បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន​នៅ​លើ​ភ្នំ​ស​ន្ទុ​ក

ខេត្តកំពង់ធំ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​លើ​ភ្នំ​ស​ន្ទុ​ក កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​គេ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ដោយ​មាន​ដប​ទឹក​សុទ្ធ និង​កញ្ចប់​ថ្នាំ​បំពុល​សត្វ​នៅ​ជិត​ខ្លួន ។ ជុំវិញ​ករណី​ប្រទះ​ឃើញ​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ​នេះ លោក​វរសេនីយ៍ត្រី ជៀប គឹ​ម​ឆុង អធិការរង​នគរបាល​ស្រុក​ស​ន្ទុ​ក​ទទួល​ផ្នែក​យុត្តិធម៌ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ខាងលើ​នេះ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ឡើង​ទៅ​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព និង​សាកសួរ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​លើ​ភ្នំ និង​នៅ​លក់ដូរ​ជើងភ្នំ​ស​ន្ទុ​ក​ទើប​ដឹង​ថា ជុំវិញ​ការ​ផឹកថ្នាំ​បំពុល​សត្វ​នេះ នៅ​មុន​ពេល​កើតហេតុ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ គេ​ឃើញ​ជន​រង​គ្រោះ​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​បាន​ជិះ​រថយន្ត​តាក់ស៊ី​ម៉ាក​សាំ​យ៉ុ​ង​មក​ពី​ទិស​ខាងត្បូង តែ​មិនដឹង​មក​ពី​គោលដៅ​ណា​នោះ​ទេ លុះ​មក​ដល់​មុខ​វត្ត​ស្វាយ​កាល ក៏​ហៅ​ម៉ូតូឌុប​ជិះ​ឡើង​ទៅ​លើ​ភ្នំ​ស​ន្ទុ​ក​ក្នុង​តម្លៃ​១០.០០០​រៀល ដោយនៅ​ក្នុង​ដៃ​មាន​យួរ​ថង់​ខ្មៅ​១ នៅ​ពេល​ទៅ​ដល់​លើ​ភ្នំ​គេ​ក៏​បាន​ឲ្យ​ម៉ូតូឌុប​នោះ​ចុះ​មក​មុន​មក ចាំ​គេ​ដើរ​ចុះ​តាម​ក្រោយ ហើយ​បាន​ឲ្យ​លុយ​ម៉ូតូឌុប ៥០.០០០​រៀល ទៅ​ដល់​កន្លែង​ច័ន្ទ​ចែ​រ៉ែ ក៏​បាន​ចូល​បុណ្យ​ជាមួយ​លោកយាយ​ដែល​នៅ​ចាំ​កន្លែង ៥០.០០០​រៀល​ទៀត ហើយ​ក៏​លា​ដើរ​ចេញ​បាត់​ទៅ ។

រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ទើប​ក្មេង​ៗ​ប្រទះ​ឃើញ​សព ក៏​រត់​មក​ប្រាប់​ចាស់​ៗ​នាំ​គ្នា​ទៅ​មើល និង​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍ ។ ខាង​ប៉ុស្តិ៍​រាយ​ការ​ណ៏​មក​លោក​ដឹកនាំ​កម្លាំង​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ទៅ ទើប​ដឹង​ថា​ជន​រង​គ្រោះ
ពិតជា​បាន​ផឹកថ្នាំ​បំពុល​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ។ ដោយ​គ្មាន​អ្នក​ណា​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​គណកម្មការ​វត្ត ក៏​សម្រេច​បញ្ចុះសព​នៅ​វត្ត​ស្វាយ​កាល​ទៅ រង់ចាំ​ក្រែង​មាន​ញាតិ​មិត្ត​បងប្អូន​ណា​មាន​បាត់​សមាជិកគ្រួសារ ដូច​ភិនភាគ​ខាងលើ​នេះ សូម​អញ្ជើញ​មក​ទំនាក់ទំនង​នឹង​គណកម្មការ​វត្ត​ស្វាយ​កាល​ដើម្បី​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕