បើក​ឆាក Euro 2016 យប់មិញ ម្ចាស់ផ្ទះ​រកបាន​3​ពិន្ទុ

បារាំង ៖ ក្រុម​ម្ចាស់ផ្ទះ​មាន់គក​បារាំង​ ទទួល​បាន​៣​ពិន្ទុ នៅ​ថ្ងៃ​បើក​ឆាក​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​ជើងឯក​ប្រចាំ​ទ្វីបអឺរ៉ុប UEFA Euro 2016 កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០១៦ (​ម៉ោង​កម្ពុជា​) បន្ទាប់​ពី​យកឈ្នះ​គូប្រជែង​រ៉ូ​ម៉ា​នី (Romania) ដោយ​លទ្ធ​ផល​បច្ចេកទេស​២-១ នេះ ក្នុង​ពូ​ល A ។

សារព័ត៌មាន BBC បាន​ផ្សាយ​ថា ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន Stade de France ស្ថិត​នៅ​ចំ​កណ្តាល​ទី​ក្រុង​ប៉ារីស​នោះ ម្ចាស់ World Cup 1998 បារាំង​មិន​អាច​ធ្វើ​អ្វី​រ៉ូ​ម៉ា​នី​បាន​ទេ ក្នុង​វគ្គ​ទី​១​រយៈពេល​៤៥​នាទី​ដំបូង ដោយ​អូស​បន្លាយ​រហូត​ដល់​នាទី​ទី​៥៧ ទើប​កីឡាករ​មក​ពី​ក្លឹ​ប Arsenal, Olivier Giroud រកបាន​១​គ្រាប់​នាំមុខ តែ​ត្រូវ​បាន​កីឡាករ​រ៉ូ​ម៉ា​នី Bogdan Stancu ទាត់​បាល់​ពិន័យ​តាម​ស្មើ​វិញ​នៅ៧​នាទី​បន្ទាប់ ​។

យ៉ាងណា​ក៏​ដោយ ទីលាន​កាន់តែ​មាន​កម្តៅ​ខ្លាំង​ឡើង នៅ​ពីមុខ​អ្នក​ទស្សនា​ថ្ងៃ​ដំបូង​ចំនួន ៧៥១១៣​នាក់ បាន​ធ្វើ​ឲ្យ​ក្រុម​បារាំង​សម្រុក​​បន្ថែម ព្រោះ​ចង់បាន​៣​ពិន្ទុ ដើម្បី​លួង​ចិត្ត​អ្នកគាំទ្រ និង​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូ​ល A បណ្តោះអាសន្ន​ផង​ដែរ ក្រោយ​ពេល​កីឡាករ​ខ្សែប្រយុទ្ធ​មក​ពី​ក្លឹ​ប West Ham United, Dimitri Payet នៅ​នាទី​ទី​៨៩ ចុង​ម៉ោង​ក្នុង​វគ្គ​ទី​២​។ ១​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​បន្ត​ទៀត គឺ​ក្រុម​ជម្រើសជាតិ​អាល់​បា​នី ប៉ះ​ក្រុម​ជម្រើសជាតិ​ស្វី​ស នា​ម៉ោង ៨៖០០​នាទី​រាត្រី នេះ ក្នុង​ពូ​ល A ដដែល ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​០២​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១១ មិថុនា ២០១៦ (​ម៉ោង​កម្ពុជា​) ព្រឹត្តិការណ៍​បាល់ទាត់​ពាន​រង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប UEFA Euro 2016 ​បាន​ផ្តើម​បើក​​​ប្រកួត ដោយ​ក្រុម​ម្ចាស់ផ្ទះ​បារាំង បើក​ឆាក​មុនគេ​ក្នុង​ពូ​ល A ដោយ​ត្រូវ​ប៉ះ​ក្រុម​រ៉ូ​ម៉ា​នី (Romania) ក្នុង​ពហុ​កីឡដ្ឋាន Stade de France ស្ថិត​ក្នុង​ទី​ក្រុងប៉ារីស​។

ការ​ប្រកួត​នេះ គឺ​ធ្វើ​ឡើង​ក្នុង​រយៈពេល ៤​ឆ្នាំ​ម្តងនេះ គឹ​នឹង​ធ្វើ​ឡើង ៣​ប្រកួត​ក្នុង​១ ថ្ងៃ គឺ​នៅ​ចន្លោះ​ម៉ោង ៨​យប់ ១១​យប់ និង​ម៉ោង ២​រំលង​អា​ធ្រា​ត្រ ម៉ោង​នៅ​កម្ពុជា​តែ​ម្តង​នៅ​ទូ​ទាំង​កីឡដ្ឋាន​ទាំង​១០ ក្នុង​ប្រទេស​បារាំង ដោយ​មាន​ទាំងអស់​៥១​ប្រកួត​ទាំង​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ចំណោម​២៤​ក្រុម​ចូលរួម ចែក​ចេញ​ជា ៦​ពូ​ល (A-F) ដោយ​ក្នុង​១​ពូ​ល មាន​៤ ក្រុម​ជម្រើសជាតិ​។