មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ជលផល​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​បង្កើន​ការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​ឲ្យ​បាន​ម៉ត់ចត់

មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ជលផល​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​បង្កើន​ការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​ឲ្យ​បាន​ម៉ត់ចត់



សៀមរាប​ ៖ ​រដូវ​បិទ​នេសាទ​បាន​ចូល​មក​ដល់​ហើយ​បទល្មើស​នេសាទ​គ្រប់​ប្រភេទ នៅ​តែ​មាន​កម្រិត​ខ្ពស់​ពេញ​ផ្ទៃ​បឹង​ទន្លេសាប នៃ​ខេត្ត​សៀមរាប​ ហេតុ​នេះ​ហើយ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​ចុះទៅ​បង្ក្រាប​បទល្មើស​ទាំងនោះ​និង​បញ្ជា​ឲ្យ​បង្កើន​ការ​បង្ក្រាប​បទល្មើស​នេះ ​ក្នុង​រដូវ​បិទ​នេសាទ​ធ្វើ​យ៉ាងណា​ឲ្យ​ត្រី​ពង​កូន​បាន​ច្រើន។

បទ​បញ្ញា​នេះ​ធ្វើឡើង​នា​ពេល​ដែល​រូបលោក​អេង​ជា​សាន្ត​ បាន​អម​ដំណើរ​លោក​សៅ​ វណ្ណ​សេរី​វុ​ធ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង ​នេសាទ​ចុះ​ត្រួតពិនិត្យ​ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​នា​ថ្ងៃ​ទី​៩ ​និង​ ថ្ងៃទី​១០ ​ខែមិថុនា​។

ក្នុង​ប្រតិបត្តិការ​នោះ​លោក​អេង ជា​សាន្ត បាន​លើក​ឡើង​ថា ​ក្នុង​រដូវ​បិទ​នេសាទ​នេះ មន្ត្រីជលផល​ត្រូវ​បង្កើន​ការ​បង្ក្រាប​ឲ្យ​បាន​ដាច់ខាត​នូវ​រាល់​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាពិសេស​ឧបករណ៍​ដែល​ចាប់​យក​កូន​ត្រី​តូចៗ។

ក្នុង​ភូមិ​សាស្ត្រ​តំបន់​កំពង់​ឃ្លាំង​ជាមួយ​បទល្មើស​គ្រប់​ប្រភេទ​ដែល​រូបលោក​បាន​ចុះទៅ​បង្ក្រាប​ផ្ទាល់​លោក​បាន​លើកឡើង​ថា ​ជា​ការពិត​បទល្មើស​ទាំង​នេះ​ប្រសិនបើ​មន្ត្រី​ជំនាញ​អសមត្ថភាព​ក្នុងការ​បង្ក្រាប​នា​រដូវ​បិទ​នេសាទ​នេះ​ ទិន្នផល​ត្រី​នៅ​ឆ្នាំក្រោយ​អាច​នឹង​ថយ​ចុះ​មិន​ខាន​។

មន្ត្រី​ដែល​គ្រប់គ្រង​ភូមិសាស្ត្រ​នីមួយៗ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ពលរដ្ឋ​ក្នុង​សហគមន៍​ទើប​អាច​ទប់ស្កាត់​រាល់​បទល្មើស​នេះ។

ជា​ការ​ឆ្លើយតប​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប​បាន​ប្តេជ្ញា​ថា ​នឹង​អនុវត្ត​ការងារ​ដែល​ថ្នាក់លើ​ដាក់​មក​ឲ្យ​មាន​ប្រសិទ្ធភាព​។ ថែមទាំង​បញ្ជាក់​ថា ​ការចូលរួម​ពី​សហគមន៍​និង​អាជ្ញាធរ​មូលដ្ឋាន​មាន​សារសំខាន់​ណាស់​ព្រោះ​ពួកគាត់​ជា​អ្នក​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​។ កន្លងមក​រាជរដ្ឋាភិបាល​បាន​រំសាយ​ចោល​ឡូ​តិ៍​នេសាទ​ទាំងអស់​ក្នុង​បឹង​ទន្លេសាប​ហើយ​បានប្រគល់​តំបន់​មួយចំនួន​ទៅ​ឲ្យ​សហគមន៍ ជា​អ្នកគ្រប់គ្រង​និង​អភិរក្ស ដូច្នេះ​បញ្ហា​បទល្មើស​នេសាទ​នេះ​យើង​ត្រូវតែ​រួបរួម​គ្នា​បង្ក្រាប​ឲ្យ​ទទួល​បាន​ជោគជ័យ​។ ជា​លទ្ធផល​សមត្ថកិច្ច​បាន​កម្ទេច​ចោល​នូវ​ស្បៃ​មង និង​បង្គោល​ចម្រឹង​ជាច្រើន។

គួរ​រំលឹក​ថា ​ពាក់​ព័ន្ធ​នឹង​បទល្មើស​នេសាទ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​សៀមរាប​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់ខ្លួន​មន្ត្រីជលផល​ម្នាក់​ ដោយសារ​តែ​ប្រព្រឹត្តិ​អំពើពុករលួយ​ជាមួយ​បទល្មើស​នេសាទ​។

ដោយឡែក​ប្រភព​មួយ​បាន​បង្ហើប​ថា មន្ត្រី​ជលផល​មួយ​ចំនួន​ដូច​ផ្នែក​ក្រឡាញ់​,​ផ្នែក​ចុង​ឃ្នៀស​,​ផ្នែក​សូទ្រនិគម​គេ​នៅ​មិនទាន់​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​អង្កេត​មន្ត្រី​ទាំងនោះ​ដែល​គេ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ជា​យូរ​មក​ហើយ៕

មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ជលផល​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​បង្កើន​ការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​ឲ្យ​បាន​ម៉ត់ចត់ មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ជលផល​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​បង្កើន​ការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​ឲ្យ​បាន​ម៉ត់ចត់