​ពុទ្ធោ! សំណាងខ្លាំង​ណាស់ ដែល​កូន​​ស្រីខ្ញុំ​​មិន​អី

ខេត្ត​កំពង់ស្ពឺ ៖ ​​ជន​សង្ស័យ​មួយ​ក្រុម ​ធ្វើ​សកម្ម​ភាព​​​ចូល​​ទិញ​​ទឹក​​សុ​ទ្ធ​​នៅផ្ទះ​​លក់​ចាប់ហួយ​មួយ​កន្លែង​ ​ហើយ​​បាន​​បន្លំ​យក​លុយ​ និង​មាស​​ឣ​ស់​មួយ​ចំនួនរួច​​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ បន្ទាប់​ពី​ស្ត្រី​​ជាម្ចាស់​បាន​ជាប់​​រវល់​​បោក​ខោ​អាវ​ ​។ ករណីនេះ ត្រូវគេ​រិះគន់ថា  ​មិ​ន​​បាន​​រំខាន​ដល់​​សមត្ថកិច្ច​បន្តិច​ឡើយ​ មិនតែប៉ុណ្ណោះ​​​បាន​​ព្យាយាម​លាក់បាំង​​ព័ត៌​មាន​​ទៀត​ ។​

ហេតុ​ការណ៍​នេះ​កើត​ឡើង កាលពី​​វេលា​ម៉ោង០​៩ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ ២០១៦ ស្ថិត​​នៅ​​​ក្នុងភូមិ​រំលេច​ ឃុំ​រលាំងគ្រើល​ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ ។ ម្ចាស់ផ្ទះ​​​ឈ្មោះ​ចែ​ម ​ស្រី​ស្រស់​ អា​យុ​២៦​ឆ្នាំ​ ​មាន​​ប្តី​ឈ្មោះ​អ៊ុំ សា​រិ​ន ជា​អ្នក​លក់​ឥ​វ៉ា​ន់​ចាប់ហួយ​ និង​ភេសជ្ជៈ​ និង​កូនស្រីអា​យុ​៦​ឆ្នាំ​ ។

បើ​តាម​​​ការ​រៀបរ​ប់​​ពី​​ស្ត្រី​ជា​ម្ចាស់ផ្ទះ​​ឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​​ ​គាត់​រវល់​​បោក​ខោអាវ​​នៅ​ខាងក្រោយ​ផ្ទះ​ ខណៈ​នោះ​​ប្តី​គាត់​ចេញ​ទៅ​ធ្វើការ​នៅខាងក្រៅ​ ដោយ​ទុកឱ្យ​​​​កូនស្រី​​នៅ​ចាំ​លក់ដូរ​​នៅ​​ខាង​មុខ​ផ្ទះ ​។​ គាត់មិន​ដឹងថា ​មាន​ក្រុម​ចោរ​​ចូល​មក​បន្លំ​យក​លុយ ​និង​មាស​​​គាត់​ឡើយ ​ទើបតែ​ពួក​វា​ទៅ​បាត់ ​ទើប​កូនស្រី​រត់​មក​ប្រាប់​ថា​ មាន​មនុស្ស​មក​គំរាម​សម្លាប់​ ​ហើយ​យក​កាបូប​លុយ​ទៅ​បាត់​ហើយ​ ។

ក្រោយ​ពី​ដឹង​​ហើយ​ គាត់​បាន​​រាយការណ៍ទៅ​សមត្ថកិច្ច​ដែរ ​តែ​ហាក់បីដូចជា​មិន​ទទួល​បានការ​ជួយស្វះស្វែង​អន្តរាគមន៍​​ឡើយ ពី សំណាក់​សមត្ថកិច្ច​មូលដ្ឋាន​ ។

​រី​ឯ​ក្មេង​ស្រី​​ដែល​ជា​ឣ្ន​ក​​នៅ​ក្នុង​ហេតុការណ៍​ក៏​បាន​​រៀបរាប់​​ថា ​​មាន​​ជន​២​នាក់​​ជិះ​ម៉ូតូ​សេ​១២៥​ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ បាន​ចូល​មក​រក​ទិញ​ទិ​ក​សុ​ទ្ធ​២​ដប ​តែ​ពួកគេ​ឱ្យ​​លុយ​តែ​៥០០​រៀល​​ប៉ុណ្ណោះ​ ។ ពេល​នោះ​ជនម្នាក់​បាន​គំរាម​នាង​ថា​ «កុំ​ស្រែក ​បើ​ស្រែក ​គេ​នឹង​​សម្លាប់​ចោល​ហើយ» ​ក៏​ចូល​យក​កាបូប​លុយ​ម្តាយ​នាង ​ហើយ​គេចខ្លួន​បាត់​ទៅ​ ។

បុរស​​ជា​ប្តី​ក៏បាន​​ឱ្យ​​ដឹងដែរ​​ថា ​ករណី​នេះ​លោក​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ឣ្វី​​​ទេ ​ព្រោះ​ខ្លាច​ឣ​ស់លុយ​មួយ​ជាន់​ទៀត​ ។ លោក​ថា
​ឣ​ស់ប៉ុ​ណ្នឹ​ង​ ក៏​ឣ​ស់​ទៅ​ ​ឱ្យ​​តែ​ជីវិត​កូន-​ប្រ​ព​ន្ធ​​របស់​លោក​ មិន​មាន​​បញ្ហា​ឣ្វី​ទៅ​បាន​ហើយ​ ។ ព្រោះ​បើ​ប្តឹង​ ក៏​មិន​ប្រាកដ​ថា​ នឹង​បាន​មក​​វិញ​ដែរ ​។

គួរបញ្ជាក់ថា លុយ​​ដែលត្រូវ​​ក្រុម​ចោរ​យក​ទៅ​មាន​​ចំនួន​៦០.​០០០០​រៀល, ​លុយ​ដុល្លារ​៣០៣​ដុល្លារ ព្រមទាំង​មាស​២​ជី​ ដែល​លុយ​និង​មាស​នេះ ​លោក​និង​ប្រ​ព​ន្ធ ​ត្រៀម​ទុក​ធ្វើ​របង​ការពារ​ផ្ទះ ​តែ​មិន​ទាន់​បាន​ធ្វើ​ផង ​លោក​ចោរ​យក​ទៅ​បាត់​អស់រលីង ​។

​ករណី​នេះ​ ឣ​ស់លោក​សមត្ថកិច្ច ​ហាក់បីដូចជា​លាក់លៀម​ព័ត៌​មាន​​នេះ​ទៀត​ ​​ចង់​​ឱ្យ​​បែកធ្លាយ​ចេញ​ក្រៅទេ ដោយ​ម្នាក់​ៗ​បាន​ឆ្លើយ​ថា​ មិន​មាន​ករណី​នេះ​កើតឡើង​ទេ​ ។ មជ្ឈ​ដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា បើ​កើត​មាន​ករណី​បែប​នេះ​ហើយ ​បែរជា​ឣ​ស់លោក​សមត្ថកិច្ច​ហាក់​មានចិត្ត​ចង់​បិទ​បាំង​រឿង​​ មិន​ចង់​ឱ្យ​​ថ្នាក់លើ​ដឹង​បែប​នេះ​ តើ​​ឱ្យ​​ប្រជាពលរដ្ឋ​សង្ឃឹម​ឣ្វី? ​​