​ជ្រើស​រើស​​លក្ខណៈ​​សម្បត្តិ​បេក្ខជន​ប្រឡង​​ចូល​មន្ត្រី​ប៉េអឹម​

ខេត្ត​មណ្ឌលគិរី ៖ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ២០១៦ មាន​​រៀបចំ​ពិធី​ត្រួតពិនិត្យ​លក្ខណៈ​សម្បត្តិ​របស់​បេក្ខជន ​ដែល​ត្រូវចូល​​ប្រឡង​ក្នុង​ជំហាន​ទី​២ ក្រោម​អធិបតីភាព​លោក​​ឧត្តម​សេនី​យ៍​​ត្រី សាក់ សា​រាំង មេ​បញ្ជាការ​អាវុធហត្ថ​ខេត្ត មេបញ្ជាការ​ង ព្រមទាំង​បេក្ខជន​ប្រឡង​ចំនួន​២២​រូប ​។

ថ្លែង​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ដល់​បេក្ខជន​ ដែល​ប្រឡង​ចូល​ក្រម​ខណ្ឌ​កងរាជអាវុធហត្ថ លោក​ឧត្តម​សេនី​យ៍​ត្រី សាក់ សា​រាំង បាន​​មាន​ប្រសា​ស​ន៍​ថា ថ្ងៃនេះ​ បេក្ខជន​ទាំងអស់​ មុន​នឹង​បាន​ក្លាយជា​មន្ត្រី​កងរាជអាវុធហត្ថ គឺ​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សំណុំ​ឯកសារ​បែបបទ វាស់កម្ពស់ ថ្លឹង​ទម្ងន់ ប្រឡង​សមត្ថភាព​ចំណេះដឹង​លើ​វិញ្ញាសា សរសេរ​តាម​អាន ប្រឡង​កាយ​សម្បទាន​លើ​វិញ្ញាសា​កីឡារត់​ចម្ងាយ ពួយ​អា​វ៉ង់ អាប់​ដូ​មី​ណូ និង​ត្រួតពិនិត្យធ្វើ​តេស្ត​​ឈាម​ទឹក​ម៉ូត​ ។

លោក​បាន​ផ្តាំផ្ញើ​ដល់​បេក្ខជន​ទាំង​អស់ ដែល​មានឈ្មោះ​ចូលរួម​ប្រឡង​ចូល​ក្រម​ខណ្ឌ​កងរាជអាវុធហត្ថ​ថា អាវុធហត្ថ​ដែល​មាន​សមត្ថ​ភាព អាច​បម្រើ​ជាតិ​មាតុភូមិ និងប្រជាជន​បាន ​លុះត្រា​តែ​​មាន​កាយ​សម្បទាន​គ្រប់គ្រាន់ ចំណេះដឹង​ជ្រៅជ្រះ​ និង​​មានចិត្ត​អំណត់​​តស៊ូ​ ។​ ​