ស្លាប់​ស្ត្រី ២ នាក់ សង្ស័យ​ពុល​ភេសជ្ជៈ​

Videos


មានការភ្ញាក់ផ្អើល និង ភិតភ័យយ៉ាងខ្លាំង ដោយសារតែអ្នករស់នៅភូមិស្រែស្តេច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះពីរនាក់មីង និង ក្មួយបានស្លាប់ជាបន្តបន្ទាប់ ដោយអ្នកភូមិបានសន្និដ្ឋានថា ការស្លាប់របស់ស្ត្រីក្នុងភូមិពីរនាក់បណ្តាលមកពីពុលទឹកភេសជ្ជៈកញ្ចប់ ពេលដែលស្ត្រីរងគ្រោះទាំងពីរនាក់មានអាការៈមិនស្រួលខ្លួនក្រោយបានទទួលទានភេសជ្ជៈកញ្ចប់ ក៏ទន់ដៃទន់ជើង ណែនដើមទ្រូង ហើយស្លាប់ពេលបញ្ជូនមក សង្គ្រោះនៅមន្ទីរពេទ្យឆ្លូង ។

ការភ្ញាក់ផ្អើលមួយរបស់អ្នកភូមិស្រែស្តេចបានកើតមានកាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៦ កន្លងទៅនេះបន្ទាប់ពីមានស្ត្រីជាអ្នកភូមិពីរនាក់ម្តាយមីង និង ក្មួយស្រីបានស្លាប់ជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយ ដោយកើតមានអាការៈដូចគ្នា ។

លោក ឌួង សុទ្ធី អធិការនគរបាលស្រុកឆ្លូង នគរបាលស្រុកឆ្លូង ឲ្យដឹងថា ស្ត្រីរងគ្រោះដែលបានស្លាប់ជាបន្តបន្ទាប់ដោយសង្ស័យថាបានរងនូវការពុលពីភេសជ្ជៈមានឈ្មោះ ដួង ពិ អាយុ៥៣ឆ្នាំ ជាម្តាយមីងស្លាប់ ពេលបញ្ជូនមក សង្គ្រោះ និងស្ត្រីម្នាក់ទៀត ឈ្មោះ ប្រាក់ ហឿង អាយុ៣៦ឆ្នាំ ជាក្មួយស្រី បានស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះបានរយៈពេលជាងកន្លះម៉ោងនៅមន្ទីរពេទ្យឆ្លូង។ បើទោះជាបែបណា ក៏ការស្លាប់របស់ស្ត្រីរងគ្រោះពីរនាក់ម្តាយមីង និងក្មួយស្ត្រី ជាបន្តបន្ទាប់ គឺក្រុមគ្រូពេទ្យមិនទាន់បានកំណត់ថា បណ្តាលមកពីការពុលរឺក៏យ៉ាងណានោះទេ ព្រោះតែស្ត្រីរងគ្រោះទាំងពីរនាក់មានអការៈធ្ងន់ធ្ងរខ្លាំង និង បានស្លាប់នៅពេលសង្គ្រោះ ។

ស្លាប់​ស្ត្រី ២ នាក់ សង្ស័យ​ពុល​ភេសជ្ជៈ​

លោក ប៊ិន បុណ្ណាវេត ប្រធានមន្ទីរពេទ្យបង្អែកឆ្លូង បានឲ្យដឹងទៀតថា គ្រូពេទ្យជំនាញបានយកភេសជ្ជៈដែលនៅសល់ទៅធ្វើកោសល្យវិច័យរកមូលហេតុក្រោយពីមានការសន្និដ្ឋានពីក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះថា ការស្លាប់របស់ស្ត្រីទាំងពីរនាក់ផ្តើមចេញពីការពុលភេសជ្ជៈ ។ បើតាមការលើកឡើងពីសាច់ញាតិរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី ៨ មិថុនា ស្ត្រីរងគ្រោះឈ្មោះ ដួង ពិ បានត្រឡប់ពីបទជើង និង បានប្រាប់ថា រូបគាត់វិលមុខចង់ក្អួតចង្អោរ និង បានកោសខ្យល់ទិញថ្នាំវិលមុខមកលេប ។ ក្រោយពីបានលេបថ្នាំ និង កោសខ្យល់ ស្ត្រីរងគ្រោះបានឲ្យកូនទៅទិញភេសជ្ជៈជាទឹកផ្លែឈើពីផ្ទះលក់គ្រឿងទេសក្នុងភូមិមួយកន្លែងមកហូប ។ ក្រោយពីហូបរួច ក៏វិលមុខ ទន់ដៃទន់ជើងកាន់តែខ្លាំង ហើយបានស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យ ។

ស្លាប់​ស្ត្រី ២ នាក់ សង្ស័យ​ពុល​ភេសជ្ជៈ​

ចំណែកឯស្ត្រីរងគ្រោះជាក្មួយឈ្មោះ ប្រាក់ ហឿង ត្រូវបានសាច់ញាតិឲ្យដឹងថា មុនពេលចេញទៅចម្តារ ស្ត្រីរងគ្រោះបានកើតអការៈវិលមុខ និង បានកោសខ្យល់ ហើយក៏ប្រើកូនឲ្យទៅទិញភេសជ្ជៈពីផ្ទះលក់គ្រឿងទេសនៅក្នុងភូមិដដែលមកទទួលទានអស់ ២ កញ្ចប់ ក៏ត្រូវវិលមុខខ្លាំងទន់ទន់ដៃជើង និង ត្រូវស្លាប់ពេលកំពុងតែសង្គ្រោះ ។

ការស្លាប់របស់ស្ត្រីពីរនាក់ម្តាយមីង និង ក្មួយស្រីនៅភូមិជាមួយគ្នា ផ្ទះក្បែរគ្នានេះ អាជ្ញាធរនៅមិនទាន់កំណត់ថាបណ្តាលមកពីសារធាតុពុល ឬ យ៉ាងណានោះទេ បើទោះជាមានការលើកហេតុផលពីការពុលភេសជ្ជៈពីអ្នកភូមិយ៉ាងណាក្តី ។

ស្លាប់​ស្ត្រី ២ នាក់ សង្ស័យ​ពុល​ភេសជ្ជៈ​

ពេលនេះនគរបាលស្រុកឆ្លូង អាជ្ញាធរនឹងចុះស្រាវជ្រាវ និង ប្រមូលសំណាកសង្ស័យថាមានសារធាតុពុលដែលនៅសេសសល់មួយចំនួនទៅធ្វើកោសល្យវិច័យសិនទើបដឹងការពិត ៕

                                                                                            សុថាត់