ឧបករណ៍​ថ្មី​មួយ​អាចធ្វើ​តេស្ត​មើល​កម្រិត​សុវត្ថិភាព​ទឹក​ក្នុង​រយៈពេល​ដ៏​ខ្លី​ និពន្ធដោយ : ថ្មីៗ       June-11-2016, 9:39 am         46

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឧបករណ៍​ថ្មី​មួយ​អាចធ្វើ​តេស្ត​មើល​កម្រិត​សុវត្ថិភាព​ទឹក​ក្នុង​រយៈពេល​ដ៏​ខ្លី​​ដោយ Jessica Berman
​វ៉ាស៊ីនតោន​៖ អង្គការសហប្រជាជាតិ​បាន​និយាយថា ប្រជាជន ៦៦៣ លាន​នាក់​មិនមាន​ទឹកស្អាត​និង​មាន​សុវត្ថិភាព​សម្រាប់​បរិភោគ​ទេ​។ ប្រជាជន ២.៤ ពាន់​លាន​នាក់​រស់នៅ​ដោយ​គ្មាន​អនាម័យ​គ្រប់គ្រាន់​ដែល​ធ្វើ​ឲ្យ​ទឹក​សម្រាប់​ប្រើប្រាស់​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាពកខ្វក់​ដោយ​លាមក​។ ដើម្បី​ធ្វើតេស្ត​មើល​គុណភាព​ទឹក មាន​ឧបករណ៍​ថ្មី​មួយ​ដែល​ប្រើពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ហើយ​អាច​បង្ហាញថា តើ​ទឹក​ដែល​យើង​មាន មាន​ផ្ទុក​ពពួក​មីក្រុប​សរីរាង្គ​ដែល​បង្ក​ជំងឺ​ឬទេ​។​

​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​របស់​អង្គការសហប្រជាជាតិ គឺ​ធ្វើយ៉ាងណា​ឲ្យ​មនុស្ស​ទាំងអស់​អាច​ប្រើប្រាស់​ទឹកស្អាត​និង​មានតម្លៃ​សមរម្យ​ក្នុង​ឆ្នាំ​២០៣០ ​។​

​ក្រុម​អ្នកជំនាញ​សង្ឃឹមថា វិធី​មួយ​ដែល​អាច​សម្រេច​ការងារ​នេះ​បាន គឺ​តាមរយៈ​បច្ចេកវិទ្យា​សាមញ្ញ​មួយ ហើយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Birmingham ក្នុងប្រទេស​អង់គ្លេស​បាន​បង្កើត​ឧបករណ៍​ពិសេស​មួយ​ដើម្បី​កំណត់​មើល ថា​តើ​ទឹក​ដែល​អ្នកមាន មាន​សុវត្ថិភាព​សម្រាប់​បរិភោគ​ដែរឬទេ ដោយ​ប្រើ​រយៈពេល​ប្រហែល​៣០​វិនាទី​ប៉ុណ្ណោះ​។​

ឧបករណ៍​ដែល​គេ​ឲ្យ​ឈ្មោះថា Duo Fluor អាច​កំណត់ថា​តើ​ទឹក​នោះ​មាន​ពោរពេញ​ទៅដោយ​សារធាតុសរីរាង្គ រុក្ខជាតិ​និង​សត្វ​ដែល​ពុកផុយ​រលួយ និង​បាក់តេរី រួមបញ្ចូល​ទាំង​ធាតុ​បង្ក​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​អាសន្នរោគ រាគ​មួល ឬថា​តើ​ទឹក​នោះ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ប្រើប្រាស់​ដែរឬទេ​។​

លោក John Bridgeman មេដឹកនាំ​ក្រុម​មួយ​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​វិស្វកម្ម​សំណង់​ស៊ីវិល បាន​និយាយថា ឧបករណ៍​នេះ អាច​ប្រើប្រាស់​បាន​នៅតាម​មាត់ទន្លេ​។​
«​វា​មិន​តម្រូវឱ្យមាន​សារធាតុ​គីមី​ឬ​សារធាតុ​ដែល​ធ្វើ​ឲ្យ​មានប្រតិកម្ម​ណាមួយ​ទេ ហើយ​វា​នឹង​បង្ហាញ​កម្រិត​គុណភាព​ទឹក​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ ដូច្នេះ វា​ជា​ឧបករណ៍​សម្រាប់​ពិនិត្យ​ទឹក​ជំហាន​ដំបូង​ដែល​អាច​ឲ្យ​អ្នកវាយតម្លៃ​ទឹក​លើ​ហានិភ័យ​នៃ​គុណភាព​របស់​វា ដ៏​មាន​ប្រសិទ្ធិភាព​»​។​

ឧបករណ៍ Duo Fluor បញ្ចេញ​ពន្លឺ​ហ្វ្រេ​កង់​ខ្ពស់​ចូលទៅក្នុង​សំណាក​ទឹក (​ទឹក​ដែល​យកមក​ធ្វើតេស្ត​)​។ ប្រសិនបើ​មាន​វត្តមាន​មេ​ក្រុប​នៅក្នុង​ទឹក​នោះ ពួកវា​ស្រូបយក​សមាសភាគ​ល្អិតៗ និង​បញ្ចេញ​ពន្លឺ​ខ្សោយ​ត្រឡប់មកវិញ​។ ឧបករណ៍​ភ្លើង LED អុ​ប​ទិ​ក​ដ៏​ស្តើង​នេះ អាច​រកឃើញ​ការបញ្ចេញ​ប្រតិកម្ម​នៃ​បាក់តេរី ដែល​បន្ទាប់មក​ត្រូវបាន​វិភាគ​ដោយ​កុំព្យូទ័រ​។​

លោក Bridgeman បាន​និយាយថា វិធីសាស្ត្រ​នេះ មានប្រតិកម្ម​យ៉ាង​ឆាប់រហ័ស​ទៅលើ​បញ្ហា​ទាក់ទង​នឹង​លាមក ហើយ​លទ្ធផល​នឹង​ចេញ​ភ្លាមៗ បើ​ប្រៀបធៀប​ទៅនឹង​ពេលវេលា ១២​ម៉ោង ដែល​គេ​ត្រូវការ​ប​ច្ច​ប្បន្ន​នេះ ដើម្បី​វិភាគ​លើទឹក​សម្រាប់​ទទួលទាន​។​

«​មកដល់​ចំណុច​នេះ ការវិភាគ​ភាគច្រើន​ត្រូវបាន​ធ្វើឡើង​នៅក្នុង​បន្ទប់ពិសោធន៍​ដោយ​ប្រើ​ឧបករណ៍​ស្រាវជ្រាវ​ដែលមាន​គុណភាព​ខ្ពស់ និង​មានតម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​។ តែ​អ្វីដែល​យើង​បានធ្វើ គឺ​បង្កើតឡើង​នូវ​ឧបករណ៍​មួយ​ដែល​តូច​ជាង ក្រដាស​ស្តង់ដា​មួយ​សន្លឹក​»​។​

លោក Bridgeman ជឿជាក់ថា Duo Fluor នឹងមាន​ប្រយោជន៍​ដ៏​ពិសេស នៅ​តំបន់​ដែលមាន​គ្រោះមហន្តរាយធម្មជាតិ និង​នៅ​ជំរំ​ជនភៀសខ្លួន​។​
​ទីភ្នាក់ងារ​ផ្តល់ជំនួយ​អន្ដរជាតិ គឺ​អង្គការ Oxfam កំពុង​សហការ​ណ៍​ជាមួយ​ក្រុម​របស់លោក Bridgeman ដើម្បី​ជួយ​ផ្សព្វផ្សាយ និង​ចុងក្រោយ​ចែកចាយ​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​ទឹក​នេះ​៕

ប្រែ​សម្រួល​ដោយ ឆាយ គីម​ហ៊​ង​