លោក ម៉ម ប៊ុនហេង ហាម​ពេទ្យ​ កុំ​ឲ្យ​សរសេរ​អក្សរ​កាត់ និង​ប្រភេទ​ថ្នាំ​មិន​ច្បាស់ក្នុងវេជ្ជបញ្ជា និពន្ធដោយ : រឿន ភារុន       June-10-2016, 10:28 pm         28

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ម៉ម ប៊ុនហេង ហាម​ពេទ្យ​ កុំ​ឲ្យ​សរសេរ​អក្សរ​កាត់ និង​ប្រភេទ​ថ្នាំ​មិន​ច្បាស់ក្នុងវេជ្ជបញ្ជាភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ណែនាំ​គ្រូពេទ្យ ឬ​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន ត្រូវគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុងការ​ព្យាបាល​អ្នកជំងឺ។ លោក​ប្រាប់​គ្រូពេទ្យ​ទាំងអស់ ឲ្យ​ប្រកាន់ខ្ជាប់​គោលការណ៍ «សង្គ្រោះ​អាយុជីវិត​អ្នកជំងឺដោយ​មិន​គិតលុយ​ជាធំ» ទោះបីជា​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ណែនាំ​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំង​អស់យ៉ាង​ម៉ឺងម៉ាត់​បែបនេះ ក្រោយពី​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន​មួយចំនួន ពុំទាន់​​អនុវត្តតាម​គោលការណ៍​វេជ្ជសាស្ត្រ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ​ពេញលេញ​នៅឡើយ។

រដ្ឋមន្ត្រី​ដែល​រង​មតិ​រិះគន់​សាធារណជន​ពី​បញ្ហា​សុខាភិបាល​កម្ពុជា​រូបនេះ បាន​ណែនាំ​គ្រូពេទ្យ​ដែល​ពុំទាន់​អនុវត្ត​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ​ ក្នុង​ការចេញ​វេជ្ជបញ្ជា លទ្ធផល​មន្ទីរពិសោធន៍ និង​សេវា​អម​វេជ្ជសាស្ត្រពេញលេញ ត្រូវ​ពង្រឹង​ការគោរព​វិជ្ជាជីវៈ​ឲ្យ​កាន់តែ​ប្រសើរថែមទៀត។

យោងតាម​សារាចរ​ណែនាំ​ស្តីពី ការចេញ​វេជ្ជបញ្ជា និង​លទ្ធផល​ពី​មន្ទីរពិសោធន៍ ឬ​សេវា​អម​វេជ្ជសាស្ត្រ នៅ​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ម៉ម ប៊ុនហេង ណែនាំ​គ្រូពេទ្យ ឬ​បន្ទប់ពិនិត្យ​ព្យាបាល​ជំងឺ​ឯកទេស ឬ​ជំងឺ​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន ត្រូវគោរព​តាម​ការណែនាំ និង​លិខិត​ច្បាប់​របស់​ក្រសួងសុខាភិបាល ជាដាច់ខាត។

លោក​បាន​បង្គាប់​គ្រូពេទ្យ​ទាំងអស់​ត្រូវតែ​កត់ត្រា​អំពី​អ្នកជំងឺ ប្រវត្តិ​ជំងឺ ការពិនិត្យ​ជំងឺ ការធ្វើ​រោគវិនិច្ឆ័យ និង​ការផ្តល់​ឱសថ​ជូន​អ្នកជំងឺ​ទាំងអស់​ប្រចាំថ្ងៃ​ក្នុង​សៀវភៅ​ឲ្យ​បាន​គ្រប់ គ្រាន់​ច្បាស់លាស់ ឬ​វាយ​អក្សរ​ក្នុង​កុំព្យូទ័រ។ ដោយឡែក ការចេញ​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ឬ​ការចេញ​លទ្ធផល​ពី​សេវា​អម​គ្លីនិក ដូចជា មន្ទីរពិសោធន៍ និង​រូបភាព​វេជ្ជសាស្ត្រ​ទាំងអស់​វិញ លោក​បាន​បញ្ជា​ពួកគេ​ត្រូវតែ​ប្រើ​វាយអក្សរតាម​ប្រព័ន្ធ​កុំ​ព្យ​ទ័​រ ដើម្បី​ធានា​អក្សរ​ច្បាស់លាស់។

ត្រង់ចំណុច​ភាពមិនច្បាស់លាស់​នៃ​ការសរសេរ​ដោយ​ដៃនេះ លោក ម៉ម ប៊ុនហេង បាន​បន្ត​សរសេរ​បញ្ជា​ក់​គ្រូពេទ្យ​ឲ្យ​លុបបំបាត់​ភាព​ខ្ជីខ្ជា និង​មិន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វេជ្ជសាស្ត្រ យ៉ាង​ដូច្នេះ៖«គ្រប់​វេជ្ជបញ្ជា និង​លទ្ធផល ហាម​សរសេរ​អក្សរ​កាត់ ឬ​ប្រភេទ​ពណ៌ ឱសថ​ដោយ​មិនមាន​សរសេរ​ឈ្មោះ​ថ្នាំ​ត្រឹមត្រូវ និង​ត្រូវដាក់​ចំនួន​បរិមាណ និង​កម្រិត​ប្រើប្រាស់​ឲ្យ​ច្បាស់លាស់ បើ​ចាំ​ចាច់​អាច​ប្រើ​ជា​ភាសា​ខ្មែរ​ជំនួយ​សម្រាប់​អ្នកប្រើប្រាស់​ងាយ​យល់ ហើយ​រាល់​ការចេញ​វេជ្ជបញ្ជា​ថ្នាំ​ចាក់​ត្រូវតែមាន​ហេតុផល​វេជ្ជសាស្ត្រ​ត្រឹមត្រូវ និង​ត្រូវ​ចេញ វេជ្ជបញ្ជា ឱសថ​សមស្រប​តាម​ស្ថានភាព​អ្នកជំងឺ​ដែលមាន​តម្លៃ​សមស្រប និង​អាច​ទទួលយក បាន ព្រមទាំង​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល និង​ងាយ​រក​ទិញ​បាន​តាម​ទីផ្សារ​ទូទៅ»។

ចំពោះ សេវា​ឯកជន​គ្លីនិក ឬ​ពហុ​ព្យាបាល​ដែលមាន​ទូ​តាំង​ឱសថ ឬ​លក់​ឱសថ​នានា លោក​បាន​បង្គាប់​ពួកគេ​ត្រូវតែមាន​ឱសថការី​ឡើង​ទៅជា​អ្នកគ្រប់គ្រង​ឱសថ​សា្ថ​ន អនុលោម តាមច្បាប់​ស្តីពី ការគ្រប់គ្រង​ឱសថ​សា្ថ​ន ជា​ធរមាន។ លោក​ហាម​ពួកគេ​មិនត្រូវ​លក់ លើសពី​តម្លៃ​លើ​ទីផ្សារ​ក្នុងន័យ​គេង​យកចំណេញ​បន្ថែម​ឡើយ។ ជាមួួយគ្នាដែរ លោក​បង្គាប់​ពួកគេ​ត្រូវ​ពិនិត្យ​រក្សា​គុណភាព​ឱសថ ថ្ងៃខែ​ផុតកំណត់​ហើយ ត្រូវ​ពន្យល់​អ្នកជំងឺ​ពី​វិធី​ប្រើប្រាស់​ឱសថ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកជំងឺ។ លោក​ ម៉ម ប៊ុនហេង បាន​បញ្ជា​មន្ត្រី​សុខាភិបាល​ជំនាញ ត្រូវ​ត្រួតពិនិត្យ​ការអនុវត្ត​កិច្ចការ​នេះ​ជា​ចាំបាច់។

បន្ថែមលើនេះ លោក​បង្គាប់​រាល់​សេវា​សុខាភិបាល​គ្រប់​ប្រភេទ ឲ្យចែង​បទបញ្ជាផ្ទៃក្នុង វេន​ប្រចាំការ ២៤ម៉ោង តារាង​តម្លៃ​ដោយ​បិទ​ជា​សាធារណៈ ហើយគ្រូពេទ្យ​ត្រូវ​ប្រើ​ឯកសណ្ឋាន​ត្រឹមត្រូវ​ដោយមាន​ស្លាក​ឈ្មោះ​លើ​អាវត្រេឹមត្រូវ។ លោ​កបន្ត​បង្គាប់ពួកគេ ត្រូវដាក់ប្រអប់​អនាមិក សម្រាប់​អតិថិជន​ងាយស្រួលផ្តល់ការ​វាយតម្លៃ និង​មតិ​កែលំអ សេវា។

ភ្ជាប់​ជាមួយគ្នា លោក​បាន​បញ្ជា​អ្នក​ប្រកប​វិជ្ជាជីវៈ​ពេទ្យ​ត្រូវតែ​រក្សា​ទិន្នន័យ​ដែល​បាន​កត់ត្រា​ការ ពិនិត្យ និង​ព្យាបាល​នានា ជូន​អ្នកជំងឺ​ក្នុង​កុំព្យូទ័រ​ជាប្រចាំ​ថ្ងៃ និង​ប្រចាំខែ ដើម្បី​ងាយស្រួល​ធ្វើរបាយការណ៍​ជូន​ក្រសួងសុខាភិបាល។ លោក ម៉ម ប៊ុនហេង ទុកពេល​ចំនួន ៣ខែ ឲ្យ​សេវាសុខាភិបាល​ទាំង​រដ្ឋ និ​ងឯក​ជន រៀបចំ និង​អនុវត្ត​សារាចរនេះ នៅតាម​កន្លែង​ផ្តល់​សេវា​សុខាភិបាល។ ក្នុងករណី​កន្លែង​ផ្តល់​សេវា​សុខាភិបាល​ណា មិន​គោរព​អនុវត្តតាម​សារាចរ​ណែនាំ​នេះ លោក ម៉ម ប៊ុនហេង បញ្ជាក់​យ៉ាង​ដូច្នេះ៖«ក្រសួង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ជា​ធរមាន»៕