រស់ ម៉ូនីកា រក​ស៊ី​កាក់​កប បាន​តែ​ខាង​ក្រៅ

(ភ្នំពេញ)៖ ស្រីស្រស់សម្រស់ផូរផង់ និងជាតារាចម្រៀង កញ្ញា រស់ ម៉ូនីកា ត្រូវបានប្រភពព័ត៌មានបង្ហើបថា ចាប់តាំងពីនាងចូលប្រឡុក ក្នុងមជ្ឈដ្ឋានសិល្បៈមក ឃើញថា តារារូបនេះ ហាក់កាក់កបតែនឹងការរកស៊ីខាងក្រៅ ពោលគឺការចេញទៅសម្ដែង និងច្រៀងនៅឯក្រៅប្រទេស។ ចំណែកឯនៅក្នុងប្រទេសកំណើត​ របស់ខ្លួនវិញ នាងមិនសូវទទួលបានការងារច្រៀងច្រើន ដូចនៅបរទេសឡើយ។

ប្រភពបន្តថា ជាក់ស្ដែងថ្មីៗនេះ តារាចម្រៀងសំឡេងស្រួយ កញ្ញា រស់ ម៉ូនីកា បានចាកចេញទៅកាន់ ប្រទេសអូស្រ្តាលី ដើម្បីទៅច្រៀង និងសម្ដែង​រយៈពេល​ ប្រមាណ៥ សប្ដាហ៍ តាមរយៈសមាគមខ្មែរនៅទីនោះ ដោយមានតារាចម្រៀងខ្មែរ ចំនួន៤ដួងផ្សេងទៀត រួមដំណើរទៅជាមួយផងដែរ។

ម្ចាស់សាមីខ្លួនផ្ទាល់ កញ្ញា ​រស់ ម៉ូនីកា ​បានថ្លែងប្រាប់ Khmertalking ថា ជាការ​ពិតពេលនេះ នាងកំពុងតែសម្ដែង នៅក្នុងប្រទេសអូស្រ្តាលី​ប្រាកដមែន បន្ទាប់ពីនាងមកពីសម្ដែង​នៅអាមេរិកវិញ បានរយៈពេលប្រមាណជាង១ខែប៉ុណ្ណោះ ។ អ្វីដែលមិននឹកស្មានដល់ សម្រាប់នាងផ្ទាល់ក៏មិនដឹងដែរថា ហេតុអ្វីបានជាអ្នកនៅក្រៅប្រទេស ចូលចិត្តទាក់ទងនាង ឲ្យទៅច្រៀង​ឬសម្ដែង នៅបរទេសនោះឡើយ ព្រោះនៅក្នុងប្រទេសកម្ពុជា មានតារាចម្រៀងច្រើននាក់ណាស់ ហេតុអ្វីគេមើលមិនឃើញ?

រស់ ម៉ូនីកា និយាយថា «ចាសបង..! ខ្ញុំកំពុងសម្ដែងនៅអូស្រ្តាលី បន្ទាប់ពីខ្ញុំវិលមកពីអាមេរិកវិញ បានប្រហែលជាង១ខែ ហើយបើតាមគម្រោងអ្នកធានា អាចបន្តឲ្យខ្ញុំនឹងតារាចម្រៀង ដែលមកជាមួយគ្នា បន្តទៅច្រៀងនៅប្រទេស ញូវហ្សេឡែន ទៀត ប៉ុន្តែចាំមើលកម្មវិធីសិន ។ ខ្ញុំទទួលស្គាល់ថា មួយរយៈនេះខ្ញុំមានការមមាញឹក នឹងចេញសម្ដែងខាងក្រៅច្រើនមែន គឺចេញពីប្រទេសមួយទៅប្រទេសមួយ ហើយបើនិយាយពីចំណូល គឺកាក់កបដែរហ្នឹង..!»។

កញ្ញា រស់ ម៉ូនីកា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងមួយរូប ដែលមានការគាំទ្រច្រើនគួរសម ពីសំណាក់បងប្អូនទស្សនិកជនក្នុងប្រទេស ប៉ុន្តែបើនៅក្រៅប្រទេសវិញ ក៏ត្រូវបានបងប្អូនខ្មែរស្គាល់ច្រើនគួរសមដែរ ទើបកញ្ញា រស់ ម៉ូនីកា តែងតែមានឱកាសចេញទៅសម្ដែងជាញឹកញាប់ ៕

ប្រភព ៖
Khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload