តុលាការ​កោះហៅ​ស្រីមុំ​មក​បំភ្លឺ​ពាក់ព័ន្ធ​អំពើ​សញ្ចារ​កម្ម​នៅ​ថ្ងៃ​១៦ មិថុនា

សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ អោយ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារ​កម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

ដីកាកោះ​របស់​ព្រះរាជអាជ្ញា​រង លោក សៀង សុខ ចុះ​ថ្ងៃ​ទី​៨ ខែ​មិថុនា អោយ​ដឹង​ថា ការ​សាកសួរ​នាង ខុម ចាន់តារាទី នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​១៦ ខែ​មិថុនា។

ក្នុង​សំណុំ​រឿង​នេះ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ក្នុង​នាម​ជា​សាក្សី​លើ​សំណុំរឿង​សញ្ចារកម្ម តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​អយ្យការ​បញ្ជាក់​ថា ជា​បទល្មើស​ជាក់ស្ដែង។ ចំណែក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​នេះ​ក៏​បាន​ចេញ​ដីកា​មួយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា បង្គាប់​អោយ​លោក កឹម សុខា ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ដើម្បី​សាកសួរ​ពី​ដំណើររឿង​បដិសេធ​ក្នុង​ការ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។