ឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​ឆបោក​រំលោភ​លើ​សេចក្តី​ទុកចិត្ត

ខេត្តសៀមរាប ៖ បុរស​ម្នាក់ ដើរ​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់ អស់​ទឹកប្រាក់​ចំនួន​៣៥ ០០០​ដុល្លា ត្រូវ​បាន​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​ហៅ​មក​បំភ្លឺ​នៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត រួច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ មូលហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​ខ្ចី​លុយ ដើម្បី​ទៅ​រកស៊ី ខណៈ​ជន​រង​គ្រោះ​ទាំង​៦​នាក់​បាន​ទូរស័ព្ទ​ទៅ​ទារ​លុយ​វិញ ស្រាប់តែ​ជនសង្ស័យ​បិទ​ទូរស័ព្ទ រួច​គេចខ្លួន​មក​ដល់​ថ្ងៃ សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

តាម​សម្តី​តំណាង​ឱ្យ​ជន​រង​គ្រោះ​មានឈ្មោះ អ្នក សា​រ៉េ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ភូមិ ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​រៀបរាប់​នៅ​មុខ​តុលាការខេត្ត​ថា មុន​ដំបូង​ពួក​គាត់​ទាំង​៦​នាក់​បាន​ស្គាល់គ្នា​ធម្មតា​ដើម្បី​រកស៊ី ប៉ុន្តែ​បុរស​ម្នាក់​ឈ្មោះ មាស ឬ​ទ្ធី ហៅ​ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​បើក​សិប្បកម្ម​ឡឥដ្ឋ ស្រុក​កំណើត ភូមិ​ជប់​វ៉ា​រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ បាន​មក​ខ្ចី​លុយ​ពី​ពួក​ខ្ញុំ​ទាំង​៦​នាក់​ថា មិនបាច់​មក​រកស៊ី​ជាមួយ​គេ​ទេ ឱ្យ​តែ​លុយ​មក រូបគេ​យក​ទៅ​រក​ម្នាក់ឯង​បាន​ហើយ ចាំតែ​យក​លុយ​ចំណេញ​ទៅ​។ តំណាង​ជន​រង​គ្រោះ​បាន​រៀបរាប់​បន្ត​ថា ក្រោយ​ពី​រូបគេ​បាន​លុយ​ពី​ពួក​ខ្ញុំ​ហើយ ពេល​នោះ​រូបគេ​បាន​បិទ​ទូរស័ព្ទ​រហូត មក​ខ​ល​ចូល ថា​ជាប់រវល់​នៅ​ជាមួយ​កូន​សម្តេច ស ខេ​ង បាន​មួយ​រយៈ ពួក​ខ្ញុំ​ខ​ល​ទៅ​ម្តងទៀត រូបគេ​បាន​ប្រាប់​ថា ជាប់រវល់​ទៅ​ជួប​កូន លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​រយៈពេល​មួយ​អាទិត្យ ខ​ល​ចូល​ម្តងទៀត ដើម្បី​ទា​លុយ​វិញ រូបគេ​ថា ជាប់រវល់​ទៅ​ជួប​ជាមួយ​លោក ហ៊ុន ម៉ា​នី ដែល​ជា​កូន​សម្តេច ហ៊ុន សែន នេះ​ជា​លេស​របស់​ជនខិលខូច​តែ​ប៉ុណ្ណោះ​។

តំណាង​ជន​រង​គ្រោះ​បាន​រៀបរាប់​បន្ត​ទៀត​ថា ក្រោយមក​ពួក​ខ្ញុំ​អស់ជំនឿ ក៏​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សុំ​ទារ​លុយ​វិញ​។ បន្ទាប់​ពី​បាន​ដាក់​ពាក្យបណ្តឹង​រួច​មក កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ក៏​បាន​កោះហៅ​បុរស​នោះ​មក​ធ្វើការ​សួរនាំ ស្រាប់តែ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​នៅ​កន្លែង​តែ​ម្តង​។ តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ទាំង​៦​នាក់ ដែល​ត្រូវ​ចាញ់បោក​លុយ​ពី​ជនសង្ស័យ​ចំនួន ៣៥ ០០០​ដុល្លា​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​បាន​ហៅ​មក​សួរនាំ​នៅ​កន្លែង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​។

ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ មាស ឬ​ទ្ធី ហៅ​ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​បើក​សិប្បកម្ម​ឡឥដ្ឋ ស្រុក​កំណើត ភូមិ​ជប់​វ៉ា​រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ មូលហេតុ​ខ្ចី​លុយ​ពី​ជន​រង​គ្រោះ​ទាំង​៦​នាក់​យក​មក​រកស៊ី ដល់​ថ្ងៃ​កំណត់​ពួក​គេ​បាន​ខ​ល​ទៅ​ទា លុយ​វិញ ស្រាប់តែ​ជនសង្ស័យ​គេចខ្លួន​រហូត​មក​ដល់​ថ្ងៃ​ចាប់ខ្លួន​តែ​ម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​បន្ត​។ គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ដល់​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១០​ខែមិថុនា​ឆ្នាំ​២០១៦ ត្រូវ​បាន​តុលាការខេត្ត ផ្ញើ​ជនសង្ស័យ ឱ្យ​ខាង​កងរាជអាវុធហត្ថ​យក​ទៅ​ទុក​នៅ​កន្លែង​បណ្តោះអាសន្ន​សិន ចាំ​ថ្ងៃស្អែក​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦ ទើប​ឱ្យ​យក​មក​តុលាការ​ម្តងទៀត ព្រោះ​ម៉ោង​នេះ​វា​ជិត​យប់​ទៅ​ហើយ ដោយសារ​រឿង​ច្រើន​ពេក​៕