រាយ​ខ្សែលួស​ឆក់​កណ្តុរ ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​ដើរ​មើល​ខ្សែលួស​ដែល​ខ្លួន​ភ្ជាប់​ចរន្តអគ្គិសនី ដាក់​ឆក់​កណ្តុរ​កុំ​ឲ្យ​ចូល​ស៊ី​ស្រូវ​ក៍​ភ្លាត់ស្នៀត​រអិល​ជើង​ដួល​ទៅ​លើ​ខ្សែលួស បណ្តាល​ឲ្យ​ឆក់​ស្លាប់​តែ​ម្តង​។ ហេតុ​ការ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមិថុនា ត្រង់​ចំណុច​កែង​ទំនប់​តា​ម៉ូ​វ​ស្ថិត​ក្នុងភូមិ​បឹង​គ្រំ​ក្រោម ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ នុ​ត ថន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ តាម​ប្រភព​និយាយ​ថា​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ដដែល​ជន​រង​គ្រោះ​បាន​យក​អា​គុយ​ដែល​មាន​កម្លាំង​៤០​អំពែ​មួយ​គ្រឿង​ដុំ​ឆក់​ឆ្នៃ​១ និង​ខ្សែលួស​ប្រវែង ៣៤០​ម៉ែត្រ ចេញពីផ្ទះ​ទៅ​រាយ​ត​ចរន្ត​ភ្លើង​អា​គុយ​ព​ទ្ធ័​ជុំវិញ​ដីស្រែ​របស់​ខ្លួន​នៅ​ខាងក្រោយ​ផ្ទះ​ដូច​សព្វដង ដើម្បី​ការពារ​ឆក់​កណ្តុរ​កុំ​ឲ្យ​ចូល​ស៊ី​ស្រូវ​។

លុះដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល​ជន​រង​គ្រោះ​បាន​ដើរ​មើល ស្រាប់តែ​ដើរ​បាន​ប្រហែល​២០​ម៉ែត្រ​ចម្ងាយ​ពី​រោង ក៏​រអិល​ជើង​ដួល​ផ្កាប់មុខ​ទៅ​លើ​ខ្សែលួស​បណ្តាល​ឲ្យ​ឆក់​ស្លាប់​នៅ​នឹង​កន្លែង​គ្មាន​អ្នក​ណា​ដឹង​។ លុះ​ក្រោយមក​ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ ឈ្មោះ នុ​ត ថា យាម​ដី​ស្រូវប្រាំង​ក្បែរ​នោះ​មើល​មក​ឃើញ​ភ្លើង​ពិល​របស់​ជន​រង​គ្រោះ​ចាញ់​បំភ្លឺ​ឡើង​ទៅ​លើ​ក៏​រត់​មក​ស្រែកហៅ​បង​មិន​ឮ​ឆ្លើយ ពេល​មក​ដល់​ស្រាប់តែ​ឃើញ​បងប្រុស​ដួល​ផ្កាប់មុខ​ដោយ​ដៃ​កាន់​ខ្សែលួស​ក៍រ​ត់ទៅ​ដោះ​អា​គុយ​ចាប់​លើក​បង​ឡើង​តែ​ហួសពេល​ព្រោះ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​សមត្ថកិច្ច​ជំនាញ​សហ​ការណ៍​ជាមួយ​គ្រូពេទ្យ និង​នគរ​មូលដ្ឋាន​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​។ បន្ទាប់​ពិនិត្យ​រួច​បញ្ជាក់​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ក្នុង​ករណី​រអិល​ដួល​ទៅ​លើ​ខ្សែលួស​ឆក់​ខ្លួន​ឯក​ប្រាកដ​មែន​មិន​មាន​ពាក់​ពន្ធ​ករណី​ឃាតកម្ម​ទេ ហើយ​សាច់ញាតិ​ក្រុម​គ្រួសារ​ក៏​ទទួលស្គាល់ ទើប​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕