ផៃ ស៊ីផាន៖ សមាជិក​សភា​អ៊ឺរ៉ុប​កំពុង​បង្ក​«ភាព​អាម៉ាស់»​មួយ!

តបទៅនឹងញត្តិមួយ របស់ក្រុមសមាជិកសភា នៃសហគមន៍អ៊ឺរ៉ុប ដែលទទូចចង់ឃើញកម្ពុជា មានភាព​ប្រសើរ​ឡើង ផ្នែកសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជា​រដ្ឋ​លេខា​ធិការ ទីស្ដីការ​គណរដ្ឋមន្ត្រី បាន​ជ្រើសរើស​ប្រតិកម្ម​មួយ ដែលហាក់ដូចជាមិនមានអ្វីប្លែក ពីការលើកឡើង​លើក​មុនៗ​នោះ​ទេ។ ប៉ុន្តែ​លើក​នេះ លោក​បាន​ចាត់​ទុក​ទង្វើ របស់ក្រុម​សមាជិក​សភា​អ៊ឺរ៉ុប​ទាំង​នោះ ថា​បាន​បង្ក​មាន​នូវ​​«ភាព​អាម៉ាស»​មួយ​ឡើង។
ផៃ ស៊ីផាន៖ សមាជិក​សភា​អ៊ឺរ៉ុប​កំពុង​បង្ក​«ភាព​អាម៉ាស់»​មួយ!

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី។ (រូបថតផ្តិតពីវីដេអូ)

«នេះជាភាពអាម៉ាស់មួយ !» នេះជាឃ្លាឧទានចុងក្រោយ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជា​រដ្ឋលេខា​ធិការ​​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីជាប្រតិកម្មទៅនឹងញត្តិមួយ ដែលស្នើឡើងដោយក្រុមសមាជិកសភា​អ៊ឺរ៉ុប ដើម្បី​ទាមទារ​ឲ្យ​មានភាពប្រសើរជាងមុន សម្រាប់ស្ថានភាពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា។

ញត្តិរបស់ក្រុមសមាជិកសភាអ៊ឺរ៉ុបនោះ ត្រូវបានដាក់ឲ្យសភាអ៊ឺរ៉ុបទាំងមូល ធ្វើការជជែកវែកញែក កាលពី​ថ្ងៃទី៨ ខែ​មិថុនា ហើយសភាអ៊ឺរ៉ុបទាំងមូលដដែលនេះ ទើបនឹងចេញនូវសេចក្ដីសម្រេចមួយ របស់ខ្លួន នៅថ្ងៃទី៩ ខែ​មិថុនា​ម្សិលម៉ិញ។ សេចក្ដី​ប្រកាសព័ត៌មានមួយ របស់សភាអ៊ឺរ៉ុប ចេញផ្សាយនៅក្នុងថ្ងៃដដែល បានឲ្យដឹងថា ស្ថាប័ន​នីតិបញ្ញត្តិរបស់សហគមន៍អ៊ឺរ៉ុប បានប្រាប់ទៅការិយាល័យអ៊ឺរ៉ុប​​ដើម្បីកិច្ចការខាងក្រៅ ហៅ​កាត់​ជា​ភាសា​បារាំង​ថា «SEAE» ឲ្យបង្កើនលក្ខខណ្ឌឃ្លាំមើល ទៅលើជំនួយជាទឹកប្រាក់ របស់សហគមន៍អ៊ឺរ៉ុប ដែលត្រូវ​ផ្ដល់​ទៅ​ឲ្យ​ប្រទេស​កម្ពុជា។

សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា ការិយាល័យអ៊ឺរ៉ុបដើម្បីកិច្ចការខាងក្រៅ ត្រូវចាត់​«វិធានការ​ណា​ក៏​ដោយ ដើម្បីឲ្យជំនួយផ្នែកហិរញ្ញវត្ថុ របស់សហគមន៍អ៊ឺរ៉ុប ទៅ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវតែផ្សារភ្ជាប់គ្នា ជាមួយ​នឹង​ស្ថានការណ៍​សិទ្ធិមនុស្ស ដ៏ប្រសើរមួយ នៅក្នុងប្រទេសនេះ»។ សូមអានអត្ថបទនេះឡើងវិញ៖ «សភា​​អ៊ឺរ៉ុប​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ជំនួយ EU សម្រាប់​កម្ពុជា»

ប៉ុន្តែសម្រាប់លោក ផៃ ស៊ីផាន ដែលទំនងជាមិនបានដឹង ពីសេចក្ដីសម្រេចរបស់សភាអ៊ឺរ៉ុប នៅថ្ងៃទី៩ ខែ​មិថុនា​នេះ បានសរសេរនៅលើទំព័រ​ហ្វេសប៊ុករបស់លោក ប្រតិកម្មត្រឹមតែទៅកាន់​ក្រុមសមាជិកសភាអ៊ឺរ៉ុប ដែល​ស្នើ​ញត្តិ​នោះ​តែ​ប៉ុណ្ណោះ។ លោកថា ការសម្ដែងមតិតាមញត្តិនោះ មិនមែនជាច្បាប់ ដើម្បីចាប់បង្ខំឲ្យរដ្ឋាភិបាល នៃ​ប្រជាជាតិ​ជា​សមាជិក របស់សហគមន៍អ៊ឺរ៉ុប ឲ្យប្រឆាំងនឹងកម្ពុជាឡើយ។

ផ្ទុយទៅវិញ លោក ផៃ ស៊ីផាន បែរជាបានចាត់ទុកការលើកឡើង របស់ក្រុមសមាជិកសភាអ៊ឺរុប ថាត្រូវ​បាន​ធ្វើ​ឡើង ក្រោមការភូតភរ បោកប្រាស របស់គណបក្សប្រឆាំងនៅកម្ពុជា ជាពិសេសលោក សម រង្ស៊ី ផ្ទាល់តែម្ដង។ មន្ត្រីរដ្ឋភិបាលរូបនេះ បានសរសេរថា៖ «ឯកឧត្តម សម រង្ស៊ី ជាប្រធាន គណបក្សប្រឆាំង មិនត្រឹមតែ​បោក​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ក៏ប៉ុន្តែ អ្នកនយោបាយបរទេសមួយចំនួន ក៏ធ្លាក់ទៅក្នុងអន្ទាក់ ដ៏អាក្រក់នោះដែរ»។

សម្រាប់ស្ថានការណ៍នយោបាយកម្ពុជា នារយៈពេលចុងក្រោយនេះ រដ្ឋាភិបាលអាមេរិក និងស្ថាប័ន​អន្តរជាតិ​ជា​ច្រើន ក្នុងនោះមានទាំងអង្គការសហប្រជាជាតិផង បានធ្វើប្រតិកម្មជាបន្តបន្ទាប់ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ឈប់​ប្រើ​ប្រាស់​តុលាការជាឈ្នាន់ ដើម្បីធ្វើការគម្រាមកំហែង ការចាប់ចង និងទារុណកម្ម ទៅលើអ្នកដែល​មាន​និន្នាការ​ប្រឆាំង។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានប្រកាសពីជំហររបស់ខ្លួន​ម្ដងហើយម្ដងទៀត ថាករណីចាប់​ចង​កន្លង​មក គឺជាការអនុវត្តន៍ច្បាប់ និងស្ថិតក្រោមអំណាចឯករាជ្យ របស់តុលាការទាំងស្រុង។

ដូចសំណេររបស់លោក ផៃ ស៊ីផាន នៅក្នុងប្រតិកម្មរបស់លោក តបទៅនឹងក្រុមសមាជិកសភាអ៊ឺរ៉ុបថា៖ «អ្វី​ដែល​ធ្វើ​ឲ្យ​សាធារណមតិ មានការភ្ញាក់ផ្អើលនោះ ក្រៅពីការយកចិត្ត ទុកដាក់លើបញ្ហាសិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​សមាជិក​សភា​អ៊ឺរ៉ុបនោះ បង្គាប់ឲ្យកម្ពុជា ជាប្រទេស​អធិបតេយ្យមួយ បោះបង់ភាពជានីតិរដ្ឋ បោះបង់​តុលាការ ឲ្យ​ទៅ​គោរព​បុគ្គល ជា​ទី​សក្ការៈ ដែលមិនស្ថិត​នៅក្នុងរង្វង់ច្បាប់។»

មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះ បានឧទានឡើងថា៖ «នេះជាភាពអាម៉ាស់មួយ !»៕