ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ នឹង​ជា​ការ​សាកល្បង​កម្លាំង​ដ៏​សំខាន់

នយោបាយ​កម្ពុជា មាន​ភាព​តានតឹង​ដោយសារ​តែ​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ​មិន​ទាន់​អាច​រក​ច្រកចេញ​មួយ​ដែល​នឹង​សម្រាល​ស្ថានការណ៍​បាន​នៅឡើយ​។ ភាព​តានតឹង​ចង្អុលបង្ហាញ​អំពី​សារសំខាន់​នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​ពេល​ខាង​មុខ​។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ក្លាយជា​កម្លាំង​ប្រកួតប្រជែង​ដ៏​ពិតប្រាកដ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កាលពី​ឆ្នាំ​២០១៣ បង្ហាញ​ពី​កំណើន​ប្រជាប្រិយភាព​នៃ​គណបក្សប្រឆាំង​។

កំណើន​នៃ​អ្នកគាំទ្រ​នោះ​បាន​ធ្វើ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តោត​ក្តី​សង្ឃឹម​កាន់តែ​ច្រើន​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ឆ្នាំ​២០១៨ ខាង​មុខ ។ ប៉ុន្តែ​គណ​បក្ស​​ប្រជាជន​កម្ពុជា​ឯណោះ​វិញ ក៏​បាន​មើលឃើញ​ភាព​ចាំបាច់​នៃ​ការ​ប្រឹងប្រែង​ពី​ដើម​ទី​ទៅ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ដែរ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណ​បក្ស​ប្រជាជន​បាន​កំពុង​តែ​ធ្វើ​កំណែទម្រង់​ជា​ច្រើន ដើម្បី​ស្តារ​ប្រជាប្រិយភាព និង​ដើម្បី​ផលប្រយោជន៍​ប្រជាជន​។ ការ​ដំឡើង​ប្រាក់ខែ ការ​ធ្វើ​កំណែទម្រង់​សេវាកម្ម​សាធារណ​: និង​កិច្ចការ​អភិវឌ្ឍ​ជា​ច្រើន​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ដើម្បី​ស្តារ​ប្រជាប្រិយភាព​ឡើង​វិញ​។

គណបក្ស​ធំ​ៗ​ទាំង​ពីរ​សុទ្ធតែ​មើលឃើញ​អំពី​សារសំខាន់​ដ៏​សែន​ខ្លាំង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​។ ដូច្នេះ​ពួក​គេ​កំពុង​ប្រឹង​ចាប់តាំងពី​ពេល​នេះ​ទៅ ដើម្បី​ត្រៀម​សម្រាប់​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​នោះ និង​ដើម្បី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នា​ឆ្នាំ​២០១៧ ។

ដោយ​ត្រូវ​បាន​ធ្វើ​មុន​មួយ​ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ នោះ ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៧ នឹង​ក្លាយជា​តម្រុយ​សម្រាប់​ការ​យល់​ដឹង​អំពី​កម្លាំង​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នា​ឆ្នាំ​២០១៨​។

ដូច្នេះ​គណបក្ស​ទាំង​ពីរ​មិន​អាច​ប្រហែស​បាន​ឡើយ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។  លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ នឹង​អាច​ជា​តម្រុយ​មួយ​ប្រៀប​ធៀប​កម្លាំង​សម្រាប់​ពួក​គេ​ប៉ាន់ស្មាន​សម្រាប់​ការ​បោះ​ឆ្នោត​២០១៨៕