ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​លេខ​៩ រង​របួស​ធ្ងន់​សង្ស័យ​ងងុយដេក

ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​លេខ​៩ រង​របួស​ធ្ងន់​សង្ស័យ​ងងុយដេក



ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​សន្លប់​ស្តូក​ស្តឹង​ ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយសារ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​បង្កាន់ដៃស្ពាន កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ចំណុច​ស្ពាន​លេខ​៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ខាងលើ បាន​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក GXR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FT-6153 ​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ខាងលើ ស្រាប់តែ​បាន​ទៅបុក​នឹង​បង្កាន់​ដៃស្ពាន បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ដែល​គេ​សង្ស័យ​ថា ​បណ្តាល​មក​ពី​ង​ងុ​យ​ដេក​មួយ​ភាំង ទើប​ធ្វើ​ឲ្យ​រ៉េ​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​របួស​បែបនេះ។

ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់ ហើយ​ជួយ​អន្តរាគមន៍ និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​មន្ទីរពេទ្យ ចំណែក​ឯ​បុរស​រងគ្រោះ​ខាងលើ មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ឡើយ៕