ធនាគារពិភពលោក ផ្តល់​កម្ចី​គ្មាន​ការប្រាក់​ចំនួន ១៣០​លាន​ដុល្លារ​ដល់​កម្ពុជា​ និពន្ធដោយ : ញ៉ុង​ ហេង       June-10-2016, 8:59 pm         386

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ធនាគារពិភពលោក ផ្តល់​កម្ចី​គ្មាន​ការប្រាក់​ចំនួន ១៣០​លាន​ដុល្លារ​ដល់​កម្ពុជា​​ធនាគារពិភពលោក (World Bank) នៅ​ថ្ងៃទី​៩​ខែមិថុនា ផ្តល់​កម្ចី​គ្មាន​ការប្រាក់​ចំនួន ១៣០ លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​នឹងត្រូវ​ប្រើប្រាស់​លើ​គម្រោង​អភិវឌ្ឍន៍​ចំនួន​៤​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក ទឹកប្រាក់​ចំនួន ៣០​លាន​ដុល្លារ ត្រូវ​ប្រើប្រាស់​លើ​គម្រោង​លើកកម្ពស់​គុណភាព​សុខាភិបាល​នៅ​កម្ពុជា ខណៈ​ថវិកា​ចំនួន ១៥ លាន​ដុល្លារ ​ត្រូវអនុវត្តន៍​ក្នុង​គម្រោង​លើកកម្ពស់​ការគ្រប់គ្រង​ទឹក និង​ជលផល​ នៅតាម​អាង​ទន្លេមេគង្គ​ភាគឦសាន​កម្ពុជា​។ ដោយឡែក ទឹកប្រាក់​ចំនួន ៦០​លាន​ដុល្លារ​ទៀត​ត្រូវ​ប្រើ​លើ​គម្រោង​ថែទាំ​ផ្លូវថ្នល់ ស្របគ្នា​ដែល​ថវិកា​ចំនួន ២៥​លាន​ដុល្លារ​ត្រូវ​ចំណាយ​លើ​គម្រោង​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​តាម​ខេត្ត​ចំនួន​៥​។​

​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់ថា កម្ចី​ចំនួន ១៣០​លាន​ដុល្លា​នេះ ជា​ឥណទាន​គ្មាន​ការប្រាក់​របស់​ធនាគារ​ពិភពលោក ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវ​សង​ត្រឡប់​វិញ​នៅ​ចន្លោះ​ពី ២៥ ទៅ ៤០​ឆ្នាំ​។ ហើយ​រយៈពេល​នៃ​ការចាប់ផ្តើម​សង​គឺ​នៅ​ចន្លោះ​ពី ៥ ទៅ ១០​ឆ្នាំ​បន្ទាប់ពី​ខ្ចី​។​

​ជាមួយគ្នានេះដែរ រដ្ឋាភិបាល​អូ​ស្រា្ត​លី​, ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ និង​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​កូរ៉េ បានផ្តល់​ជំនួយឥតសំណង​ប្រមាណ ៥០​លាន​ដុល្លារ​បន្ថែម ​លើ​កម្ចី​របស់​ធនាគារពិភពលោក  ដើម្បី​ប្រើប្រាស់​លើ​គម្រោង​លើកកម្ពស់​គុណភាព​សុខាភិបាល​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​ក៏បាន​រួមចំណែក​ជា​ថវិកាបដិភាគ​ប្រមាណ ១០២​លាន​ដុល្លារ​អាមេរិក​បន្ថែម ​លើ​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក ​និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត ដែល​នឹងត្រូវ​ប្រើប្រាស់ ​លើ​គម្រោង​ទាំង​៤​ខាងលើនេះ​ផងដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​៕