្រូពេទ្យច្រើនពិនិត្យសាកសួរលម្អិតអំពីអាការកន្លងមក។

បើមានឧបករណ៍គ្រប់គ្រាន់ គេអាចត្រួតពិនិត្យសកម្មភាពខួរក្បាលពេញមួយថ្ងៃ២៤ម៉ោងក្នុង រយៈពេលមួយសប្ដាហ៍ដោយម៉ាស៊ីនវាស់សកម្មភាពអគ្គិសនីខួរក្បាលដែលអាចតាមដានពេលអ្នកជម្ងឺប្រកាច់់។ ប្រព័ន្ធសម្រាប់ឃ្លាំមើលរោគសញ្ញាជម្ងឺនឹងថតទាំងរូបភាព ទាំងគំនូសតាងសកម្មភាព អគ្គិសនីរបស់កោសិកាខួរក្បាល។ នៅពេលអ្នកជម្ងឺប្រកាច់ គេនឹងឃើញវាមានស្នាមគំនូសបញ្ជាក់ថាមាន ឬគ្មានជម្ងឺឆ្កួតជ្រូក។ ករណី ខ្លះទៀតអ្នកជម្ងឺមានប្រកាច់ដែរតែគំនូសតាងមានលក្ខណៈធម្មតា មានន័យប្រកាច់បណ្ដាលមកពីជម្ងឺផ្សេង ដែលមិន មែនជាជម្ងឺឆ្កួត ជ្រូកទេ។ ហេតុនេះរាល់អាការដែលប្រកាច់មិនសុទ្ធតែជាជម្ងឺឆ្កួតជ្រូកនោះទេ។ការធ្វើទុក្ខនៃជម្ងឺឆ្កួតជ្រូកអាចត្រូវបង្កឡើងដោយសាម៉ីខ្លួន អាចបណ្ដាលមកពីអ្នកជម្ងឺអត់ងងុយ ព្រួយចិត្ដខ្លាំង ទទួលទានមិនបានគ្រប់គ្រាន់ ហើយជាតិស្ករក្នុងឈាមថយចុះ ធ្វើការធ្ងន់និងប្រឈមនឹងពន្លឺ ដូចជាមើលទូរទស្សន៍ កុំព្យូទ័រយូរពេក ជួនកាលគ្រាន់តែពន្លឺហ្វាថតរូបចាំងខ្លាំងអាចធ្វើឱ្យអ្នកជម្ងឺប្រកាច់មួយរំពេចក៏មានដែរ។ប្រការត្រូវធ្វើនៅពេលមានជម្ងឺឆ្កួតជ្រូកជម្ងឺឆ្កួតជ្រូក ជាជម្ងឺមួយដែលអាចបង្កឱ្យមានការប៉ះពាល់ដល់សុខភាពផ្លូវចិត្ដ និងបញ្ញាស្មារតី។

ប្រសិនបើជម្ងឺនេះនៅតែ មានជាប់រហូត ឬកាន់ តែធ្ងន់ទៅៗ និងអាចមានគ្រោះថ្នាក់ដល់រាងកាយនៅពេលធ្វើទុក្ខម្ដងៗ។ អ្នកជម្ងឺស្ថិតក្នុងស្ថានភាពដែលងាយ ប្រឈមនឹងគ្រោះថ្នាក់ដូចជាពេលកំពុងបើកបរ ដើរលើស្នួរ ឡើងដើមឈើ នៅក្បែរភ្លើង។ល។ នៅប្រទេសជឿនលឿន អ្នកដែលកំពុងមានជម្ងឺឆ្កួតជ្រូកត្រូវបានគេហាមឃាត់មិនឱ្យបើកបរ។ជាទូទៅដើម្បីបង្ការនូវគ្រោះថ្នាក់ទាំងនេះដែលអាចកើតមានដោយចៃដន្យពេលធ្វើទុក្ខម្ដងៗ គេហាមមិនឱ្យអ្នកជម្ងឺបើកបរជិះលើដំបូលយានយន្ដ ជិះទូកតូចៗ ហែលទឹក ដើរលើស្នួរខ្ពស់ ឡើងដើមឈើ ដើរកាត់ត្រញំងភក់ និងនៅក្បែរភ្លើងឡើយ។ ពេល ធ្វើទុក្ខគេត្រូវយកអ្នកជម្ងឺដាក់កន្លែងទូលាយមិនមានអ្វីដែលអាចធ្វើឱ្យរបួសដល់អ្នកជម្ងឺ រក្សាផ្លូវដកដង្ហើម។ល។ ដើម្បីបង្ការ ការធ្វើទុក្ខញឹកញាប់អ្នកជម្ងឺត្រូវព្យាយាមកុំអត់ងងុយ កុំធ្វើការងារធ្ងន់ ព្រួយចិត្ដ មើលទូរទស្សន៍ ឬនៅមុខកុំព្យូទ័រយូរពេក ត្រូវតមគ្រឿងស្រវឹងជាដើម។ការព្យាបាលជម្ងឺឆ្កួតជ្រូកមានប្រភេទជម្ងឺឆ្កួតជ្រូកខ្លះមិនអាចព្យាបាលជាសះស្បើយទេ គឺគ្រាន់តែឱ្យបានធូរស្រាលតែប៉ុណ្ណោះ។ ប៉ុន្ដែក៏មានប្រភេទខ្លះដែលកើតមានលើកុមារអាចជាសះស្បើយដោយខ្លួនឯង នៅពេលកុមារនោះធំឡើង។ បច្ចុប្បន្ននេះ នៅលើសាកលលោក ការព្យាបាលជម្ងឺឆ្កួតជ្រូកមាន៤យ៉ាងសំខាន់។

1.ការព្យាបាលដោយប្រើថ្នាំ៖ ក្រោយពេលគ្រូពេទ្យពិនិត្យល្អិតល្អន់ទើបអាចឱ្យអ្នកជម្ងឺប្រើប្រាស់ថ្នាំបាន ហើយត្រូវប្រើថ្នាំឱ្យបានទៀងទាត់ និងធ្វើតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវ។

2.ការព្យាបាលដោយការវះកាត់ខួរក្បាល៖ ការវះកាត់ខួរក្បាលអាចធ្វើទៅបានលុះត្រាណាគេស្រាវជ្រាវឃើញថាកន្លែងណាមួយនៃខួរក្បាលជាចំណុចផ្ដើមបង្កការប្រកាច់ គ្រូពេទ្យធ្វើការវះកាត់យកកន្លែងនោះចេញ។

3.ការព្យាបាលដោយប្រើម៉ាស៊ីនភ្ញោច៖ ប្រសិនបើការប្រើថ្នាំ និងការវះកាត់មិនធ្វើឱ្យជម្ងឺឆ្កួតជ្រូកធូរស្បើយទេ គេព្យាបាលដោយភ្ញោចទៅលើសរសៃមួយនៅចំហៀងកខាងឆ្វេង គឺសរសៃវ៉ាកដោយប្រើកុំព្យូទរ័ និងឧបករណ៍សម្រាប់រក្សារំញោច ដែល គេដាក់ក្នុងសាច់ក្រោមដោះ។ មធ្យោបាយនេះមានប្រសិទ្ធិភាពមួយកម្រិតដែរ តែមិនបានទាំងស្រុងនោះទេ។

4.ការព្យាបាលដោយចំណីអាហារសម្បូរខ្លាញ់៖ បើគេប្រើប្រាស់វិធីខាងលើទាំងអស់ហើយនៅតែមិនទទួលបានលទ្ធផល ល្អគេអាចព្យាបាលដោយប្រើអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ ឬប្រេងច្រើន មានដូចជាសណ្ដែកដី ហ្វ្រូម៉ា ប៊ឺរ ជាតិខ្លាញ់ ប្រេងធម្មជាតិដែលមានប្រភពពីសត្វ និងធម្មជាតិ។ ប៉ុន្ដែ វិធីនេះធ្វើឱ្យអ្នកជម្ងឺពិបាកទ្រាំណាស់ ព្រោះវាធ្វើឱ្យធាត់ពេក។សម្រាប់នៅប្រទេសកម្ពុជាយើង មានតែមធ្យោបាយព្យាបាលដោយប្រើថ្នាំ និងធ្វើការតមទេ។ យើងមិនទាន់ឈានទៅដល់ការព្យាបាលដោយវះកាត់ ឬប្រើម៉ាស៊ីនទេ ព្រោះវាមានតម្លៃថ្លៃហើយត្រូវការគ្រូពេទ្យឯកទេសដើម្បីប្រើប្រាស់ម៉ា ស៊ីនទាំងនោះ។ផលវិបាករបស់ជម្ងឺឆ្កួតជ្រូកអ្នកជម្ងឺនឹងស្លាប់ប្រសិនបើមានការធ្វេសប្រហែស។ លើសពីនេះជម្ងឺឆ្កួតជ្រូកអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ដ អាចធ្វើឱ្យមនុស្សអាប់បញ្ញាមានពិការភាព (អ្នកជម្ងឺបាត់សមត្ថភាពធ្វើការងារ) អាចខូចចិត្ដនាំឱ្យមានជម្ងឺធ្លាក់ទឹកចិត្ដ ឬអាចក្លាយជាមនុស្ស មានជម្ងឺវិកលចរិតទៀតផង។វិធានការណ៍ការពារជម្ងឺឆ្កួតជ្រូកដើម្បីចៀសវាងជម្ងឺឆ្កួតជ្រូក ស្ដ្រីជាម្ដាយត្រូវថែរក្សាគភ៌ឱ្យបានល្អ គឺអ្នកម្ដាយមិនត្រូវឱ្យមានជម្ងឺអ្វីទេក្នុងអំឡុងពេលនោះ ។

រហូតដល់ពេលសម្រាលទៀតត្រូវធ្វើយ៉ាងណាឱ្យទារកកើតមកតាមសម្រួលមិនមានប៉ះពាល់ដល់ក្បាល។ សូមថែទាំកូនក្រោយថ្ងៃ កើតរហូតដល់ធំបង្ការកុំឱ្យកើតមាននូវជម្ងឺ ឬគ្រោះថ្នាក់ដែលជាមូលហេតុបង្កជម្ងឺនេះដូចបានរៀបរាប់ខាងលើ។ ឆ្កួតជ្រូកជាជម្ងឺសួរ ពូជផងដែរប្រសិនបើមានជីដូនជីតាធ្លាប់កើតមានជម្ងឺនេះ កូនចៅជំនាន់ក្រោយអាចកើតដែរ តែមិនមែនមានន័យថាកូនចៅទាំងអស់ កើតជម្ងឺឆ្កួតជ្រូកនោះទេមានតែមួយចំនួនតូចប៉ុណ្ណោះ។ដំបូន្មានអ្នកប្រឹក្សានៅក្នុងគ្រួសារ ប្រសិនបើមាននរណាម្នាក់កើតមានជម្ងឺឆ្កួតជ្រូកនេះ សូមកុំមានការរើសអើង ឬប្រកាន់ខឹងនៅពេលដែលអ្នកជម្ងឺបញ្ចេញអាការឆ្កួតជ្រូក។ អ្នកជម្ងឺត្រូវតមឱ្យបាននូវប្រការមួយចំនួនដូចរៀបរាប់ជម្រាបជូន។ បើមានកូនចៅកើតជម្ងឺនេះ ត្រូវប្រញាប់នាំទៅរកគ្រូពេទ្យព្យាបាល ជាពិសេសនៅទីណាមានសេវាសុខភាពផ្លូវចិត្ដឱ្យបានទាន់ពេលវេលា៕

ប្រភព៖ iknow

  • ជម្ងឺ​ឆ្កួត​ជ្រូក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:សុខភាព
Tags: