អស់បារម្មណ៍ ពេលចង់ចុចទូរស័ព្ទដៃ នៅសាធារណៈ (មានវីដេអូ)

តួកគី៖ តើអ្នកមានអារម្មណ៍ធុញទ្រាន់ណាស់មែនទេ នៅពេលប្រើប្រាស់ទូរស័ព្ទដៃនៅសាធារណៈ ស្រាប់តែមាន មនុស្សចម្លែកលួចសម្លឹងមើលមក កញ្ចក់ទូរស័ព្ទអ្នកនោះ? តែនាពេលនេះ លែងមានការភ័យព្រួយទៀតហើយ ដោយសារតែលោក Celal Göger បាននាំយកវ៉ែនតាដ៏ពិសេសមួយ ដែលអ្នកមិនចាំបាច់ព្រួយបារម្មណ៍ ថានឹងមាននរណាម្នាក់ សម្លឹងមើលទៀតនោះទេ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Celal Göger អាយុ ៤២ឆ្នាំ មានមុខរបរជាជាងជួសជុលទូរស័ព្ទដៃ នៅក្នុងទីក្រុងតូច Bismil នៃតួកគី ក្នុងខេត្ដ Diyarbakır បានមានគំនិតច្នៃប្រឌិតវ៉ែនតាថ្មី ដោយឲ្យវាផ្សារភ្ជាប់នឹង កញ្ចក់ទូរស័ព្ទដៃរបស់អ្នកពាក់នោះ។ លោក Celal Göger បាននិយាយឲ្យដឹងថា លោកចាប់ផ្ដើមមានគំនិតនេះ គឺ៤ខែមុន នៅពេលដែលលោកកំពុងតែឆែកមើលអ៊ីម៉ែល នៅក្នុងរថយន្ដក្រុងដែលរត់លើខ្សែដែក ហើយនាពេលនោះ គាត់ចាប់អារម្មណ៍ថា មានមនុស្សកំពុងតែសម្លឹងមើលកញ្ចក់ទូរស័ព្ទគាត់។ បែបនេះហើយ ទើបគាត់ចាប់ផ្ដើមរកវិធីដោះស្រាយ នៅពេលដែលត្រលប់មក ហាងជួសជុលទូរស័ព្ទវិញ។

ទន្ទឹមនេះនឹងនេះ លោក Celal Göger ដែលជាជាងជួសជុលទូរស័ព្ទតាំងពីឆ្នាំ ១៩៩៩ បានចាប់ផ្ដើមធ្វើជាមួយនឹងប្រព័ន្ធ ដែលឲ្យកញ្ចក់ទូរស័ព្ទដៃ, ថ្លាប្លេត ឬកុំព្យូទ័រផ្សេងៗទាំងអស់ គឺមានពណ៌សទាំងស្រុង សម្រាប់មនុស្សគ្រប់គ្នានៅពេលដែលសម្លឹងមើល ខណៈដែលមានតែម្ចាស់ទូរស័ព្ទ ដែលជាអ្នកពាក់វ៉ែនតាពិសេសប៉ុណ្ណោះ ដែលអាចមើលឃើញដំណើរការក្នុងទូរស័ព្ទដៃ ដូចជាពេលធម្មតា។

យ៉ាងណាមិញ ព័ត៌មានលំអិតទាក់ទងនឹងការច្នៃប្រឌិតថ្មីរបស់គាត់ គឺមិនបានរាយការណ៍ច្បាស់លាស់នោះទេ ខណៈដែលរឿងមួយនេះ នៅមិនទាន់ល្បីសុះសាយដល់ប៉ែកខាងលិចនោះដែរ ប៉ុន្ដែនេះបើតាមគេហទំព័រតួកគី បានឲ្យដឹងថា លោក Celal Göger បានដាក់បញ្ចូលកម្មវិធីក្នុងដុំឈីប (chip) ឲ្យដំណើរការពណ៌ស និងតម្លើងនៅក្នុងទូរស័ព្ទដៃ។ នៅក្នុងនោះ គាត់បានបញ្ចូលដុំឈីប (chip) ផ្សេងទៀត ដោយដាក់ចូលទៅក្នុងវ៉ែនតា និងឲ្យភ្ជាប់ទៅឈីប (chip) ទូរស័ព្ទដៃ តាមរយៈប្លូធូ។

លើសពីនេះបានឲ្យដឹងពីការច្នៃប្រឌិតថ្មីរបស់លោក Celal Göger ទៀតថា គឺវាតម្លៃតែ ១០ដុល្លារប៉ុណ្ណោះ ទាំងប្រព័ន្ធប្លូធូ ដែលអាចផ្លាស់ប្ដូរម៉ាស៊ីនឲ្យបិទ និងបើក។ នៅក្នុងនេះបានឲ្យដឹងទៀតថា ដំណើរការការពារបែបលក្ខណៈឯកជននេះ គឺអាចដំណើរការគ្រប់ប្រព័ន្ធអេឡិចត្រូនិច សូម្បីតែទូរទស្សន៍ ហើយគាត់បានសាកល្បងការច្នៃប្រឌិតថ្មីនេះ ដំបូងគេនៅហាងកាហ្វេ ដែលមានមនុស្សជាច្រើនសម្លឹងមើលគាត់ និងសួរគាត់ថា តើគាត់មិនអីទេ? ខណៈដែលគាត់កំពុងតែសម្លឹងមើល កញ្ចក់ផ្ទាំងពណ៌ស។ យ៉ាងណាមិញ រឿងរ៉ាវទាំងមូល បានផ្លាស់ប្ដូរ បន្ទាប់ពីគាត់ឲ្យអ្នកទាំងនោះ ពាក់វ៉ែនតាពិសេសរបស់គាត់។

នាពេលបច្ចុប្បន្ននេះ គាត់កំពុងតែសុំច្បាប់ធ្វើប៉ាតង់ទាក់ទងនឹង ការច្នៃប្រឌិតថ្មីរបស់គាត់ បន្ទាប់ពីគាត់ មានគម្រោងនឹងធ្វើឲ្យមានជម្រើសច្រើនជាងនេះ ក្នុងការផលិតវាឡើង៕

ប្រភពពី | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អស់បារម្មណ៍ ពេលចង់ចុចទូរស័ព្ទដៃ នៅសាធារណៈ (មានវីដេអូ)
រូបភាព វ៉ែនតាពិសេស

អស់បារម្មណ៍ ពេលចង់ចុចទូរស័ព្ទដៃ នៅសាធារណៈ (មានវីដេអូ)
រូបភាព លោក Celal Göger ក្នុងហាងជួសជុលទូរស័ព្ទដៃ

អស់បារម្មណ៍ ពេលចង់ចុចទូរស័ព្ទដៃ នៅសាធារណៈ (មានវីដេអូ)
រូបភាព លោក Celal Göger បង្ហាញពីការច្នៃប្រឌិតថ្មីរបស់គាត់