នាយក​សាលា​នានា​នៅ​ក្នុង​ខណ្ឌ​ដូនពេញ ស្នើ​ឲ្យ​រដ្ឋបាល​ខណ្ឌ ជួយ​ទប់ស្កាត់​អ្នក​លក់​ដូរ​បែប​អានាធិបតេយ្យ​នៅ​ជាប់​របង​សាលា

នាយក​សាលា​នានា​នៅ​ក្នុង​ខណ្ឌ​ដូនពេញ ស្នើ​ឲ្យ​រដ្ឋបាល​ខណ្ឌ ជួយ​ទប់ស្កាត់​អ្នក​លក់​ដូរ​បែប​អានាធិបតេយ្យ​នៅ​ជាប់​របង​សាលា



ភ្នំពេញ ​៖ ​លោកនាយក​សាលា​មួយ​រូប តំណាង​ឲ្យ​សាលា​ទាំងអស់​ក្នុង​ខណ្ឌ​ដូនពេញ​បាន​ស្នើ​ឲ្យ​រដ្ឋបាល​ខណ្ឌ ជួយ​ទប់ស្កាត់​ដល់​អ្នក​លក់ដូរ​បែប​អានាធិបតេយ្យ នៅ​ជាប់​របង​សាលា កុំ​ឲ្យ​កើតមាន​បែប​នេះ​តទៅ​ទៀត​ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​សណ្ដាប់ធ្នាប់​របស់​សាលា​ផង និង ជាពិសេស​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​សិស្ស តាមរយៈ​ចំណីអាហារ​គ្មាន​អនាម័យ និង ចំណីអាហារ​ខ្ចប់​ដែល​ហួស​កាលកំណត់​ប្រើ​ផង។

លោកនាយក​សាលា​រូប​នោះ​បាន​បញ្ជាក់​​ថា ​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ តាម​សាលា​នីមួយៗ គេ​តែងតែ​ឃើញ អ្នកលក់​ចំណីអាហារ​ជា​រទេះរុញ មក​តាំង​លក់​នៅ​តាម​របង​សាលា​រាល់ថ្ងៃ ទោះបីជា​មានការ​ហាមឃាត់ ពី​សាលា​យ៉ាងណាក៏ដោយ​ ក៏​អ្នក​ទាំងនោះ​នៅតែ​មក​លក់ដូរ​ដដែល។

ព្រោះ​កន្លងមក ក៏​ដូច​ក្នុង​ពេល​សព្វថ្ងៃ គេ​តែងតែ​សង្កេតឃើញ​មាន​សិស្ស​មួយ​ចំនួន​ពុល​ចំណីអាហារ ឬ ក៏​មាន​ការ រាករូស​ជាដើម ដោយសារតែ​ចំណីអាហារ​គ្មាន​អនាម័យ​នេះ​។

លោកនាយក​សាលា​បានលើកឡើង​ដូចនេះ ក្នុងឱកាស អញ្ជើញ​ចូលរួម ក្នុង​វេទិកា​ផ្សព្វផ្សាយ និង ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ អាណត្តិ​ទី​២ ដែល​បាន​ធ្វើឡើង​នៅ ភោជនីយដ្ឋាន​ពិភព​ថ្មី នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ បាន​លើក​ឡើង​ថា ​រដ្ឋបាល​ខណ្ឌ នឹង ខិតខំ​បំបាត់​ឲ្យ​អស់​រាល់​ការលក់ដូរ​ចំណីអាហារ​ទាំងឡាយ​នៅ​តាម​របង​សាលា​នានា​ក្នុង​ខណ្ឌដូនពេញ។ កន្លងមក​មាន​សាលា​មួយ​ចំនួន​ដូចជា​សាលាបឋមសិក្សា​ព្រះ​នរោត្តម និង វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជាដើម ក៏​ធ្លាប់​មាន​ការលក់ដូរ​ដូចនេះ​ដែរ ប៉ុន្តែ​សព្វថ្ងៃ​នេះ ត្រូវ​បាន​បញ្ចប់​អស់ហើយ ដោយ​គ្មាន​ការលក់ដូរ​ទៀត​ឡើយ។

លោក​គួច ចំរើន បាន​បញ្ជាក់​ថា ​បរិវេណ​ជុំវិញ​សាលារៀន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការលក់ដូរ​ទេ ពី​ព្រោះ​បើ​មានការ​លក់ដូរ វា​មិន​ត្រឹមតែ​បាត់បង់​សណ្តាប់​ធ្នាប់ របៀបរៀបរយ ប៉ះពាល់​សុខភាព​សិស្ស​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើ​ឲ្យ​រំខាន​ដល់​ការសិក្សា​របស់​សិស្ស​ផងដែរ។

សូម​បញ្ជាក់​ថា ​វេទិកា​ផ្សព្វផ្សាយ និង ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ អាណត្តិ​ទី​២ ដែល​បាន​ធ្វើឡើង​នៅ ភោជនីយដ្ឋាន​ពិភពថ្មី នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន លោក​ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង កីឡា និង ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ដូនពេញ , លោក​ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​, និង លោក​គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​។ វេទិកា​នេះ បាន​ផ្តោត​លើ​ប្រធានបទ​ចំនួន​៣ រួមមាន ទី​១ ការងារ​សន្តិសុខ​សណ្តាប់​ធ្នាប់​, ទី​២ ការងារ​អនាម័យ និង ទី​៣ ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​៕

នាយក​សាលា​នានា​នៅ​ក្នុង​ខណ្ឌ​ដូនពេញ ស្នើ​ឲ្យ​រដ្ឋបាល​ខណ្ឌ ជួយ​ទប់ស្កាត់​អ្នក​លក់​ដូរ​បែប​អានាធិបតេយ្យ​នៅ​ជាប់​របង​សាលា នាយក​សាលា​នានា​នៅ​ក្នុង​ខណ្ឌ​ដូនពេញ ស្នើ​ឲ្យ​រដ្ឋបាល​ខណ្ឌ ជួយ​ទប់ស្កាត់​អ្នក​លក់​ដូរ​បែប​អានាធិបតេយ្យ​នៅ​ជាប់​របង​សាលា