គ្រោះថ្នាក់​ចរាចរណ៍​សោះ ​ប៉េអឹម​ខេត្ត​ម្នាក់​និងបក្ខពួក​បាន​ចុះ​ទះកំផ្លៀង​ភាគី​ម្ខាង​ទៀត

គ្រោះថ្នាក់​ចរាចរណ៍​សោះ ​ប៉េអឹម​ខេត្ត​ម្នាក់​និងបក្ខពួក​បាន​ចុះ​ទះកំផ្លៀង​ភាគី​ម្ខាង​ទៀត



សៀមរាប ៖ ធ្លាយ​រឿង​ប៉េអឹម​ម្នាក់​ក្នុងចំណោម​៣​នាក់​បាន​ជិះឡាន​ទំនើប ខណៈ​ពេល​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៦​រួច​ បាន​ជិះ​រថយន្ត​តាម​ដល់​កាក់​ឡាន​ឈប់​ពីមុខ ​រួច​ចុះ​ទះ​កំផ្លៀង​ជនរងគ្រោះ​១​កំផ្លៀង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​កកស្ទះ​ចរាចរណ៍។

ហេតុ​ការណ៍​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រហូតដល់​ទៅ​កើតជា​អំពើ​ហិង្សា​នោះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ ស្ថិតនៅ​ចំណុច​លើ​ផ្លូវ​ជាតិ​លេខ​៦ ​ក្នុង​ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម។

ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦​ថា មុនដំបូង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ក្នុង​ភូមិ​ខ្ចាស់ ឃុំខ្ចាស់​ ស្រុក​សូទ្រនិគម​ រវាង​រថយន្ត​ព្រូស​និង​រថយន្ត​កាមរី​ទំនើប​ម៉ាក​ក្រពើ​ ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា​ពី​កើតមក​លិច។

ប្រភព​បន្ត​ថា ​ក្រោយ​កើតហេតុ​រថយន្ត​ព្រូស​បាន​បើក​បម្រុង​រត់​​ ​ប្រហែល​ជាង​១​គីឡូម៉ែត្រ​ ក៏​ត្រូវ​រថយន្ត​កាមរី​ម៉ាក​ក្រពើ​​​ដេញ​តាម​ទាន់ ​ហើយ​កាក់​ឡាន​ព្រូស​ពីមុខ​ រួច​​ចុះ​មក​ទះ​កំផ្លៀង​១​ដៃ​តែ​ម្តង​(ប្រហែលជា​ស្រវឹង)។ ប្រភព​បានបញ្ជាក់​ថា ជ​ន​រងគ្រោះ​ដែល​ជិះ​រថយន្ត​ម៉ាក​ព្រូ​សមាន​គ្នា​២​នាក់​មានឈ្មោះ លាប សីហា ភេទ​ប្រុស ​អាយុ៣៥​ឆ្នាំ ​មុខរបរ​លក់ដូរ​រស់នៅ​ភូមិ ខ​.១ សង្កាត់​ច្រាំងចំរេះ ខណ្ឌ​ឫស្សី​កែវ​ ក្រុងភ្នំពេញ​ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ព្រូស ​ពណ៌​ទឹកមាស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AJ-៥៩៧៥ បើកបរ​មកពី​លិច​មក​កើត (​ខូចខាត បែក​កញ្ចក់​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាងមុខ​ និង​ដាច់​កញ្ចក់​មើល​ចំហៀង​ផ្នែក​ខាងឆ្វេង​) ​និង​អ្នក​រួមដំណើរ​មានឈ្មោះ ហ៊ី ឆៃ​ហាក់​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​រស់នៅ​ជាមួយគ្នា​ត្រូវជា​ប្អូនថ្លៃ។

ចំណែក​ជន​បង្ក​ជិះ​រថយន្ត​មាន​គ្នា​៣​នាក់ ទី​. ឈ្មោះ ឃុំ ឡាញ់ ​ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ ​មុខរបរ​កងរាជអាវុធហត្ថ​ខេត្ត​(​ដែល​ជា​អ្នក​បង្ក​)​មាន​ទីលំនៅ​ភូមិ​គ្រួស​ សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ​ទី​២.​ឈ្មោះ​នូ ប៊ុន​រិ​ទ្ធ ភេទ​ប្រុស ​អាយុ​៥២​ឆ្នាំ​ មុខរបរ​កងរាជអាវុធហត្ថ​ខេត្ត រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​កាមរី​ក្រពើ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២S-៦៧២៩ ​បើកបរ​​​ពី​កើតមក​លិច​(​ខូចខាត បែក​កញ្ចក់​ចំហៀង​ខាងឆ្វេង ផ្នែក​ខាងមុខ ​និង​ដាច់​កញ្ចក់​មើល​ចំហៀង​ផ្នែក​ខាងឆ្វេង​)​ និង​អ្នក​រួម​ដំណើរ​ម្នាក់ទៀត ឈ្មោះ ម៉ូ ភេទ​ប្រុស ​អាយុជាង​៤០​ឆ្នាំ មិន​ស្គាល់​ទីលំនៅ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់ពី​កើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ឈាន​ដល់​ការ​​ប្រើ​អំពើ​ហិង្សា​រួចមក​ គេ​ឃើញ​កម្លាំង​ជំនាញ​ហៅ​ភាគី​ទាំងសងខាង​យក​រថយន្ត​មក​ទុក​នៅ​កន្លែង​អធិការដ្ឋាន​ស្រុក​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា លុះ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦​កម្លាំង​នគរបាល​ចរាចរណ៍​បាន​កោះហៅ​ភាគី​ទាំងសងខាង​ឲ្យ​ចូល​ខ្លួន​មក​ដោះស្រាយ​គ្នា​នៅ​កន្លែង​អធិការដ្ឋាន​ស្រុក ​ខណៈ​ពេល​មកដល់​ទាំងសងខាង ភាគី​ទាំង​២​ក៏បាន​ត្រូវរ៉ូវ​គ្នា ទាំង​ផ្នែក​ចរាចរណ៍ ​និង​ផ្នែក​ព្រហ្មទណ្ឌ​(​ពីបទ​ប្រើ​អំពើ​ហិង្សា​)​ រួច​ដើរចេញ​ និង​ជួសជុល​រៀងៗ​​រថយន្ត​ខ្លួន៕

គ្រោះថ្នាក់​ចរាចរណ៍​សោះ ​ប៉េអឹម​ខេត្ត​ម្នាក់​និងបក្ខពួក​បាន​ចុះ​ទះកំផ្លៀង​ភាគី​ម្ខាង​ទៀត